(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំសហការី ចុះត្រួតពិនិត្យការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ស្ដីពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩។

ថ្លែងក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានណែនាំបន្ថែមដល់គ្រប់កងកម្លាំង ដែលអនុវត្តលើការងារជំនាញ ចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តការងារប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ មានក្រមសីលធម៌ វិជ្ជាជីវៈ ឥរិយាបថ ថ្លៃថ្នូរ ទន់ភ្លន់ ប៉ុន្ដែម៉ឹងម៉ាត់ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួនដែលច្បាប់បានកំណត់។

គួរជម្រាបថា គោលដៅដែលលោកស្នងការចុះពិនិត្យនោះរួមមាន សង្កាត់វាលវង់ ក្រុងកំពង់ចាម ០១គោលដៅ, ឃុំខ្វិតធំ ស្រុកព្រៃឈរ ០១គោលដៅ, ឃុំស្រម៉រ ស្រុកជើងព្រៃ ០១គោលដៅ, ឃុំបាធាយ ស្រុកបាធាយ ០១គោលដៅ និងឃុំបុសខ្នុរ ស្រុកចំការលើ ០១គោលដៅ សរុបកម្លាំងរួមទាំង០៥គោលដៅមាន ចំនួន៧៤នាក់ នៅសល់០៥គោលដៅទៀត និងបន្ដចុះត្រួតពិនិត្យ។

សូមបញ្ជាក់ថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តន៍កម្រិតផាកពិន័យកើនឡើងពី៣ទៅ៥ដង។

វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ៕