(កំពង់ស្ពឺ)៖ មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ខ្លួនអំពីដែនសមត្ថកិច្ច ហើយមន្ត្រីគួរត្រូវធ្វើ និងអ្វីមិនគួរធ្វើ ដើម្បីចៀសវាងបង្ក ឬផលលំបាកដល់រដ្ឋបាលខេត្ត ដែលបង្កឡើងពីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់មុខមាត់របស់រដ្ឋបាលខេត្តកំពង់ស្ពឺទាំងមូល ពិសេសលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខប្រកបដោយគតិ ណ្ឌិត និងឈ្លៀសវៃ។ នេះជាការលើកឡើងរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅមុខតំណាងមន្ទីបរិស្ថាន សុរិយោដី ធនធានទឹក កសិកម្ម វប្បធម៌ និងមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ តំណាងស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ។

លោកអភិបាលខេត្ត បានបន្ថែមថា «មន្ទីរបរិស្ថាន ត្រូវពិនិត្យមើលមន្ត្រីអភិរក្សទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវពិនិត្យមើលការដឹកជញ្ជូនអនុផលព្រៃឈើ តើកើតមានបទល្មើស នៅក្នុងដែនជម្រក ដែលខ្លួនកំពុងគ្រប់គ្រង ឬឆ្លងកាត់ពីខេត្តនានា ដែលជាប់ព្រំប្រទល់ខេត្តរបស់យើង?។ កុំឲ្យលេចឮការរិះគន់ពីមហាជនអំពីការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ដែលបណ្ដាលឲ្យខូចផ្លូវ ហើយធ្វើឲ្យមានមតិពលរដ្ឋរិះគន់ដល់រដ្ឋបាលខេត្តទាំងមូល»

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ហើយតាមមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំអនុវត្តការងារ និងដាស់តឿនក្រើនរំលឹកចំពោះមន្ត្រីក្រោមឱវាទរាល់ថ្ងៃ និងត្រូវអនុវត្តការងារដែលបានដាក់ ជូនឲ្យខានតែបាន។ ត្រង់នេះលោកបញ្ជាក់ថា ក្នុងនាមលោកមិនចង់ឮពាក្យថា ដោះដូរថ្នាក់ដឹកនាំណា ឬមន្ត្រីណា ដោយបង្ខំ ដោយឲ្យបញ្ចប់តួនាទី មុនពេលកំណត់នោះឡើយ។

សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍សង្ខេបអំពីវឌ្ឍនភាព នៃការចុះបញ្ជីដីរដ្ឋ នៅក្នុងខេត្តកំពង់ស្ពឺ ដោយខេត្តមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមានចំនួន ២៧ក្រុមហ៊ុន ស្មើនឹង ២៩ទីតាំង ក្នុងនោះមានក្រុមហ៊ុនដែលបានចុះបញ្ជីរួច, ក្រុមហ៊ុនដែលរដ្ឋបានដកហូត និងក្រុមហ៊ុនដែលមិនទាន់បានចុះបញ្ជី ស្ថិតនៅក្នុងអាណត្តិកាន់កាប់របស់ក្រសួងកសិកម្ម មានចំនួន ២០ក្រុមហ៊ុន នឹងស្មើនឹង ២១ទីតាំង ស្ថិតនៅក្នុងអាណត្តិកាន់កាប់របស់ក្រសួងបរិស្ថានមានចំនួន ៧ក្រុមហ៊ុនស្មើនឹង ៨ទីតាំង៕