(កណ្ដាល)៖ ក្រុមការងារមនុស្សធម៌របស់លោក ហាស់ វ៉ារី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ បានយកអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន ចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានជីវភាពក្រីក្រជាទីបំផុត ពុំមានផ្ទះសម្បែងរស់នៅច្បាស់លាស់ ដោយរស់នៅក្រោមដំបូលផ្ទះគេ ដើម្បីជួយសំរួលជីវភាព ដល់ពួកគាត់ស្របពេល ដែលពិភពលោកកំពុងជួបប្រទះនៅជំងឺកូវីដ១៩ ។

ពិធីចុះចែកអំណោយនេះ ក៏មានការចូលរួមពីលោក លឹម លីន ជំនួយការផ្ទាល់លោក ហាស់ វ៉ារី, លោក កុយ រុន ក្រុមប្រឹក្សាឃុំរកាកោងទី២ លោកនាយរងប៉ុស្តិ៍រដ្ឋបាល រកាកោងទី២ លោកមេភូមិ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្រុកមុខកំពូល។ ជាមួយគ្នានោះផងដែរ ក្រុមការងារក៏បាននាំយកថវិកា របស់សម្ដេចតេជោ ចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារសពលោកតា អ៊ឹម បូ អាយុ ៨៩ឆ្នាំ រស់នៅភូមិ ដើមជ្រៃ ឃុំរកាកោងទី២ ចំនួន ២០០,០០០រៀល។

លើកឡើងក្នុងឱកាសនោះ លោក លឹម លីន ក៏បានពាំនាំការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចប្រធាន តែងតែបានយកចិត្តទុកដាក់គិតគូរជានិច្ច អំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ ដែលងាយរងគ្រោះផ្សេងៗ។

លោក លឹម លីន ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ ដោយត្រូវតែរួមគ្នាទប់ស្កាត់វាឱ្យខាងតែបាន និងត្រូវអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយមិនត្រូវជួបជុំគ្នាច្រើន ត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីសម្លាប់មេរោគ ជាពិសេសចំពោះអ្នកចំណូលថ្មី និងអ្នកដែលមកពីក្រៅប្រទេស ដោយត្រូវយកគាត់ទៅពិនិត្យរកមេរោគកូវីដ១៩ និងត្រូវដាក់ឱ្យគាត់ស្នាក់ នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន។

ក្រុមគ្រួសារដែលបានទទួលអំណោយ ក៏បានថ្លែងអំណរគុណ និងសូមជូនពរដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមជួបតែសេចក្ដីសុខ និងសេចក្ដីចំរើន តរឿងរហូតទៅ និងសូមជូនពរ និងថ្លែងអំណរគុណលោក ហាស់ វ៉ារី និងក្រុមការងារទាំងអស់ ដែលបាននាំយកអំណោយរបស់សម្ដេចតេជោ ប្រគល់ជូនដល់បួកគាត់ផងដែរ។

សូមបញ្ជាក់ថា ក្រុមគ្រួសារដែលទទួលបានអំណោយនៅថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ១បេ ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ ប្រេងឆា ១ដប សៀង១ដប និងថវិកា ៣០,០០០រៀល៕