(ស្វាយរៀង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កដោយរថយន្តក្រុងដឹកកម្មកររោងចក្រ បានបើកបុកម៉ូតូពីក្រោយដែលបើកបរដោយលោកតាម្នាក់ រួមដំណើរជាមួយចៅពីរនាក់ បណ្តាលឲ្យក្មេងស្រីទាំង២ បានស្លាប់ភ្លាមមៗនៅកន្លែងកើតហេតុ ខណៈពួកគាត់បានធ្វើដំណើរទៅចូលរួមមង្គលការបងប្អូននៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ករណីនេះបានកើតកាលពីវេលាម៉ោង ១៧៖៤៥នាទីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្នុងទិសដៅស្របទិសគ្នានៅចំណុចលើស្ពានហាយវ៉េ តាមបណ្តោយផ្លូវជាតិលេខ ០១ ស្ថិតក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

នគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បង្ករឡើងដោយរថយន្ដមិនស្គាល់ម៉ាក បើកបររថយន្ដជែងទាក់ដៃចង្កូត បុកពីក្រោយម៉ូតូម៉ាក Let's ពាក់ផ្លាកលេខ ស្វាយរៀង 1N 6468 បើកបរដោយឈ្មោះ ប្រាក់ សុគន្ធាវី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច ពាក់មួកសុវត្ថិភាព អ្នកបើកបរគ្មានរបួស ចំណែកម៉ូតូខូចខាតស្រាលចំណែក អ្នករួមដំណើរដែលត្រូវជាចៅមានទី១៖ ឈ្មោះ វ៉ា ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ ) និងទី២៖ ឈ្មោះ យ៉ា ភេទស្រី អាយុ ១០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ)។

សមត្ថកិច្ចបានបន្តថា ក្រោយពីកើតហេតុរថយន្តបង្ករ បានបើកគេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវចំណែកម៉ូតូជនរងគ្រោះ បានរក្សាទុកនៅការិយាល័យ ចរាចរណ៍ខេត្តស្វាយរៀង។ សាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុនៃគ្រោះថ្នាក់មួយនេះ បណ្តាលមកពីអ្នកបើកបររថយន្ដ ជែងទាក់ដៃចង្កូតពីក្រោយ៕