(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យឆ្នេរទន្លេវ៉ៃគោ និងផ្សព្វផ្សាយអំពីវិធីការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ការធ្វើអនាម័យសម្អាតខ្លួនប្រាណ ការលាងសម្អាតដៃ ស្ថិតនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

ការចុះធ្វើសកម្មភាពនេះ ធ្វើឡើងនារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំពីវិធានការណ៍ការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តស្វាយរៀង ណែនាំដល់ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនៅទីនេះ បានយល់ដឹងបន្ថែមទៀត។

លើសពីនេះ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ករណីជំងឺឆ្លងកូវីដ១៩ នៅកម្ពុជាបច្ចុប្បន្ននេះ មានការកើតឡើងដោយសារករណីនាំចូលពីខាងក្រៅប្រទេសមិនមែនផ្ទុះឡើងនៅក្នុងស្រុកទេ ហើយសព្វថ្ងៃនេះជំងឺកូវីដ១៩ បានជាសះស្បើយចំនួន ១២០ នាក់ ក្នុងចំណោម១២២នាក់ ព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ និងរក្សាអនាម័យឲ្យបានជាប់ជាប្រចាំ ជាពិសេសក្រោយពីបរិភោគ ហើយសូមថែរក្សាអនាម័យវេចខ្ចប់យកទៅចោលនៅកន្លែងចោលសំរាមឱ្យបានត្រឹមត្រូវ៕