(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូសង្ឃសរណវេទី ព្រះអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានផ្ញើសារចូលរួមរំលែកមរណទុក្ខជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារនៃសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

ក្នុងលិខិតចូលរួមរំលែកមរណៈទុក្ខនេះ ព្រះសិរីកោសល សុំ សុខា សង្ឃដីកាថា ព្រះអង្គ និងព្រះសង្ឃគ្រប់អង្គក្នុងខណ្ឌកំបូល មានសេចក្ដីសោកស្តាយក្តុកក្តាល ក្រៀមក្រំបំផុតដោយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេករបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងត្រូវជាមាតាបង្កើតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាព នាថ្ងៃចន្ទ ១៣កើត ខែព័សាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០២៖១២ នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៩៦ឆ្នាំដោយជរាពាធ។

ព្រះសិរីកោសល សុំ សុខា បានកត់សម្គាល់ថា មរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវឌ្ឍនា គឺជាការបាត់បង់នូវមាតាបង្កើត តាក្មេក ជីដូន ជីដូនទូត ដែលមានគុណូបការៈបំផុតចំពោះ បុត្រា បុត្រី ចៅប្រុស ចៅស្រី ដែលប្រកបដោយព្រហ្មវិហារធម៌ ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មាន ប្រកបដោយគន្លងធម៌។

មរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវឌ្ឍនា ក៏ជាការបាត់បង់នូវព្រឹទ្ធមហាបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ដ៏ឆ្នើមមួយរូប ដែលមានសេចក្ដីបរិសុទ្ធិក្នុងព្រះពុទ្ធសាសនា បានបរិច្ចាគទាំងកម្លាំងកាយចិត្ត និងធនធានប្រកបដោយសទ្ធាជ្រះថ្លា និងមានគុណូបការៈដ៏ធំធេងបំផុត ក្នុងការងារមនុស្សធម៌ ជាពិសេសបាន បូជាចំពោះព្រះពុទ្ធសាសនា និងព្រះសង្ឃក្នុងព្រះរាជាណាចក្រកម្ពុជា ពេញមួយជីវិតរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ ព្រះអង្គ និងព្រះសង្ឃគ្រប់អង្គក្នុងខណ្ឌកំបូល សូមឧទ្ទិសនូវមហាបុញ្ញកុសលទាំងឡាយ ជូនចំពោះដួងវិញ្ញាណក្ខន្ធ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕