(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា បើអត់មានការជួបជុំផឹកស៊ីជុំគ្នានៅតាមខារ៉ាអូខេ វាអត់ស្លាប់ទេ តែបើឆ្លងកូវីដ១៩ យើងអាចស្លាប់ ដូច្នេះសុំឱ្យប្រជាពលរដ្ឋខ្មែរយើង បន្ដការអត់ធ្មត់ រង់ចាំដល់មានវ៉ាក់សំាងប្រឆាំងនឹងជំងឺកូវីដ១៩ នោះយើងអាចរីករាយសប្បាយដូចមុនហើយ។
ការថ្លែងបែបនេះ របស់ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានធ្វើឡើងនៅសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាពនៃជំងឺកូវីដ១៩នៅប្រទេសកម្ពុជា» នាក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា «មកទល់នឹងពេលនេះ នៅតាមបណ្ដាប្រទេសលើសកលលោក នៅតែមានករណីឆ្លង ឬឈឺ ស្លាប់ច្រើននៅឡើយ
ដូច្នេះ តើយើងគួរតែយកគំរូតាមប្រទេសគេ ឈឺច្រើនស្លាប់ច្រើន ឬចង់បានអត់ឈឺ អត់ស្លាប់។ សម្រាប់នៅប្រទេសយើង មកទល់នឹងពេលនេះ មានអ្នកឈឺតិច និងគ្មានអ្នកស្លាប់នោះទេ»។
លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ដរាបណាប្រទេសនៅជុំវិញពិភពលោកយើង បានថយនូវការឆ្លង និងត្រួតត្រាបាន យើងក៏ងាយស្រួលសម្រាប់ការត្រួតត្រាការងាររបស់យើងដែរ ។ក៏ប៉ុន្ដែ សូម្បីតែប្រទេសដែលអភិវឌ្ឍហើយ នៅតែមិនទាន់អាចគ្រប់គងបានផង ដោយយើងឃើញហើយថា មានករណីឆ្លងកាន់តែច្រើន និងស្លាប់កាន់ច្រើន ។ដូច្នេះយើងមិនគួរធ្វេសប្រហែសនោះទេ ទោះនៅកម្ពុជាយើង ធ្វើបានមួយជំហានហើយក្ដី ដែលមិនមានអ្នកឈឺច្រើន នឹងស្លាប់ក៏ដោយ (ឆ្លង១២២នាក់ ជាសះស្បើយ១២០នាក់ អ្នកឈឺសល់តែ២នាក់ប៉ុណ្ណោះ) តែយើងមិនប្រាកដទេថា អាចត្រួតត្រាជំងឺកូវីដ១៩នេះបាននៅឡើយទេ»។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបន្ថែមទៀតថា «ដូច្នេះ ការមិនទាន់បើកដំណើរការឡើងវិញនូវកន្លែងផឹកស៊ី ឬខារ៉ាអូខេជាដើម មិនមែនបញ្ហាចោទនោះទេ ចាំតិចទៅព្រោះមិនបានផឹកស៊ីក៏អត់ស្លាប់ដែរ រង់ចាំដល់ពេលមានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ហើយ យើងនឹងអាចសប្បាយវិញបានហើយ ។កត្ដាសំខាន់នោះ នៅពេលនេះ មិនទាន់មានវ៉ាក់សាំង យើងមិនត្រូវសាកល្បងឱ្យមានហានិភ័យម្ដងទៀតនោះទេ ព្រោះវានឹងជួបបញ្ហាលំបាកកាន់តែច្រើន សូមបងប្អូនកុំភ្លេចនូវជំងឺកូវីដ១៩នេះឱ្យសោះ ត្រូវតែបន្ដប្រុងប្រយ័ត្នបន្ដទៀត»។
សូមជម្រាបថា គិតត្រឹមម៉ោងព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ៣,៥៦៣,០៦៥នាក់ហើយ ក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២៤៨,១២៩នាក់ និងជាសះស្បើយឡើងវិញ ១,១៥៣,៨៤៧នាក់៕