(ភ្នំពេញ)៖ រយៈពេល២ថ្ងៃ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា ពោលគឺថ្ងៃទី០១-០២ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ បានផាកពិន័យយានយន្តជាង៥៧០០គ្រឿង ក្នុងនោះមានម៉ូតូ៤៥០០គ្រឿង និងរថយន្តជាង១២០០គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ក្នុងនាមអ្នកនាំពាក្យ លោក ឆាយ គឹមខឿន បានវាយតម្លៃថា រយៈពេល២ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ រយៈពេល ២ថ្ងៃនេះ។

«ការបង្ខំផាកពិន័យគាត់ តាមអនុក្រឹត្យលេខ៣៩នេះ គឺដើម្បីបង្ខំគាត់ ធ្វើឱ្យគាត់រាងចាល ដើម្បីឱ្យគាត់ងាកមកគោរពច្បាប់វិញ»។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន។ លោកបន្តថា ក្នុងពេលដែលសមត្ថកិច្ចបានធ្វើការផាកពិន័យ គឺប្រជាពលរដ្ឋ ដែលបានប្រព្រឹត្តបទល្មើសចរាចរណ៍ បានទទួលយកនូវកំហុសឆ្គងនេះទាំងអស់គ្នា។

លោកគូសបញ្ជាក់ទៀតថា៖ «កងកម្លាំងនគរបាលជាតិ នៅតែប្តេជ្ញាចិត្តបន្តអនុវត្ត ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនគិតថ្ងៃសៅរ៍ អាទិត្យ ដើម្បីចាប់បង្ខំឱ្យអ្នកដែលមិ នគ្រោពច្បាប់ ងាកមកគោរពច្បាប់ទាំងអសគ្នា ហើយយើងសង្ឃឹមថា អ្នកប្រើប្រាស់ផ្លូវមួយចំនួនដែលមានទម្លាប់មិនគោរពច្បាប់ ងាកមកភ្ញាក់រលឹកមកចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា»

បើតាមអ្នកនាំពាក្យរូបនេះ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺកាត់បន្ថយគ្រោះថ្នាក់ កាត់បន្ថយនូវការធ្វើឱ្យខូចខាតមធ្យោបាយ កាត់បន្ថយការខាតបង់ថវិការបស់ប្រជាពលរដ្ឋ កាត់បន្ថយរបួសស្នាម កាត់បន្ថយការស្លាប់ ជាពិសេសគឺសកម្មភាពចូលរួមរបស់ប្រជាពលរដ្ឋជាមួយសមត្ថកិច្ច ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈរបស់សង្គម ដើម្បីភាពថ្លៃថ្នូរ និងស៊ីវីល័យ។

ទោះជាយ៉ាងនេះក្តី លោកអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងខិតខំអប់រំណែនាំដល់នគរបាលចរាចរណ៍ ឱ្យអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ត្រឹមត្រូវ មានតម្លៃភាព មិនមានការរើសអើង ស្មើភាពគ្នា ប្រកបដោយកាយវិការទន់ភ្លន់ សុភាពរាបសារ តែអនុវត្តច្បាប់ម៉ឺងម៉ាត់៕