(ព្រះវិហារ)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជ្យរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងមន្រ្តីសង្ឃជាច្រើនព្រះអង្គ បានរៀបចំពិធី បួងសួងសុំសេចក្ដីសុខនៅប្រាសាទព្រះវិហារ ។

ពិធីរៀបចំពិធីបួងសួងសុំសេចក្ដីសុខ នៅប្រាសាទព្រះវិហារ ធ្វើឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ មានការចូលរួមពី លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមទាំងវត្តមានរបស់លោកស្រី ឧកញ៉ា សៀង ចាន់ហេង ផងដែរ។

ការរៀបចំពិធីនេះឡើង គឺដើម្បីបួងសួងសុំសេចក្ដីសុខជូនប្រជាជនកម្ពុជា ឱ្យឃ្លាតឆ្ងាយពីជំងឺ COVID-19 ដែលកំពុងគំរាមកំហែងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ទោះបីជាសព្វថ្ងៃកម្ពុជាមានករណីជាសះស្បើយច្រើនយ៉ាងណាក្ដី។

ក្នុងឱកាសពិធីបួងសួងនេះ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស មានព្រះសង្ឃដីការប្រាប់ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួម គោរពតាមវិធានការអនាម័យ ដែលអប់រំណែនាំដោយក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19 ។

សម្ដេចព្រះមហាសង្ឃរាជ្យក៏មានសង្ឃដីកា ផ្ដាំផ្ញើដល់ទាហានដែលឈរជើងនៅចំណុចប្រសាទព្រះវិហារ ឱ្យប្រកាន់ខ្ជាប់នូវការខ្មាសអំពើបាប ខ្លាចអំពើបាប ប្រកាន់សច្ចៈធ័ម និងប្រកាន់ភ្ជាប់នូវការដឹងគុណ។

ការរៀបចំពិធីបួងសួងសុំសេចក្ដីសុខនេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារចាត់ទុកថា នេះជាមហាកិត្តិយសសម្រាប់ខេត្តព្រះវិហារ ដែលមានវត្តមានរបស់ព្រះមហាសង្ឃរាជ យាងនិមន្តមករៀបចំពិធីបួងសួងសុំសេចក្ដីសុខ នៅលើប្រាសាទព្រះវិហារ។

បន្ទាប់ពីបញ្ចប់ពិធីបួងសួងសុំសេចក្ដីសុខនេះ សម្ដេចព្រះមហាសង្ឃរាជ រួមទាំងលោកស្រី ឧកញ៉ា សៀង ចាន់ហេង ក៏បានផ្ដល់ជាអំណោយថវិកាមួយចំនួន និងរៀបចំពិធីអាហារសមាគ្គី ជូនកងទ័ពទាំងអស់ផងដែរ៕