(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចក្នុងនាមជាប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ បង្កើនការធ្វើអនាម័យជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺរាតត្បាត COVID-19 ទោះបីជាកម្ពុជា មានអ្នកឆ្លងកម្រិតតិចតួចពិតមែន តែមិនគួរប្រធ្វេសប្រហែសឡើយត្រូវបន្តប្រុងប្រយ័ត្នបន្តទៀតទើបប្រសើរ។

ការអំពាវនាវបែបនេះរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រី អញ្ជើញជាអធិបតី ក្នុងពីធីជួបសំណេះសំណាលចែកអំណោយមនុស្សធម៌ ដល់ជនងាយរងគ្រោះចំនួន ៥៤គ្រួសារ នៅឃុំសង្កែ ក្នុងស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំង ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចទាំងទ្វេរតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ក្នុងនាមជាប្រធានកិត្តិយសសាខាកាកបាតក្រហមសាខាស្វាយរៀង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា អំណោយសប្បុរសធម៌នាថ្ងៃនេះ ក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ក្នុងឱកាសនេះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួន និងធ្វើអនាម័យជាប្រចាំ ក្នុងការទប់ស្កាត់ពីជំងឺរលាកសួតប្រភេទថ្មី កូវីដ ១៩ ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃ ជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវពាក់ម៉ាស់នៅពេលទៅណាមកណា ដើម្បីការពារ ពីការឆ្លងនៃជំងឺកូវីដ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើពិភពលោកផងដែរ។ បើមានបងប្អូនដែលទើប ចំណាកស្រុកត្រូវរាយការណ៍ជូនអាជ្ញាធរដែនដីឱ្យបានដឹង ចំពោះបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេសដែល ត្រូវរស់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ ប្រសិនបើមានអារៈដូចជា៖ ក្តៅខ្លួន ហត់ពិបាកដកដង្ហើម ក្អក ឈឺក្បាលសូមប្រញាប់ទៅជួបគ្រូពេទ្យ ដែលនៅជិតបំផុតដើម្បីធ្វើការពិនិត្យបន្ទាន់។

អំណោយចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥៤គ្រួសារនាពេលនេះរួមមាន ក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, សាប៊ូ ២ដុំ, ក្រម៉ា ១ និងថវិកា ៤០,០០០រៀល៕