(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារយុវជនស្ម័គ្រចិត្ត១៥ ក្រុមផ្សេងគ្នា បានមកចូលរួមក្នុងសកម្មភាពវេចខ្ចប់កញ្ចប់មនុស្សធម៌ ជាលើកទី២ ចំនួន៣,០១៨កញ្ចប់ ក្រោមគម្រោងមនុស្សធម៌ ដែលបង្កើតឡើងដោយមូលនិធិម៉ានី ដឹកនាំផ្ទាល់ដោយ លោក ហ៊ុន ម៉ានី។

សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងក្រោយមើលឃើញថា ស្ថានភាពនៃការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី កូវីដ១៩ ទូទាំងពិភពលោក ដែលនៅតែមិនទាន់មានការស្រាកស្រាន្ត និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ មូលនិធិម៉ានីបានផ្តួចផ្តើម គម្រោងមនុស្សធម៌នេះឡើង ដោយមានការសហការពីសាលារាជធានីភ្នំពេញ និងបណ្តាស្ថាប័ន សមាគម សប្បុរសជន ក៏ដូចជាក្រុមយុវជនស្ម័គ្រចិត្តចំនួន១៥ ក្រុមផ្សេងៗគ្នា ក្នុងស្មារតី «ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា»

ក្នុងគម្រោងមនុស្សធម៌នេះ ក្រុមការងារដែលស្ម័គ្រចិត្តទាំង១៥ក្រុម នាំយកអំណោយដែលបានវេចខ្ចប់រួចសរុប១១,០០០កញ្ចប់ ដែលជាការចូលរួមបរិច្ចាគ ពីសំណាក់សប្បុរសជននានា ទៅប្រគល់ជូនសង្កាត់ទាំង១០៥ នៅរាជធានីភ្នំពេញ សម្រាប់ចែកបន្តជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតាមមូលដ្ឋានជាក់ស្តែងនីមួយៗ ដែលក្នុងកញ្ចប់នីមួយៗ រួមមាន៖ អង្ករ សាប៊ូលាងដៃ ទឹកស៊ីអ៊ីវ និងភេសជ្ជ។

សូមជម្រាបថា កាលពីដើមខែមេសានេះ សកម្មភាពវេចខ្ចប់ និងការប្រគល់កញ្ចប់សប្បុរសធម៌របស់មូលនិធីម៉ានី ត្រូវបានប្រព្រឹត្តិទៅម្តងរួចមកហើយ ហើយក្រុមការងារស្ម័គ្រចិត្តទាំងអស់ ក៏បាននាំយកនូវកញ្ចប់សប្បុរសធម៌របស់មូលនិធិម៉ានីនេះមួយចំនួន ប្រគល់ជូនសង្កាត់ចំនួន៥៧ រួចរាល់ផងដែរ។

ដំណាក់កាលទីពីរនេះ ក្រុមការងារយុវជនស្ម័គ្រចិត្ត នឹងបន្តនាំយកកញ្ចប់សប្បុរសធម៌ដែលបានវេចខ្ចប់ ដែលនៅសេសសល់ ទៅប្រគល់ជូនសង្កាត់ ចំនួន៤៨ផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ៕