(កំពង់ឆ្នាំង)៖ តាមរឿងព្រេងនិទានរបស់ខ្មែរ បូកផ្សំជាមួយនិងភ័ស្តុតាងដែលមានដើមស្វាយ និងដើមពោធិ៍ បានបន្សស់ទុកជាតឹកតាងដល់សព្វថ្ងៃ ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានជំនឿគោរពបូជា បានបញ្ជាក់យ៉ាងច្បាស់ថា «ព្រះគោ ព្រះកែវ» ពិតជាបានចាប់កំណើតនៅក្នុងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពិតប្រាកដមែន។

ក្នុងនោះដែរ និសិត្សវិទ្យាស្ថានជាតិគ្រប់គ្រងផ្នែកទេសចរណ៍ នៅក្នុងអំឡុងឆ្នាំ២០០១ ក៏បានចារឹកអក្សរលើផ្ទាំងថ្មមួយផ្ទាំងនៅកន្លែងទីកំណើត «ព្រះគោ ព្រះកែវ» ដោយបានទទួលស្គាល់ថា ដើមស្វាយ១ដើម នៅចំណុចដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ឃុំលង្វែកកំពុងគោរពបូជា ពិតជាកន្លែងទីកំណើតរបស់ «ព្រះគោ ព្រះកែវ» ពិតមែន។

ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង លោក សាយ សន្យា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោកយាយ កែវ សារុំ អាយុ៧៨ឆ្នាំ ជាចាស់ព្រឹទ្ធាចារ្យរស់នៅភូមិស្រះចក ឃុំលង្វែក ដែលបានដឹងពីប្រវត្តិរឿង «ព្រះគោ ព្រះកែវ» ពីឪពុកម្តាយ និងចាស់ៗតៗគ្នានៅក្នុងភូមិ បានឲ្យដឹងថា ម្តាយ «ព្រះគោ ព្រះកែវ» ឈ្មោះ នាង មាលា មានប្តីជាកសិករ។ យប់មួយមាលា យល់សប្តិឃើញតាចាស់ស្លៀកសពាក់សម្នាក់ បានមករកនាង ហើយបានឲ្យជញ្ជៀនត្បូង ៣វង់ មកនាងពាក់ និងបាននិយាយថា ជញ្ជៀននេះជារបស់ចៅហើយ លុះព្រឹកឡើងនាងក៏បានប្រាប់ប្ដីពីរឿងយល់សប្តិរបស់នាង។ បន្ទាប់មក ប្ដីរបស់នាង បានទៅរកគ្រូទាយឱ្យជួយកាត់យល់សប្តិរបស់ប្រពន្ធគាត់ គ្រូទាយបានទាយប្រាប់គាត់ថា ប្រពន្ធរបស់គាត់ និងមានផ្ទៃពោះដែលជាអ្នកមានបុណ្យ មកចាប់កំណើតរហូត៣នាក់ តែត្រូវប្រយ័ត្នប្រពន្ធរបស់ចៅនឹងមានគ្រោះដោយសារផ្លែស្វាយ។

មួយរយៈក្រោយមក មាលា ក៏មានផ្ទៃពោះដូចការទាយរបស់គ្រូទាយនោះពិតមែន កំឡុងពេលមាលាកំពុងមានផ្ទៃពោះ ខណៈពេលដែលនាងកំពុងដើរបេះបន្លែយកមកធ្វើម្ហូប ក៏ស្រាប់តែនាង បានប្រទះឃើញដើមស្វាយមួយដើម ដែលមានផ្លែមួយធ្លាក់យោកមកក្រោម ធ្វើឲ្យនាងដែលកំពុងមានផ្ទៃពោះស្រក់ទឹកមាត់ឃ្លានដោយទ្រាំមិនបាន នាងក៏បានទៅហៅប្ដីរបស់នាង ឱ្យមកជួយឡើងបេះផ្លែស្វាយយកមកឱ្យនាងហូប។

ពេលនាងនាំប្ដីមកដល់កន្លែងដើមស្វាយ ប្ដីរបស់នាងក៏នឹកឃើញសម្ដីគ្រូទាយ ដែលបានទាយថា ប្រពន្ធរបស់ខ្លួននឹងមានគ្រោះដោយសារផ្លែស្វាយ។ ភ្លាមនោះ ប្ដីរបស់នាងមាលា ក៏បានរកលេះនិយាយជាមួយប្រពន្ធខ្លួនថា បងឈឺជើងមិនអាចឡើងបេះផ្លែស្វាយនោះមកឲ្យអូនហូបបានទេ ពេលឮសម្ដីប្ដីនិយាយបែបនេះ នាងមាលាក៏មានចិត្តខឹងប្ដីថា មិនព្រមឡើងបេះផ្លែស្វាយឱ្យនាងហូប។

ដោយទ្រាំមិនបាន ប្ដីមាលាក៏ប្រាប់ទៅប្រពន្ធថា អញ្ចឹងអូនចាំនៅក្រោមដើមស្វាយនឹងសិនហើយ បងទៅរកទំពក់មកបេះផ្លែស្វាយឱ្យអូនហូប។ នាងមាលាក៏អង្គុយចាំប្ដីនៅក្រោមដើមស្វាយ ហើយចេះតែរអ៊ូតិចៗថា ហេតុអ្វីប្ដីរបស់ខ្ញុំគាត់ទៅយូរម៉្លេះ នាងអង្គុយគិតបណ្ដើរងាកមើលឆ្វេងស្ដាំបណ្តើរ ក៏ស្រាប់តែនាងបានឃើញបង្អោងមួយនៅក្បែរនោះ ដោយចាំប្ដីយូរពេក នាងក៏ដាច់ចិត្តយកបង្អោងនោះមកដាក់ រួចបានឡើងដើមស្វាយនោះទៅ។

ខណៈនាងកំពុងឈោងដៃបេះផ្លែស្វាយ ក៏ស្រាប់តែរបូតដៃធ្លាក់ ចុះមកដីបណ្តាលឲ្យបែកពោះស្លាប់ ពេលដែលនាងមាលាធ្លាក់មកដីស្លាប់ កូនគោមួយក្បាលក៏បានចេញពីក្នុងពោះរបស់នាងមកក្រៅ ហើយរត់ទៅផ្ទះរបស់នាងមាលា ដេកចាំឪពុក (ប្តីរបស់មាលា) ។

ដោយឡែកប្តីរបស់មាលា ដោយនឹកស្មានថា ប្រពន្ធរបស់ខ្លួនត្រឡប់មកផ្ទះវិញហើយ ព្រោះខ្លួនបានប្រើល្បិចថា ខ្លួននឹងទៅរកទំពក់មកបេះផ្លែស្វាយឱ្យប្រពន្ធហូប តែតាមការ ពិតខ្លួនគេចមិនព្រម បេះផ្លែស្វាយឱ្យប្រពន្ធហូបនោះទេ ព្រោះខ្លាចដូចការទាយរបស់គ្រូទាយ ហើយបានគិតក្នុងចិត្តថា បើមាលាមិនឃើញខ្លួនទៅវិញនោះ នាងនឹងបាត់ឃ្លានហើយប្រាកដជាត្រឡប់ទៅផ្ទះវិញ ជាមិនខានឡើយ។

ពេលមកដល់ផ្ទះ ប្ដីរបស់មាលាក៏បានឃើញ កូនគោមួយក្បាលដែលកំពុងដេកនៅពីមុខផ្ទះរបស់ខ្លួន ខ្លួនក៏ចូលទៅឱបនិងសរសើរថា កូនគោអ្នកណាអីក៏ស្អាតម្ល៉េះ ភ្លាមនោះកូនគោក៏បានរត់ឆ្ពោះ​ ទៅដើមស្វាយដែលមាលាធ្លាក់ស្លាប់ ហើយប្ដីរបស់មាលាក៏រត់តាមកូនគោនោះ រហូតដល់ដើមស្វាយ ក៏បានឃើញប្រពន្ធរបស់ខ្លួន ដេកស្លាប់ក្បែរផ្លែស្វាយ បន្ទាប់មកប្ដីមាលាក៏រត់ទៅត្រកងប្រពន្ធ ហើយនិយាយថា បងខុសហើយ បងខំការពារអូនមិនឲ្យប៉ះពាល់ផ្លែស្វាយ តែទីបំផុតអូនត្រូវស្លាប់ដោយសារផ្លែស្វាយពិតមែន។

បន្ទាប់មក កូនគោនោះក៏បាននិយាយ ទៅប្រាប់ឪពុកថា ពុកឆាប់ជួយប្អូនកែវផងប្អូនកែវនៅក្នុងពោះម៉ែមាលា ឆាប់ឡើងទៅពុក បើពុកមិនឆាប់ជួយប្អូនទេ ប្អូននឹងស្លាប់ឥលូវហើយ ពេលលឺកូនគោប្រាប់ដូច្នេះ ប្តីរបស់មាលា ក៏សុំទោសប្រពន្ធរួច បានទាញយកកាំបិតមកវះពោះប្រពន្ធ ដើម្បីជួយកូនម្នាក់ទៀត ពេលដែលវះពោះប្រពន្ធយកកូនបានហើយ ប្ដីរបស់មាលាក៏យកកូនទាំងពីរទៅផ្ទះ ហើយបានផ្តាំកូនគោថា កូនគោ កូនជួយមើលប្អូនផងពុកទៅបញ្ចុះសពម្ដាយកូន ផ្តាំរួចប្ដីមាលាក៏ចេញទៅដោយគិតថា ប្រពន្ធខ្លួនស្លាប់ព្រោះផ្លែស្វាយ ក៏សម្រេចចិត្តបញ្ចុះសពប្រពន្ធនៅក្រោមដើមស្វាយនោះទៅ។

ក្រោយពេលដែលមាលាស្លាប់បាត់ទៅ អ្នកស្រុកបាននាំគ្នាគិតថា គ្រួសាររបស់មាលាជាមនុស្សចង្រៃ ព្រោះតែកើតកូនមកជាសត្វគោ (ប្រហែលជាខ្មោច ព្រាយ បីសាច មកកើតហើយ) ក៏បាននាំគ្នាទៅចាប់ប្ដី និងកូនរបស់មាលាបម្រុងសម្លាប់ចោល តែត្រូវកូនគោដឹងមុន ទៅនាំឪពុក និងប្អូនរត់ហោះរំលងស្ទឹងគេចខ្លួនពីការកាប់សម្លាប់របស់អ្នកស្រុក ទៅរស់នៅក្នុងព្រៃភ្នំ រៀនសូត្រសីលមន្តវិជ្ជាការ ក្រោយមកព្រះកែវបានឡើងជាស្តេចខ្មែរគ្រប់គ្រងព្រះនគរសម័យនោះទៀតផង។

ដោយឡែកក្នុងពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមានផ្ទះលក់ដូរ នៅក្បែរដើមពោធិ៍ និងដើមស្វាយ ដែលនៅរស់សព្វថ្ងៃនេះ បានឲ្យដឹងថា មុនកើតមានជំងឺកូវីដ-១៩ វាយលុក នៅទីតាំងដើមស្វាយ «ព្រះគោ ព្រះកែវ» នេះគឺមានភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកស្រុកមកពីទីជិតឆ្ងាយ មកទិញផ្លែឈើ និងយកដង្វាយមកបន់ស្រន់ ដល់ «ព្រះគោ ព្រះកែវ» ជារៀងរាល់ថ្ងៃមិនដាច់ឡើយ ពិសេសគឺរៀងរាល់ថ្ងៃសីល ព្រោះតែពួកគាត់មានជំនឿថា «ព្រះគោ ព្រះកែវ» មានបារមីស័ក្តិសិទ្ធបន់ស្រន់បានដូចបំណង។

ប៉ុន្តែពេលនេះ ពុំមានអ្នកមកបន់ស្រន់យកដង្វាយមកថ្វាយនោះទេ តែទោះបីយ៉ាងណា ប្រជាពលរដ្ឋក្នុងមូលដ្ឋានជឿជាក់ថា ពេលអស់ជំងឺកូវីដ-១៩ ប្រជាពលរដ្ឋដែលមានជំនឿលើបារមី «ព្រះគោ ព្រះកែវ» ពិតជាមកគោរពបូជារូបសំណាក «ព្រះគោ ព្រះកែវ» នៅទីនេះជាបន្តទៀតផងដែរ។

សូមបញ្ជាក់ថា ផ្លូវចូលទៅទីតាំងប្រវត្តិសាស្ត្រនេះ គឺចូលទៅលង្វែកដែលមានចម្ងាយពីផ្លូវជាតិលេខ៥ តែ ២គីឡូម៉ែត្រប៉ុណ្ណោះ គឺតាមផ្លូវកៅស៊ូត្រង់រហូតដល់ទីតាំងខាងលើនេះតែម្ដង ពោលខាងជើងផ្សារត្រាចមួយគីឡូម៉ែត្រ ហើយបើយើងធ្វើដំណើរពីភ្នំពេញ គឺនៅខាងស្ដាំដៃ៕