(ភ្នំពេញ)៖ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក», សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកសាជាថ្មីម្ដងទៀត ដល់អ្នកសារព័ត៌មាន ដែលកំពុងបំពេញការងារលើវិស័យសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា នូវពាក្យស្លោក «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។
ការរំលឹកពាក្យស្លោក «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសារលិខិតក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មាន សកលលោក» លើកទី២៧ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមរំលឹកសាជាថ្មីម្ដងទៀត ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលកំពុងបំពេញការងារលើវិស័យសារព័ត៌មាន នៅក្នុងកម្ពុជា ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ច ឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ ហើយត្រូវអនុវត្តឲ្យបានតាមពាក្យស្លោក កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា អ្នកសារព័ត៌មានត្រូវជៀសវាង ការផ្សាយព័ត៌មានមិនពិតព័ត៌មានក្លែងបន្លំដែលបង្ក ឲ្យមានភាពចលាចល នៅក្នុងសង្គមការញុះញង់ ការជេរប្រមាថបង្កឲ្យមានការគុំកួន រើសអើង និងអរិភាពនៅក្នុងសង្គម ដែលមិនអាចអត់ឱនឲ្យបានឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រនិងលើកកម្ពស់សិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន ដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ ស្ដីពីរបបសារព័ត៌មាន ដែលធានានូវឯករាជ្យភាព នៃការផ្សាយព័ត៌មានដោយគ្មាន ការត្រួតពិនិត្យជាមុនសិទ្ធិ នៃការរក្សាការសម្ងាត់ ស្ដីពីប្រភពព័ត៌មានរបស់ខ្លួន។
សម្ដេចតេជោក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រូវការស្ថាប័នសារព័ត៌មាន ដែលមានថាមពល ប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយព័ត៌មាន។
គូសបញ្ជាក់ថា ទិវា «សេរីភាពសារព័ត៌មានសកលលោក» លើកទី២៧នាឆ្នាំនេះ គឺបានប្រារព្ធធ្វើឡើងក្នុងកាលៈទេសៈ ដែលសកលលោកទាំងមូល កំពុងទទួលរងនូវសោកនាដកម្ម នៃការរាតត្បាតជំងឺឆ្លងជាសកលបង្កឡើង ដោយវីរុសកូវីដ-១៩។
វីរុសកូវីដ-១៩នេះ បានឆក់យកជីវិតមនុស្ស នៅទូទាំងសកលលោកអស់ជាង២០ម៉ឺននាក់ ហើយមនុស្សជាង៣លាននាក់ បានឆ្លងវីរុសនេះ ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតរបស់ប្រជាជន នៅទូទាំងសកលលោក។
លើសពីនោះទៀត ព្រមទាំងបង្កើតឲ្យមានការរើសអើងជាតិសាសន៍ ការរឹតត្បិតសិទ្ធិសេរីភាពនៃការជួបជុំ សេរីភាពនៃការធ្វើដំណើរការប្រាស្រ័យទាក់ទងគ្នា ដោយផ្ទាល់ កាត់ផ្តាច់ខ្សែសង្វាក់ផលិតកម្ម ផ្នែកឧស្សាហកម្ម ការធ្វើពាណិជ្ជកម្មសកល។
ក្នុងនោះមានប្រទេសមួយចំនួន កំពុងត្រូវបានប្រកាសដាក់ឲ្យ ស្ថិតនៅក្នុងភាពអាសន្ន រារាំងប្រជាជនរបស់ខ្លួន មិនឲ្យចេញពីផ្ទះ និងបិទច្រកព្រំដែនមិនឲ្យឆ្លងកាត់ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងដែលបង្កដោយវីរុសកូវីដ-១៩ និងការពារអាយុជីវិតប្រជាជនរបស់ខ្លួន ឲ្យរួចផុតពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ៕