(កំពង់ចាម)៖ បុរសម្នាក់ធ្លាក់ខ្លួនពិការ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យជីវភាពក្នុងក្រុមគ្រួសារត្រូវផ្លាស់ប្ដូរភ្លាមមួយរំពិច ហើយថែមទាំងបន្សល់ទុកនូវការរស់នៅដោយឈឺចាប់បំផុត។

មានវ័យ៤៤ឆ្នាំ លោក ឈុន រិន ជាបុរសពោះម៉ាយ និងជាអ្នករ៉ាប់រងនូវបន្ទុកគ្រួសារមួយដ៏ធ្ងន់ ដោយត្រូវចិញ្ចឹម និងមើលថែកូនប្រុសអាយុ៨ឆ្នាំម្នាក់ និងស្នាក់នៅជាមួយម្ដាយបង្កើត ដែលមានសមាជិកគ្រួសារចំនួន៨នាក់ រស់នៅផ្ទះតែមួយស្ថិតក្នុងភូមិតាប៉ោង៣ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

លោក ឈុន រិន បាន ទទួលរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលធ្វើដំណើរ បណ្ដាលឲ្យបាក់ឆ្អឹងខ្នឹង ក៏ធ្លាក់ខ្លួនពិការ ដើរមិនរួចជីវភាពមានការផ្លាស់ប្ដូរ ប្រពន្ធក៏ត្រូវចាក់ចេញពីខ្លួន បន្សុលទុកនៅភាពឈឺចាប់ លំបាកវេទនា ជីវិតត្រូវរស់រងភាពឯកា ។

ដោយមើលឃើញនូវទុក្ខលំបាកបែបនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយជូន លោក ឈុន រិន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ ជាមួយការផ្ដាំផ្ញើសាកសួរសុខទុក្ខផងដែរ។

អំណោយទាំងអស់នោះ រួមមាន ថវិកាចំនួន៨០០,០០០រៀល, អង្ករ០២បេ (១០០គីឡូ), មី០៤កេស, ទឹកសុទ្ធ០២កេស, ទឹកផ្លែឈើ០២កេស, ទឹកត្រី០២យួរ, ទឹកស៉ីអ៉ីវ០២យួរ, ត្រីខ០២យួរ, ក្រម៉ា០៥, ម៉ាស់៥០ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

លោក ឈុន រិន ដែលជាជនពិការភាព បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលបានអញ្ជើញដោយផ្ទាល់ និងបាននាំយកថវិកា សម្ភារ ប្រើប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីជួយសម្រួលដល់ការលំបាករបស់ខ្លួន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយមានការប្រុងប្រយ័ត្ន ព្រោះថាគ្រោះថ្នាក់ចរាចរណ៍នេះអាចកើតឡើងគ្រប់ពេលប្រសិនបើយើងធ្វេសប្រហែស តែបន្ដិចណានោះ៕