(ភ្នំពេញ)៖ បន្ទាប់ពីការខកខានជួបគ្នាដោយផ្ទាល់អស់រយៈពេលជិត៤ឆ្នាំ រាប់ពីត្រឹមជំនួបចុងក្រោយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភាមកនោះ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ទទួលបានការចាប់អារម្មណ៍ខ្ពស់បំផុតពីស្រទាប់មហាជនខ្មែរ។
លោក កឹម សុខា នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅគេហដ្ឋានសម្តេចតេជោក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។
ការបង្ហាញសមានចិត្តដ៏ជ្រាលជ្រៅរបស់លោក កឹម សុខា ក្នុងការគោរពដល់វិញ្ញាណក្ខន្ធម្តាយក្មេកជាទីគោរពស្រឡាញ់របស់សម្តេចតេជោ បានធ្វើឱ្យសម្តេចតេជោទទួលស្វាគមន៍ដោយការគោរពគ្នាទៅវិញក្នុងនាមជាឥស្សរជននយោបាយប្រកបដោយគុណធម៌នៅកម្ពុជា។
លោក កឹម សុខា នៅក្នុងជំនួបដោយផ្ទាល់ជាមួយសម្តេចតេជោ បានសម្តែងសមានចិត្តប្រកបដោយក្តីក្តុកក្តួល និងសោកសង្រេងជាពន់ពេកជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសាច់ញាតិ ចំពោះការបាត់បង់មាតាក្មេក ម្តាយបង្កើត និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ខ្ពស់ និងជាទីគោរពស្រឡាញ់។ លោក កឹម សុខា ក៏បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសាច់ញាតិផងដែរ។
នៅក្នុងជំនួបជិត ៥០នាទី លោក កឹម សុខា បានបង្ហាញសមានចិត្តរំលែកមរណទុក្ខជាមួយសម្តេចតេជោ ប្រកបដោយកាយវិការយ៉ាងទន់ភ្លន់ជាទីបំផុត។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឆ្លៀតយកឱកាសនោះសាកសួរសុខទុក្ខលោក កឹម សុខា វិញផងដែរ។
ជំនួបដ៏កម្ររវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ប្រកបដោយកាយវិការគោរព និងជិតស្និទ្ធគ្នានេះ នាំឱ្យមានការចាប់អារម្មណ៍ខ្ពស់បំផុតពីប្រជាពលរដ្ឋខ្មែរ។
តាមរយៈបណ្តាញសង្គម ក៏ដូចជានៅតាមមជ្ឈដ្ឋានខាងក្រៅ ទាំងប្រជាពលរដ្ឋមាននិន្នាការនយោបាយ និងអ្នកមិនមាននិន្នាការនយោបាយ សុទ្ធតែបានសម្តែងក្តីគោរពសរសើរចំពោះកាយវិការឥស្សរជននយោបាយទាំងពីររូប៕