(កណ្តាល)៖ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល ខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនតាមដីកាតុលាការ ក្រោយពីជននេះ ធ្វើសកម្មភាពឆបោកយកម៉ូតូ ២គ្រឿង ពីសង្សាររបស់ខ្លួនចំនួន ២នាក់ បានសម្រេច និងលក់យកលុយចាយជាបន្តបន្ទាប់កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅនេះ។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២៖៣០នាទីយប់ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចសាលាឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យខាងលើមានឈ្មោះ ឯក សុភាក់ អាយុ២០ឆ្នាំ មុខរបរមិនពិត មានទីលំនៅបច្ចុប្បន្នភូមិឈូកកៀប ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងតាមដីកាលេខ៤៥៥ ចុះថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៩ របស់លោក ជួន វណ្ណៈ ចៅក្រមជំនុំជម្រះ នៃសាលាដំបូង ខេត្តកណ្ដាល។ ចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ចំណែកស្រ្តីជាសង្សារទាំង២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។

នគរបាលស្រុកអង្គស្នួល បានប្រាប់ឱ្យដឹងថា ជនសង្ស័យខាងលើនេះ មានជំនាញខាងបោកខ្លាំងណាស់ដោយមុនដំបូង បានទំនាក់ទំនងជាមួយនារីម្នាក់ យកធ្វើជាសង្សាររស់នៅជាមួយគ្នាដូចជាប្ដីប្រពន្ធ រួចហើយបានធ្វើសកម្មភាពយកម៉ូតូរបស់នាង ១គ្រឿង ទៅលក់រួចគេចខ្លួនបាត់។ ខណៈនោះនារីជាសង្សារមិនហ៊ានប្រាប់ឪពុកម្ដាយ តាមត្រង់ទេដោយប្រាប់ថា ម៉ូតូត្រូវចោរលួចបាត់ហើយ ទើបជននេះបានរួចខ្លួន លុះក្រោយមក ជននេះបានទៅទាក់ទងស្នេហាជាមួយនារីម្នាក់ទៀត ដែលត្រូវជាមិត្តភក្ដិរបស់នារីជាសង្សារមុន។

ក្រោយពីទំនាក់ទំនងគ្នាមួយរយៈរួចមក រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ជននេះបានទូរស័ព្ទហៅនារីជាសង្សារឱ្យខ្ចីម៉ូតូគេជិះទៅជួបខ្លួនដោយប្រាប់ថា ទិញអីឱ្យបងហូបបន្តិចបងឃ្លានណាស់ ឥឡូវ បងកំពុងនៅបន្ទប់ជួលនៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តា។ ពេលនោះដោយខ្លួនឯងគ្មានម៉ូតូផ្ទាល់ខ្លួន ទើបនារីជាសង្សារបានខ្ចីម៉ូតូអ្នកជិតខាងជិះ ហើយទិញម្ហូបយក ទៅឱ្យជនសង្ស័យដល់បន្ទប់ លុះពេលទៅដល់ជនសង្ស័យ បានឱ្យនាងទុកម្ហូបនៅក្នុងបន្ទប់រួចបបួលនាងជិះម៉ូតូឌុបគ្នាទៅរកទិញបាយ។

បន្ទាប់ពីទៅដល់កន្លែងលក់បាយជននេះ បានប្រាប់សង្សារថា អូនទៅទិញបងយកម៉ូតូទៅចាក់សាំងឱ្យពេញ។ ខណៈនោះនាងនិយាយថា ចាក់ធ្វើអីបងម៉ូតូខ្ចីគេនិង? ហើយជនសង្ស័យថា មិនអីទេចាក់ឱ្យពេញទៅរួចក៏ជិះម៉ូតូគេចខ្លួនបាត់ និងយកទៅលក់នៅឯខេត្តព្រះសីហនុបាន ៣០០ដុល្លារ។ ចំណែកនារីជាសង្សារបានយករឿងនេះ ទៅប្រាប់ឪពុកម្ដាយ តាមត្រង់រួចក៏បានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលពើក ហើយនគរបាល ក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ សុំដីការចាប់ខ្លួន លុះរហូតមកដល់ពេលនេះ ទើបចាប់ខ្លួនជននេះ បានចាត់ការតាមច្បាប់៕