(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារបន្តចុះសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានាការការពារ ទប់ស្កាត់ និងបង្ការវីរុស COVID-19 ដល់ខ្នងផ្ទះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិទន្លេវល្លិ៍ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្នុងឱកាសនេះដែរ លោកក៏បានឧបត្ថម្ភដោយស្បៀងអាហារមួយចំនួន ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីជួយធ្វើការដោះស្រាយជីវភាព របស់ពួកគាត់បានមួយរយៈបន្ទាប់ពីរងនូវផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងការផ្ទុះឡើងនូវជំងឺកូវីដ១៩នេះ។

លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយ អំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកអភិបាលស្រុក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលមកពីក្រៅប្រទេសបានសម្រេចចិត្តដាក់ខ្លួននៅដោយឡែកពីគេ ហើយត្រូវសម្អាត និង រក្សាអនាម័យជាប្រចាំ តាមការណែនាំរបស់ ក្រុមការងារថ្នាក់ភូមិឃុំស្រុក និងក្រសួងសុខាភិបាល ដោយលាងដៃ ជាមួយនឹងសាប៊ូ ឱ្យបានញឹកញាប់ អាល់កុល និងជែលលាងដៃ មុនពេល និងក្រោយពេលចាប់កាន់របស់ផ្សេងៗ ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារ ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។

លោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុវត្ថិភាពសុខ ភាពផ្ទាល់ខ្លួនផង ដើម្បីសុវត្ថិភាពសុខភាព សម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជាមួយក្នុងការចុះផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដោយរស់នៅមិនមានការប្រមូលផ្ដុំគ្នានៅឡើយ។ ក្នុងនោះ អាជ្ញាធរស្រុកបានជំរុញឱ្យមាតាបិតា បង្រៀនកូននៅតាមផ្ទះជាពិសេសក្រសួងអប់រំ បានដាក់ចេញនូវការបង្រៀនតាម online ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២៕