(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋឃុំព្រែកដំបងចំនួន ៣០៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះសំបែង និងខូចខាតទ្រព្យសម្បត្តិនោះត្រូវបានលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល អមដំណើរដោយលោក អេង ទូច ប្រធានក្រុមការងារចុះជួយឃុំព្រែកដំបង ព្រមទាំងមន្ត្រីជាច្រើននាក់ ចុះសួរសុខទុក្ខ និងចែកអំណោយ ព្រមទាំងផ្សព្វផ្សាយវិធានការ ជុំវិញបញ្ហាវីរុសកូវីដ-១៩ផងដែរ។

សកម្មភាពជំនួបជាមួយពលរដ្ឋនេះ បានធ្វើឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ខណៈដែលខ្យល់កន្ត្រាក់បានវាយប្រហារអ្នកភូមិទាំង ៣០៥គ្រួសារ នៅឃុំព្រែកដំបង កាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅ។

លោក តាំង ម៉េងលាន បានលើកឡើងថា ក្នុងនាមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល គឺអាជ្ញាធរមិនទុកឱ្យពលរដ្ឋណាម្នាក់មានការលំបាកឡើយ ពិសេសនៅគ្រាមានអាសន្ន អន់ក្រ លោកអភិបាលខេត្ត តែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋជានិច្ច។

លោកអភិបាលរងខេត្តបន្តថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ថ្លៃថ្លាប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺទីណាមានទុក្ខលំបាកទីនោះ មានកាកបាទក្រហមកម្ពុជា និងមានមន្ត្រីគណបក្សប្រជាជនកម្ពុជាចុះជួយជានិច្ច។

ទន្ទឹមនឹងជំនួបនេះផងដែរ លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើពីលោក គង់ សោភ័ណ្ឌ និងបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវតែប្រុងប្រយ័ត្នជុំវិញករណីវីរុសកូវីដ-១៩, សូមកុំធ្វេសប្រហែស ត្បិតកម្ពុជាយើងមានភាពស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែសូមពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ជែលអាល់កុល ឬទឹកអាល់កុលជាដើម ដើម្បីរក្សាអនាម័យ ពិសេសធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីគ្រោះថ្នាក់ទាំងឡាយដែលបង្ករឡើងដោយមេរោគកូរ៉ូណាថ្មី៕