(ព្រះវិហារ)៖ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារចំនួន ៤៣៤នាក់ ត្រូវបានបំពាក់ឋានន្តរស័ក្កិ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីលោកស្នងការរង និងមន្ត្រីនគរបាលជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានចូលរួមអបអរសារទរចំពោះមន្ត្រីនគរបាលជាតិទាំង ៤៣៤នាក់ ដែលបានទទួលនូវការបំពាក់ឋានន្តរស័ក្កិ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ហើយនេះក៏ជាការតបស្នងសងគុណចំពោះគុណបំណាច់ដែលមន្ត្រីនគរបាលជាតិយើង បានលះបង់គ្រប់បែបយ៉ាង ក្នុងការបំពេញភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានណែនាំដល់មន្ត្រីនគរបាលទាំងអស់មិនថា អ្នកដែលទើបតែងតាំងថ្មី ឬក៏មន្ត្រីចាស់នោះទេ ត្រូវខិតខំបំពេញការងារជាបន្តទៀត និងសូមកុំយកតួនាទី ភារកិច្ច និងបុណ្យស័ក្តិ ដែលទើបទទួលបានថ្មីនេះ ទៅគម្រាមកំហែងលើអ្នកទន់ខ្សោយឲ្យសោះ ត្រូវតែអនុវត្តតួនាទី ភារកិច្ចឲ្យត្រឹមត្រូវទៅតាមច្បាប់ និងបទបញ្ជា ហើយបើអនុវត្តផ្ទុយពីច្បាប់ និងបទបញ្ជាថ្នាក់លើ នឹងត្រូវទទួលការដាក់វិន័យ ទៅតាមទោសកំហុសដែលបានប្រព្រឹត្តដោយចៀសមិនរួចឡើយ។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ក្រោយទទួលបានមុខតំណែង និងបុណ្យស័ក្តិថ្មីនេះ សូមកុំយកទៅប្រព្រឹត្តអំពើល្មើសច្បាប់ ប្រព្រឹត្តខុសនឹងបទបញ្ជា និងការណែនាំរបស់ថ្នាក់ដឹក នាំនោះ សូមរួមគ្នាអនុវត្តភារកិច្ចអោយបានឆាប់ លឿន សម្រាប់ជូនអង្គភាព ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់ផងដែរ។

លោកស្នងការបានបន្តថា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយចាប់ពីថ្ងៃទី១ ខែឧសភា ខាងមុខនេះ គឺជាថ្ងៃដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមគោរពឲ្យបានត្រឹមត្រូវទាំងអស់គ្នា។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានដាក់ចេញនូវបទបញ្ជាចំពោះមន្ត្រីនគរបាលជាតិ នៅក្នុងខេត្តព្រះវិហារ ពាក់ព័ន្ធទៅលើការប្រើប្រាស់មធ្យោបាយ ផ្លាកលេខមិនប្រក្រតី ឬមិនគ្រប់លក្ខណៈ ទាំងផ្លាកលេខស៊ីវិល «ប្រជាជន» ផ្លាកលេខរដ្ឋ និងនគរបាលជាតិ ជាពិសេស បើដឹងថា ផ្លាកលេខនោះមិនប្រក្រតី ត្រូវដោះចេញជាបន្ទាន់ ហើយអ្នកអនុវត្តមុនគេ គឺមន្ត្រីនគរបាល នៅក្នុងខេត្តព្រះវិហារនេះតែម្តង។

លោកស្នងការ ក៏បានថ្លែងនូវការដាក់ចេញ វិធានការនានាជាច្រើនទៀត ដល់មន្ត្រីនគរបាលខេត្ត សម្រាប់យកទៅអនុវត្ត ដូចជា ត្រូវផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋ ត្រូវមានវិធានការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្តរាល់គ្រប់ផែនទាំងអស់ ត្រូវបង្ក្រាបរាល់បទល្មើសដែលខុសច្បាប់ រួមមានល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើងឲ្យខាងតែបាន និងទាន់ពេលវេលាដោយមិនមានការលើកលែងនោះទេ៕