(ព្រះវិហារ)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជ្យរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងមន្រ្តីសង្ឃ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ជាច្រើនអង្គ-នាក់ រស់នៅក្នុងខេត្តព្រះវិហារ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បានរៀបចំពិធីបួងសុំសេចក្ដីសុខនៅត្រង់ចំណុចប្រាសាទចតុម្មុខ ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ពិធីបួងសួងនេះ ដើម្បីសុំសេចក្ដីសុខជូនប្រជាជនកម្ពុជាទាំងអស់មានសេចក្ដីសុខ ហើយចៀសផុតពីជំងឺកាចសាហាវកូវីដ-១៩ ដែលកំពុងបង្កការគំរាមគំហែងដល់ពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសពិធីបួងសួងនេះ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស មានព្រះសង្ឃដីកាទៅកាន់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពតាមវិធានការអនាម័យ ដែលអប់រំណែនាំដោយ ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ទីតាំងប្រាសាទចតុម្មុខនេះ ជាប្រាសាទមួយស្ថិតក្នុងក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរបែរ ទល់ខ្នងគ្នាចំនួន ៤ទិស ហើយបានបាក់ដួលរលំអស់ពាក់កណ្ដាល តាំងពីយូរដោយ នៅសល់ត្រឹមចង្កេះចុះមកក្រោមតែប៉ុណ្ណោះ ហើយនៅតាមជញ្ជាំង និងផ្នែកខាងក្នុងមានដើមឈើ ឬសឈើដុះញែក ជញ្ជាំង ដែលជាកត្តានាំឲ្យប្រាសាទ ងាយបាក់រលំទាំងស្រុង។

សព្វថ្ងៃប្រាសាទនេះ ទទួលបានការអភិរក្ស និងជួជុលដោយ នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:៕