(កណ្តាល)៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកមុខកំពូល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីធ្វើការបូកសរុបសភាពការណ៍ និងការងារគណបក្ស ដោយមានការចូលរួម ពីសំណាក់មន្រ្តីក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល។

លោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារជាច្រើន ដែលសម្រេចបាននៅក្នុងពេលកន្លងមក លើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសការដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាជន នៅក្នុងមូលដ្ឋាន និងការធ្វើសកម្មភាពសង្គម និងមនុស្សធម៌ផ្សេងៗ ដូចជាការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ដែលខ្វះខាតជីវភាព និងងាយរងគ្រោះ នៅក្នុងមូលដ្ឋានឃុំទាំង៧ ក្នុងស្រុកមុខកំពូល។

ទន្ទឹមនឹងនេះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ គ្រប់ឃុំទាំង៧ និងគ្រប់ភូមិទាំង៣៩ ក្នុងស្រុកមុខកំពូល ដោយបានជួយឧបត្ថម្ភដល់គ្រួសារ គោលដៅចំនួនជាង ៤០០០គ្រួសារ តាមរយៈការជូនជា៖ ថវិកា, អង្ករ, មី, សាប៊ូ, ក្រម៉ា, ម៉ាស់ និងអាល់កុលជាដើម។ លើសពីនេះ ក្រុមការងារ ក៏បានជួយឧបត្ថម្ភគាំទ្រ ដល់ប្រជាពលរដ្ឋជាង ៤០០គ្រួសារ ដែលទទួលរងគ្រោះ មហន្តរាយដោយសារខ្យល់កន្រ្តាក់ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ។

លោក វង្សី វិស្សុត បានថ្លែងថា ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាករណីមិនធ្លាប់មានពីមុន ហើយជំងឺនេះ បាននិងកំពុងធ្វើឱ្យប៉ះពាល់គ្រប់ប្រទេស ទាំងអស់លើគ្រប់ទិដ្ឋភាព រាប់ទាំងប្រទេសកម្ពុជាយើងផង។ ការដាក់ចេញនូវវិធានការ បិទប្រទេសរបស់ប្រទេសនីមួយៗ បានធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ មកលើវិស័យសេដ្ឋកិច្ច ពិសេសវិស័យទេសចរណ៍, ការនាំចេញ, ផលិតកម្ម និងសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទ។ ហើយផលប៉ះពាល់ជាអវិជ្ជមាននេះ គឺជាបច្ច័យធ្វើឱ្យអាជីវកម្ម និងធុរកិច្ចត្រូវជួបប្រទះការលំបាក ហើយខ្លះទៀត ត្រូវប្រឈមនឹងការដួល រលំ។ មនុស្សកាន់តែច្រើនបានបាត់បង់នូវប្រាក់ចំណូល និងការងារធ្វើ ដែលបាន និងកំពុងក្លាយជាបន្ទុកខាងផ្នែកសង្គម បន្ថែមលើបន្ទុកនៃចំណាយទប់ស្តាត់នឹងជំងឺកូវីដ-១៩។

លោកបានបន្តថា ទោះបីកម្ពុជាជាប្រទេសតូច ហើយធនធានមានកម្រិតក្តី តែរហូតមកទល់នឹងពេលនេះ, កម្ពុជា បាន និងកំពុងគ្រប់គ្រង ស្ថានភាពនៃជំងឺកូវីដ-១៩ បានល្អប្រសើរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល កំពុងបន្តប្រយុទ្ធប្រឆាំងនឹងនេះ ដោយផ្តោតលើសមរភូមិចំនួន០៤ គឺ៖ ទី១.សមរភូមិខាងផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លង, ការចម្លង និងការពារអាយុជីវិតរបស់ប្រជាជន, ទី២.សមរភូមិខាងផ្នែកសង្គមកិច្ច ដើម្បីការរក្សាលំនឹងជីវភាពប្រជាជន ក្នុងកម្រិតអប្បបរមាមួយ (មិនឱ្យអត់បាយ) ពិសេសសម្រាប់ ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារ ដើម្បីធ្វើឱ្យពួកគេអាចមានលទ្ធភាពវិលទៅរកជីវភាព ជាធម្មតាវិញនៅពេលផុតពីជំងឺនេះ, ទី៣.សមរភូមិខាងផ្នែកសេដ្ឋកិច្ច តាមរយៈការខិតខំឱ្យអស់លទ្ធភាព ដើម្បីជួយឱ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ ពិសេសការរក្សា និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការត្រៀមខ្លួនក្រោយពេលដែលជំងឺកូវីដ-១៩ ស្រាកស្រាន្ត ដើម្បីជ្រោងសេដ្ឋកិច្ច ឱ្យងើបឡើងវិញ បានឆាប់រហ័ស និង ទី៤.សមរភូមិខាងផ្នែកនយោបាយ ដើម្បីរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម។

លោកថា «នៅក្នុងក្របខណ្ឌនេះ, បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជំនួយសង្គម ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្តោតការ យកចិត្តទុកដាក់ ជាពិសេសទៅលើប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និងកម្មករកម្មការិនី ដែលបាត់បង់ការងារធ្វើ នៅពេលរោងចក្រព្យួរអាជីវកម្ម។ ក្រៅពីកម្មវិធីជំនួយសង្គម រាជរដ្ឋាភិបាលក៏នឹងបន្តអនុវត្តនូវកម្មវិធីសាច់ប្រាក់ពលកម្ម ដើម្បីបង្កើតការងារនៅជនបទ និងលើកកម្ពស់ សកម្មភាពសេដ្ឋកិច្ច នៅតាមជនបទ ពិសេសការលើកស្ទួយវិស័យកសិកម្ម ដែលមិនសូវទទួលរងផលប៉ះពាល់ និងនៅមានសក្តានុពលច្រើន ក្នុងផ្នែកផលិតកម្ម ទាំងសម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងស្រុក និងការនាំចេញដើម្បីធានាជីវភាពសង្គមកម្ពុជា។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីជួយដល់អាជីវកម្ម និងធុរកិច្ចផងដែរ»

លោក វង្សី វិស្សុត បានណែនាំដល់មន្រ្តីគណបក្សទាំងអស់ត្រូវបន្តអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការបង្ការ និងទប់ស្តាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ជាបន្តទៅទៀតឱ្យដូចភ្លៀងរលឹម ព្រោះជំងឺនេះនៅពុំទាន់មានថ្នាំព្យាបាលនៅឡើយ។ ដូចនេះយើងមិនត្រូវមើលស្រាលនោះទេ ដោយត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩ គ្រប់ពេលជានិច្ច ហើយគ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ និងការរក្សាគម្លាតសង្គម ហើយចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងក្នុងប្រទេសជាតិយើងទាំងមូល។

ជាងនេះទៅទៀត មន្រ្តីគណបក្សទាំងអស់ត្រូវចូលរួមគ្រប់គ្រងគ្រប់សមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺនេះឱ្យបានល្អ ដោយត្រូវចេះប្រើប្រាស់វិបត្តិនៃជំងឺនេះ ឱ្យក្លាយទៅជាឱកាសក្នុងការបម្រើ ប្រជាជនឱ្យល្អ ដើម្បីទាក់ទាញការគាំទ្របន្ថែមពីប្រជាជន និងកាន់តែមានសមត្ថភាពចេះប្រឈម ដោះស្រាយ និងទប់ស្កាត់នឹងវិបត្តិនានាទៅថ្ងៃមុខ ទាំងវិបត្តិបណ្តាលមកពីសេដ្ឋកិច្ច ឬជំងឺដង្តាត់ផ្សេងៗ។ លោក ក៏បានសម្រេចបង្កើតមូលនិធិប្រយុទ្ធនឹងជំងឺកូវិដ-១៩ នៅក្នុងស្រុកមុខកំពូលផងដែរ។

លោកក៏បានណែនាំដល់មន្រ្តី គណបក្សត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃ ក្នុងបក្សរឹងមាំ និងរួមដៃគ្នាក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដោយស្មោះត្រង់ពិសេសការផ្តល់សេវា សាធារណៈផ្សេងៗជូន ប្រជាជន។ ទន្ទឹមនឹងនេះ ត្រូវបន្តសកម្មភាពមនុស្សធម៌ និងកម្មវិធីជំនួយសង្គម ដល់ប្រជាជនក្រីក្រខ្វះខាតជីវភាព និងងាយរងគ្រោះ តែត្រូវធ្វើយ៉ាងណា កំណត់អត្តសញ្ញាណកម្ម ឱ្យចំគោលដៅ និងច្បាស់លាស់។

ជាមួយគ្នានេះ ក៏ត្រូវយកចិត្តទុកដាក់ដល់បញ្ហាបរិស្ថាន, អនាម័យ និងការការពារទ្រព្យសម្បត្តិរដ្ឋ ដូចជាបឹងបួរជាដើមឱ្យបានគង់វង្ស។ ក្រៅពីនេះ ក៏ត្រូវពង្រឹងការអនុវត្តច្បាប់ ដើម្បីបន្តលុបបំបាត់ អំពើខុសច្បាប់នានា ពិសេសបញ្ហាគ្រឿងញៀន និងការអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាព។

លោកក៏បានសម្រេចបង្កើត ក្រុមការងារ ចំពោះកិច្ចមួយចំនួន ដើម្បីដោះស្រាយបញ្ហាមួយចំនួន នៅក្នុងស្រុកមុខកំពូល។ នៅក្នុងឱកាសនោះដែរ លោកក៏បានណែនាំដល់មន្រ្តីគណបក្ស ឱ្យបន្តចលនាប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់ខ្លួនចូលរួមគាំទ្រ ដល់យុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕