(ភ្នំពេញ)៖ លោក ច្រឹក សុនីម អ្នកជំនាញវិស័យអចលទ្រព្យល្បីឈ្មោះរបស់កម្ពុជាមួយរូប និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ចេញទស្សនៈថា វិបត្ដិកូវីដ១៩នេះ គឺផ្ដល់ឱកាសដល់អ្នកទិញអចលទ្រព្យ ដែលមានចរន្ដសាច់ប្រាក់ក្នុងដៃច្រើន អាចទិញបានអចលទ្រព្យដែលមានតម្លៃធូរថ្លៃ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានឲ្យដឹងថា ខណៈដែលកើតឡើងនូវវិបត្ដិកូវីដ១៩ សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ មានការធ្លាក់ចុះ មិនថាតែប្រទេសកម្ពុជានោះឡើយ ហើយវិស័យអចលទ្រព្យក៏បានធ្លាក់ចុះផងដែរ ដូច្នេះវាឱកាសមួយដ៏ល្អ សម្រាប់អ្នកដែលមានចរន្ដសាច់ប្រាក់ច្រើន ចាប់យកឱកាសវិនិយោគ នៅស្ថានភាពបែបនេះ។
ជាក់ស្ដែង ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News លោក ច្រឹក សុនីម បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩នេះមក ធ្វើឲ្យវិស័យអចលទ្រព្យទាំងមូល នៅក្នុងប្រទេសកម្ពុជា មានការថមថយចុះ ប្រហាក់ប្រហែលទៅ៣០ភាគរយ ក្នុងការទិញលក់ ដែលហេតុធ្វើឲ្យវិស័យអចលទ្រព្យ នៅតំបន់មួយចំនួនមានការធ្លាក់ចុះ។
បន្ថែមពីនោះទៀត អ្នកជំនាញវិស័យអចលទ្រព្យ បានលើកឡើងទៀតថា ក្នុងស្ថានភាពប្រទេសជាតិ កំពុងតែជួបនឹងវិបត្ដិកូវីដ-១៩នេះ វាជាពេលវេលាល្អ សម្រាប់អ្នក ដែលចង់ទិញអចលទ្រព្យ ព្រោះថា នៅពេលនេះ អាចមានការងាយស្រួលក្នុងចរចាតម្លៃ ដែលចរចាបានក្នុងតម្លៃមួយធូរថ្លៃ បើប្រៀបធៀបនឹងប្រទេសកំពុង មានសេដ្ឋកិច្ចរីកចម្រើន វិស័យអចលទ្រព្យ មិនងាយចរចារចុះថ្លៃតម្លៃនោះឡើយ។
លោក ច្រឹក សុនីម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមើលឃើញ នៅក្នុងវិស័យអចលទ្រព្យទាំងមូល ក្នុងប្រទេសកម្ពុជា ការទិញដូរហាក់បី ដូចជាមានថមថយចុះ ប្រហាក់ប្រហែលទៅ៣០ភាគរយ ក្នុងការទិញលក់ ក៏ប៉ុន្ដែវាជាឱកាសសម្រាប់ អ្នកវិនិយោគចាប់ផ្ដើមឱកាសទាំងអស់នេះ។ ប្រសិនជាអ្នកដែលមានចរន្ដសាច់ប្រាក់ល្អ គាត់អាចធ្វើការវិនិយោគបាន ព្រោះថា ពេលនេះ គឺជាពេលវេលាដ៏ល្អ»។
ជាមួយគ្នានោះផងដែរ លោកបានអះអាងថា វិស័យអចលទ្រព្យ ក្នុងប្រទេសកម្ពុជា បើប្រៀបធៀប នឹងប្រទេសជុំវិញអាស៊ាន គឺនៅមានកំណើនទាបជាងគេនៅឡើយទេ ដូចជាប្រទេសវៀតណាម ថៃ សិង្ហបុរី ជាដើម -ល- ក្រោយផ្ទុះជំងឺកូវីដ-១៩ និងមុនពេលផ្ទុះជំងឺកូវីដ-១៩ យ៉ាងណាក្ដី៕