(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានណែនាំ និងអប់រំដល់ប្រជាពលរដ្ឋនៅតាមគោលដៅ ដែលសមត្ថកិច្ចចុះអនុវត្តន៍ច្បាប់ចរាចរណ៍ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដោយលោកលើកឡើងថា ការពាក់មួយសុវត្ថិភាពមួយ គឺអាចជួយជីវិតមនុស្សបានម្នាក់តែប៉ុណ្ណោះ ហើយការពាក់មួយសុវត្ថិភាព ពេលជិះម៉ូតូ ឬបើកបរម៉ូតូ គឺជាការការពារ ជីវិតខ្លួនឯងក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យណាមួយកើតឡើង។

លោកឧត្តមសេនីយ៍ទោ បានអំពាវនាវកុំឲ្យយល់ច្រឡំថា ការផាកពិន័យក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍នេះ គឺជាការធ្វើបាបប្រជាពលរដ្ឋឱ្យសោះ ការពិតប្រមុខរាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបញ្ចៀសគ្រោះថ្នាក់ កុំឱ្យមានប្រជាពលរដ្ឋរបួសពិការ ឬស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងតែកើតមានគួរឱ្យព្រួយបារម្ភ។

លោកស្នងការ ក៏សុំអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានទាំងអស់គ្នា។

លោកស្នងការនគរបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងសមត្ថកិច្ចគ្រប់គោលដៅ ដែលបានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ត្រូវធ្វើការផាកពិន័យឱ្យបានត្រឹមត្រូវនូវបទល្មើសនីមួយៗដែលច្បាប់បាន កំណត់ និងត្រូវធ្វើបណ្ណផាកពិន័យត្រឹមត្រូវ ករណីមានការផាកលើសការកំណត់ ឬយកលុយដាក់ហោប៉ៅខ្លួនឯង បើរកឃើញត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

លោកវរសេនីយ៍ឯក ឈឹម សារុន ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យដឹងថា ការអនុវត្តន៍តាមបទបញ្ជាររបស់អគ្គស្នងការនគរបាលជាតិ និងតាមការដឹកនាំ និងបញ្ជាររបស់ លោកស្នងការនគរបាលខេត្ត នៅក្នុងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចដាក់កម្លាំងចុះត្រួតតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍សរុបចំនួន ១១គោលដៅ ប្រើប្រាស់កម្លាំងសរុបចំនួន១៤៤នាក់។

ជាលទ្ធផលរកឃើញយានយន្តល្មើសច្បាប់សរុបចំនួន ១៥៩គ្រឿង ក្នុងនោះមានម៉ូតូ ១១៤គ្រឿង និងរថយន្ត ១៥គ្រឿង។ ចំណែកអ្នកជិះម៉ូតូអត់ពាក់មួក ១២២គ្រឿង អត់កញ្ចក់ ៣គ្រឿង អត់ស្លាកលេខ ៩គ្រឿង ជិះបញ្ច្រាស់ ១០គ្រឿង រថយន្តអត់ពាក់ខ្សែក្រវ៉ាត់ ៩គ្រឿង បើកបញ្ច្រាស់ ២គ្រឿង និងបណ្ណបើកបរហួសសុពលភាពមាន ៤គ្រឿង៕