(ភ្នំពេញ)៖ អភិបាលខេត្តកែប លោក កែន សត្ថា នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហាញនូវក្ដីកង្វល់អំពីសមត្ថភាពរបស់មន្ដ្រី ក្រោយទទួលបានសិទ្ធិអំណាចពីរដ្ឋបាលថ្នាក់ជាតិ ដើម្បីសម្រេចកិច្ចការផ្សេងៗនៅថ្នាក់មូលដ្ឋាន ដែលទាមទារឲ្យមានការបណ្ដុះបណ្ដាលជំនាញជាបន្ដបន្ទាប់ទៀត។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកែប» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក កែន សត្ថា បានគូសបញ្ជាក់ថា បញ្ហាកង្វះធនធានមនុស្សគឺត្រូវតែទទួលស្គាល់ ដែលត្រូវមានវិធានការបើកវគ្គបណ្ដុះបណ្ដាល រយៈពេលខ្លី រយៈពេលមធ្យមបន្ដទៀត គឺអាចបណ្ដុះបណ្ដាលនៅមូលដ្ឋានផ្ទាល់។
អភិបាលខេត្តកែបរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវទទួលស្គាល់នូវភារកិច្ចថ្មីដែលដាក់ឲ្យគាត់ គឺទាំងសមត្ថភាពយល់ដឹង ទាំងសមត្ថភាពជំនាញអនុវត្ត គាត់នៅមានកម្រិត ដោយយើងគិតថា សមត្ថភាពរបស់គាត់អត់ទាន់ទទួលយកបាន១០០ភាគរយនោះទេ ដែលយើងត្រូវមានវិធានការបើកវគ្គបណ្ដុះបណ្ដាល រយៈពេលខ្លី រយៈពេលមធ្យមបន្ដទៀត គឺអាចបណ្ដុះបណ្ដាលនៅមូលដ្ឋានផ្ទាល់»។
បើតាមលោក កែន សត្ថា រហូតមកដល់ពេលនេះ ថ្នាក់ជាតិ និងមន្ទីរជំនាញមិនទាន់ធ្វើការរលូនចូលគ្នានៅឡើយទេ ពាក់ព័ន្ធការផ្ទេរអំណាចពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិនេះ ប៉ុន្ដែបញ្ហាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កំពុងតែរួមគ្នាដើម្បីដោះស្រាយ ធ្វើយ៉ាងណាសំដៅឲ្យការបម្រើសេវាផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានល្អ តាមអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។
គួរជម្រាបថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជា កំណែទម្រង់ក្នុងវិស័យអភិបាលកិច្ចដ៏មានសារៈសំខាន់របស់ រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់ លើការរៀបចំឡើងវិញ នូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិដោយឈរលើ គោលការណ៍ នៃរដ្ឋបាលឯកភាព និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ កំណែទម្រង់នេះបានលើកកម្ពស់ការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងរួមចំណែក កាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។
ដើម្បីឲ្យកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការទទួលបានជោគជ័យ ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរនេះ គឺជាធាតុផ្សំមួយយ៉ាងសំខាន់ មិនអាចខ្វះបាន។ ការចូលរួមពីប្រជាពលរដ្ឋប្រៀបបានដូចជា ត្រីវិស័យមួយសម្រាប់ចង្អុលបង្ហាញផ្លូវ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ អាចធ្វើសេចក្តីសម្រេចចិត្តបានគ្រប់ជ្រុងជ្រោយ ឈានទៅអភិវឌ្ឍមូលដ្ឋានឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធកំណែទម្រង់នេះ នៅឆ្នាំ២០២០នេះ ឃុំសង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ១២២,០០០ដុល្លារ ដើម្បីបង្កលក្ខណៈឲ្យ ក្រុមប្រឹក្សាឃុំសង្កាត់ កាន់តែមានលទ្ធភាពអាចចូលរួមដោះស្រាយនូវតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗ។ ថវិកាប្រមាណ១២ម៉ឺនដុល្លារនេះ រួមមានថវិកាសម្រាប់ចំណាយលើផ្នែកអភិវឌ្ឍន៍មូលដ្ឋានចំនួនប្រមាណជាង៧០,០០០ដុល្លារ ដែលចំនួននេះកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០១៩។
បន្ថែមពីនេះ លោក កែន សត្ថា បានអះអាងថា រដ្ឋបាលខេត្ត បានខិតខំអនុវត្តសម្រេចបានលទ្ធផលគួរជាទីមោទនៈ រក្សាបានសន្ដិសុខជូនឥស្សរជនជាតិ និងអន្ដរជាតិ ភ្ញៀវទេសចរជាតិ អន្ដរជាតិ និងប្រជាពលរដ្ឋបានល្អប្រសើរ ធានាបាននូវការប្រកបមុខរបរបង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ពិសេសកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ពី១៦.៤៩ភាគរយ នៅឆ្នាំ២០១២ មកត្រឹម៣.១៨ភាគរយ នៅឆ្នាំ២០២០នេះ។
ដោយឡែក ទំហំសេដ្ឋកិច្ចរបស់ខេត្តកែប ត្រូវបានលោកបញ្ជាក់ថា មានសរុបប្រមាណ២០៥,៥២៦.៨លានរៀល គិតជាដុល្លារ ៥០.៧លានដុល្លារ ស្មើនឹង០.២០ភាគរយ នៃសេដ្ឋកិច្ចជាតិសរុប។ ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន ១,២១៧ដុល្លារ។
ទន្ទឹមនឹងភាពជោគជ័យ លោកអភិបាលខេត្ត ក៏បានបង្ហាញនូវចំណុចខ្វះខាតមួយចំនួនផងដែរ រួមមាន៖ ខ្វះការចូលរួមពីម្ចាស់ដីឡូត៍ ក្នុងការអភិវឌ្ឍដីឡូត៍របស់ខ្លួន, ខ្វះការវិនិយោគពីវិស័យឯកជន ពិសេសវិនិយោគិនពីបរទេស, ក្រុមហ៊ុនវិនិយោគមួយចំនួន ដែលបានទទួលគោលការណ៍ ឯកពភាពពីរាជរដ្ឋាភិបាល នៅមិនទាន់មកអនុវត្ដគម្រោងការរបស់ខ្លួន និងការអភិវឌ្ឍនៅមិនទាន់ឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន៕