(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ បានលើកឡើងថា ការចូលរួមគោរពច្បាប់ចរាចរណ៍ វាមិនពិបាកទេ ហើយអាចចៀសវាងពីការផាកវិន័យបានទៀតផង។

ការលើកទ្បើងនេះក្នុងការចុះអនុវត្តច្បាប់អនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តការណ៍ ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកធ្វើដំណើរ នៅលើដងផ្លូវជាតិ៥ ខាងលិចស្ពានទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។

លោកស្នងការ បានឲ្យដឹងថា ជំហានដំបូងនេះ សមត្ថកិច្ចនឹងផាកពិន័យលើកំហុស ចំនួន៧ចំណុច សម្រាប់អ្នកប្រើប្រាស់ទោចក្រយានយន្តម៉ូតូ ដែលល្មើសច្បាប់ ចរាចរណ៍ថ្មី ក្នុងនោះមាន មិនពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ ស្រវឹងពេលបើកបរ មិនគោរពភ្លើង និងផ្លាកសញ្ញា ល្មើសការបត់ និងការវ៉ាជែង ការដឹកលើសចំណុះ គ្មានផ្លាកលេខ ប្រើប្រាស់ទូរស័ព្ទ ដោយមិនមានឧបករណ៍ភ្ជាប់ជាមួយជាដើម។

លោក អាត់ ខែម បានបញ្ជាក់ថា ការចុះអនុវត្តច្បាប់អនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តការណ៍នេះ ចង់បញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណង ដល់អ្នកបើកបរយានយន្ត ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះ គោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

ទន្ទឹមគ្នានោះ លោកក៏បានប្រាប់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងយ៉ាងច្បាស់ ក្នុងការចុះផ្សព្វផ្សាយ ការអនុវត្តច្បាប់អនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តការណ៍ ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្ត្រីនគរបាលចរាចរណ៍កន្លងមក ប្រជាពលរដ្ឋបានចូលរួមនាំគ្នា គោរពច្បាប់ចរាចរណ៍ផ្លូវគោកនេះ បានល្អដោយស្មារតីភ្ញាក់រលឹក និងទទួលខុសត្រូវ ដើម្បីសុវត្តិភាពផ្ទាល់ខ្លួន និងអ្នកដ៏ទៃផងដែរ។

* សម្រាប់អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់៤៖

១៖ ពិន័យទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកបើកបរ និងរួមដំណើរ ព្រមទាំងកុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅ មិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តងដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។

២៖ ពិន័យទឹកប្រាក់៨ម៉ឺនរៀល ចំពោះអ្នកបើកបរ ប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។

៣៖ ពិន័យទឹកប្រាក់ ១០ម៉ឺនរៀល ចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ឆាបឬគៀរ, បើកបរអូសជន្ទល់លើផ្លូវថ្នល់ ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត, បើកបរបញ្ចេញសម្លែងម៉ាស៉ីនខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេ។

៤៖ ពិន័យទឹកប្រាក់ ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។

៥៖ ពិន័យទឹកប្រាក់ ១៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ។

៦៖ ត្រូវពិន័យចំនួនទឹកទឹកប្រាក់ ២៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.២៥ ទៅ ០.៣៥មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៥ ទៅ ០.៧៩ក្រាម ក្នុងមួយលីត្រឈាម។

៧៖ ពិន័យ ១លានរៀល ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម។

* សម្រាប់អ្នកបើកបរយានយន្តធុនស្រាល និងធុនធ្ងន់៖

១៖ បើកគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ
- សម្រាប់យានយន្តធុនស្រាល ពិន័យទឹកប្រាក់ ១លាន ពីរសែនរៀល។
- សម្រាប់យានយន្តធុនធ្ងន់ ពិន័យទឹកប្រាក់ ២លាន ៤សែនរៀល។

ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

២៖ អ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម៖
- ពិន័យ ២លានរៀល សម្រាប់យានយន្តធុនស្រាល
- ពិន័យ ៤លានរៀល សម្រាប់យានយន្តធុនធ្ងន់
ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀត ក្នុងរយៈពេល៦ខែ គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាសទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

៣៖ បើកបរប្រើទូរស័ព្ទគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង៖ ពិន័យប្រាក់ ១២ម៉ឺនរៀល សម្រាប់រថយន្តធុនស្រាល និងពិន័យប្រាក់ ២២ម៉ឺន ៥ពាន់រៀល សម្រាប់រថយន្តធុនធ្ងន់៕