(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ទៀត សរុបទុនវិនិយោគជិត៨លានដុល្លារអាមេរិក បង្កើតការងារថ្មីជាច្រើនពាន់កន្លែង។

CDC បានចុះផ្សាយលើ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ដូចខាងក្រោម៖

១៖ ក្រុមហ៊ុន MAO XING YUAN (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៤កន្លែង។

២៖ ក្រុមហ៊ុន XH SINGHI FOOTWEAR CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០១កន្លែង។

៣៖ ក្រុមហ៊ុន NANTONG FIVE STAR ENTERPRISE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២២កន្លែង៕