(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងទទួលអំណោយជាម៉ាស់ចំនួន៦ម៉ឺនម៉ាស់ និងសម្លៀកបំពាក់ការពារសុវត្ថិភាពរបស់មន្ដ្រីសុខាភិបាល (PPE) ចំនួន៣០០សម្រាប់ ពីកាកបាទក្រហមវៀតណាម ដែលដឹកនាំដោយ លោក វូ គ័រមិញ (Vu Guang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូតវៀតណាមប្រចាំកម្ពុជា។

ពិធិប្រគល់-ទទួលនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នាស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានចូលរួមចំណែកក្នុងទប់ស្កាត់ និងការពារជំងឺកូវីដ១៩ តាមរយៈសម្ភារបរិក្ខារនេះ។

លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី ក៏បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ភារទាំងនេះ ហើយកាកបាទក្រហមកម្ពុជា នឹងបន្តចែកម៉ាស និងអាវ PPE ទៅតាមសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត និងតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងខេត្តណាដែលមានករណីឆ្លងច្រើននៅជំងឺកូវីដ-១៩ ដើម្បីជីវិតរស់នៅក្នុងសុខសន្តិភាព និងសុខុមាលភាពរបស់មនុស្សជាតិ។

ជាកិច្ចឆ្លើយតប លោក វូ គ័រមិញ បានថ្លែងថ្លែងកោតសរសើរចំពោះការឆ្លើយតបយ៉ាងរហ័សក្នុងការចុះជួយសង្គ្រោះភ្លាមៗដល់ពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោក វូ គ័រមិញ បានថ្លែងបន្តទៀតថា ក្នុងរយៈពេល២ឆ្នាំមកនេះ ដែលលោកបានបំពេញការងារនៅកម្ពុជា លោកបានសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជា ពិតជាទទួលបានភាពកក់ក្ដៅ និងស្រឡាញ់កាកបាទក្រហមកម្ពុជា ជាពិសេសទៅលើការយកចិត្ដទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ មិនថានៅក្នុងកាលៈទេសៈ និងទីកន្លែងណានោះទេ ក្រោមការដឹកនាំរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាតាមនុស្សធម៌មនុស្ស បានដើរតួនាទីជាទីពឹងរបស់កូនចៅគ្រប់ពេលវេលា។

ដោយភាពស្រលាញ់ និងជឿទុកចិត្ដនេះហើយ លោកសូមកោតសរសើរដោយស្មោះ ចំពោះការកៀគររកមូលនិធិ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទិវា ៨ឧសភា ធ្វើឲ្យកាកបាទក្រហមកម្ពុជាមានលទ្ធភាពបំពេញភារកិច្ចដោយខ្លួនឯង ដោយមិនពឹងជំនួយពីបរទេស ហើយកាកបាទក្រហមវៀតណាម និងខិតខំរៀនសូត្រ យកគំរូតាមកាកបាទក្រហមកម្ពុជា។

លើសពីនោះ ស្ថានទូតវៀតណាម នឹងបន្តអំពាវនាវដល់វិនិយោគិនវៀតណាម ជួយគាំទ្រសកម្មភាពរបស់កាកបាទក្រហមកម្ពុជាបន្ថែមទៀត៕