(ភ្នំពេញ)៖ លោកឧញ៉ា លី ហួរ ប្រធាននាយកដ្ឋានប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប និងជាប្រធានមូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 និងលោកស្រី នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំថ្នាក់ដឹកនាំក្រុមហ៊ុន ចែកអំណោយមនុស្សធម៌មូលនិធិប្រុទ្ធប្រឆាំងនឹងវីរុស COVID-19 ដល់បុគ្គលចំនួន ៣១៤នាក់ មកពីបណ្តាខេត្ត ដែលជួបផលលំបាកក្នុងវិបត្តិ COVID-19។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា លី ហួរ បានឱ្យដឹងថា សម្រាប់ការចែកអំណោយមូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 គឺធ្វើឡើងចំពោះបុគ្គលិកថ្នាក់ក្រោមមុនគេ ដែលពួកគាត់មានការ ខ្វះខាត ជាពិសេសបណ្តាបុគ្គលដែលមកពីបណ្តាខេត្ត ហើយមកស្នាក់ នៅរាជធានីភ្នំពេញ ដូច្នេះ អំណោយនាពេលនេះនឹងជួយសម្រាលការលំបាករបស់គាត់បានមួយគ្រាផងដែរ។

លោកឧកញ៉ា លី ហួរ បានបន្តថា ទោះបីបច្ចុប្បន្ននេះ ក្រុមហ៊ុនជួបនឹងការលំបាកក្នុងវិបត្តិវីរុស COVID-19នេះ ក៏ដោយក៏ក្រុមហ៊ុនមិនកាត់ប្រាក់បៀវត្ស ឬបញ្ឈប់បុគ្គលណាមួយនោះទេ គឺមានតែជួយសម្រាលការលំបាករបស់ពួកបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់បុគ្គលទាំងអស់។ ដោយឡែក ការបង្កើតមូលនិធិនេះឡើង មិនសម្រាប់ជួយទៅលើបុគ្គលិក ថ្នាក់ក្រោមនោះទេ គឺសម្រាប់ជួយដល់បុគ្គលណាមួយដែលមានជំងឺ និងជួបប្រទះបញ្ហាដោយប្រការណាមួយជាដើម។

លោកឧកញ៉ា លី ហួរ បានបន្ថែមទៀតថា ជាពិសេសក្រុមហ៊ុន លី ហួរ គ្រុប បានបង្កើតមូលនិធិបរិច្ចាគឈាម ដើម្បីជួយដល់បុគ្គលណាម្នា ក់ ជួបគ្រោះថ្នាក់ហើយខ្វះឈាម សម្រាប់សង្គ្រោះជីវិត ជាដើមជាក់ស្តែងមានបុគ្គលិកជាច្រើន បានចូលរួមបរិច្ចាគឈាមរបស់ខ្លួន ដើម្បីទុកប្រើប្រាស់ក្នុងពេលចាំបាច់ផងដែរ។ ដោយថ្មីៗនេះ មានបុគ្គលិកម្នាក់ ត្រូវការឈាមសម្រាប់សង្គ្រោះជីវិត ដូច្នេះ តាមរយៈការបរិច្ចាគឈាមនេះ ហើយបានជួយស្រោចស្រង់ជីវិតរបស់គាត់ឱ្យរស់រានមានជីវិតផងដែរ។

លោកឧកញ៉ា លី ហួរ បានបញ្ជាក់ថា សម្រាប់មូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 នេះមិនមែនធ្វើតែលើវិបត្តិ COVID-19 នោះទេ ទោះបីវីរុសនេះ អាចនឹងបិទបញ្ចប់នៅកម្ពុជានៅថ្ងៃខាងមុខណាមួយ ក៏មូលនិធិនេះ នៅតែបន្តសម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់។ មូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដោយប្រមូលថវិកា ទៅតាមបណ្តាក្រុមហ៊ុននីមួយៗ ជាបុត្រសម្ព័ន្ធរបស់ លី ហួរ គ្រុប ដើម្បីទ្រទ្រង់មូលនិធិ។

លោកឧញ៉ា លី ហួរ ក៏បានអំពាវនាវដល់បណ្តាថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារជីវិតខ្លួនឯង និងអ្នកដទៃ ជាពិសេសមិនធ្វើឱ្យខ្លួនមានទោសដោយប្រការណាមួយ ដោយសារតែបើកបរមិនគោរពច្បាប់ចរាចរណ៍ ជាដើម។

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប រួមមាន ១៖ លី ហួរ អគារប្តូរប្រាក់ និងរតនៈអលង្ការ ខូអិលធីឌី, ២៖ លី ហួរ ផនសប ខូអិលធីឌី, ៣៖ បុរីវិមានភ្នំពេញ, ៤៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី, ៥៖ ក្រុមហ៊ុន ទេពីអាក្រូ ខូអិលធីឌី, ៦៖ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី, ៧៖ ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី, និង៨៖ ក្រុមហ៊ុន លីហួរ ធានារ៉ាប់រង ម.ក។

សូមជម្រាបថា លោកឧកញ៉ា លី ហួរ ដែលមានឈ្មោះល្បីនៅកម្ពុជា គេសង្កេតឃើញលោកតែងតែចួលរួម ក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដូចជាបរិច្ចាគថវិកាជួយកាកបាទក្រហមកម្ពុជា បរិច្ចាគថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា បរិច្ចាគថវិកាជូនដល់ជនរងគ្រោះដោយសារបាក់រលំអាគារ និងសកម្មភាពមនុស្សធម៌ជាច្រើនទៀត៕