(ភ្នំពេញ)៖ បុរសម្នាក់ឈ្មោះ រស់ ដារ៉ា ដែលប្រើប្រាស់គណនី Facebook ឈ្មោះ Alex Piano បានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបើកបរល្មើសស្លាកសញ្ញាចរាចរណ៍ យកមកបង្ហោះឡើងវិញ បំភ្លៃខុសពីការពិត ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ច ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

បុរសម្នាក់នេះត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកធ្វើការសួរនាំ ហើយគាត់ក៏បានធ្វើការទទួលកំហុស និងថតវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោស ដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សមត្ថកិច្ចក៏បានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃផងដែរ។ ក្រោយបញ្ចប់ការណែនាំ អប់រំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាត ឲ្យគេត្រឡប់ទៅគេហដ្ឋានវិញ៕