(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមអ្នកជំនាញការស្ម័គ្រចិត្តចិន មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue - BSR) នៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយក្រុមសង្គ្រោះបន្ទាន់ ៧១១ របស់កងពលតូចលេខ៧០ បានបន្តបាញ់ថ្នាំសម្លាប់មេរោគ នៅទីស្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។

មុនធ្វើប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគនៅទីស្តីការក្រសួងការបរទេសកម្ពុជា, លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ បានទទួលស្វាគមន៍ ក្រុមអ្នកជំនាញការស្ម័គ្រចិត្តចិនទាំងនេះ។ តាមការគ្រោងទុក ក្រុមអ្នកជំនាញចិនទាំងនេះ នឹងធ្វើប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួននៅកម្ពុជា ដោយមានការសម្របសម្រួល ពីក្រុមការងារនៃវេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស)។

សូមបញ្ជាក់ថា តបតាមការស្នើសុំរបស់ វ.ស.ស ដឹកនាំដោយលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស, ក្រុមអ្នកជំនាញស្ម័គ្រចិត្តចំនួន១០រូប មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ នឹងបំពេញប្រតិបត្តិការរបស់ខ្លួន រយៈពេល១៥ថ្ងៃ ដើម្បីបាញ់ថ្នាំកម្ចាត់មេរោគ COVID-19 នៅតាមបណ្តារាជធានី-ខេត្ត ចំនួន១០។ ក្រុមអ្នកជំនាញស្ម័គ្រចិត្តចិនទាំង១០រូប បានមកដល់ប្រទេសកម្ពុជា នាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

បើតាមលោក ប៉ៃ សំបូរ ជាអគ្គលេខាធិការ វ.ស.ស បានឲ្យដឹងថា ការចុះប្រតិបត្តិការបាញ់ថ្នាំកម្ចាត់មេរោគ COVID-19 នេះដែរ ក្រុមអ្នកជំនាញរបស់ចិន នឹងចុះធ្វើប្រតិបត្តិការ តាមបណ្តារាជធានី-ខេត្តទាំង ១០រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តព្រះសីហនុ, ខេត្តកំពង់ឆ្នាំង, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ជាពិសេសនៅក្នុងប្រតិបត្តិការនេះ ក្រុមជំនាញទាំង ១០រូបរបស់ចិន នឹងបណ្តុះបណ្តាលដល់ក្រុមជំនាញកម្ពុជា (៧១១) របស់កងពលតូលលេខ៧០ លើវិធីសាស្ត្រការពារ បង្ការ ទប់ស្កាត់ និងបាញ់កម្ចាត់មេរោគជាដើម។

សម្រាប់ប្រត្តិបត្តិការរយៈពេល១៥ថ្ងៃនេះ ក្រុមអ្នកជំនាញចិន នឹងប្រើប្រាស់ឧបករណ៍ និងសម្ភាររួមមាន៖ ម៉ាស៉ីនបំភាយឧស្ម័នចំនួន ២០០គ្រឿង, ម៉ាស់វេជ្ជសាស្ត្រចំនួន ២៨០,០០០បន្ទះ និងសម្លៀកបំពាក់ការងារមិនមែនវេជ្ជសាស្ត្រ ចំនួន ៩០០សម្រាប់ ដែលគិតជាទឹកប្រាក់ប្រមាណ ១,២៨៨,០០០យ័ន។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ថ្មីៗនេះ មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) បានសម្រេចផ្តល់ជំនួយដល់ វ.ស.ស. នូវម៉ាសពេទ្យចំនួន ១៥០ ០០០សន្លឹក ម៉ាសមុខ 3D ចំនួន ៥០ ០០០សន្លឹក អាវពេទ្យសម្រាប់ការពារមេរោគចំនួន ៧,៩៤០ឈុត និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ១៩ ចំនួន ៨៤០កញ្ចប់ ដែលមានតម្លៃសរុបចំនួន ១,១៣១,៤០០យ័ន ឬប្រមាណ ១៥៩,១៩២ដុល្លារអាមេរិក៕