(ភ្នំពេញ)៖ ជាទឹកចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា នាឱកាសនៃពិធីបុណ្យវិសាខបូជា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្ស៉ី រួមជាមួយលោក លោកស្រី ជាថ្នាក់ដឹកនាំក្រោមឱវាទនៃក្រសួងព័ត៌មាន បាននាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃគង់នៅវត្ត និគ្រោធវ័នគល់ទទឹង ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។

តាមការបញ្ជាក់របស់ព្រះចៅអធិការវត្ត បានឱ្យដឹងថា សម្រាប់ឆ្នាំនេះ នៅទីអារាមវត្តនិគ្រោធវ័នគល់ទទឹង មិនមានការរៀបចំពិធីបុណ្យធំជាផ្លូវការដូចរៀងរាល់ឆ្នាំនោះទេ ដោយសារបញ្ហានៃជំងឺ កូវីត១៩ អាចធ្វើឱ្យមានការឆ្លង នៅពេលមានការជួបជុំពុទ្ធបរិស័ទ ចំណុះជើងវត្ត ជិតឆ្ងាយច្រើនគ្នា។ ដូច្នេះទើបសម្រេចមិនមានការរៀបចំពិធីអធិកអធមនោះទេ ប៉ុន្តែក៏មានការធ្វើជាលក្ខណៈឯកជនបន្តិចបន្ទួចតែប៉ុណ្ណោះ។

សម្រាប់ឱកាសនេះដែរ ព្រះចៅអធិការវត្ត ព្រះសង្ឃ និងគណៈកម្មការវត្តនិគ្រោធវ័នគល់ទទឹង បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្ស៉ី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ដែលបាននាំនូវបច្ច័យ និងទេយ្យទានយកមកប្រគេនព្រះសង្ឃ នៅក្នុងវត្តនិគ្រោធវ័នគល់ទទឹង ទុកសម្រាប់ផ្គតផ្គង់ជីវភាពព្រះសង្ឃ ក៏ដូចជាសម្រាប់តាជី យាយ កូនសិស្ស ដែលស្នាក់នៅក្នុងទីអារាមនេះផងដែរ។

បច្ច័យ និងទេយ្យទាន ប្រគេនដល់វត្ត និគ្រោធវ័នគល់ទទឹង នាឱកាសនៃពិធីបុណ្យ វិសាខបូជាឆ្នាំនេះ រួមមានអង្ករមួយតោនជាទេយ្យទានរបស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកស្រី និងលោក តែ ឃុនម៉េង សៀវភៅសរសេរ ៥០០ក្បាល, ប៊ិច ៥០០ដើម, ខ្មៅដៃ ៥០០ដើម, ទឹកសុទ្ធ ១០កេស, ទឹកសណ្តែក ១០កេស, ទឹកត្រឡាច ១០កេស, ទេយ្យទានចម្រុះ ០៨កន្ត្រក, សាដក ០៥, ម៉ាស់ ២៥០, ផ្លែក្រូចពោធិ៍សាត់ ០៥ប្លូន, ទៀន ០៤គីឡូ, ធូប ០២ដុំ, ធំសាប៊ូ២០០ដុំ, នុំអន្សម ៥កន្ត្រក។

ចំពោះបច្ច័យសរុប ១៥លានរៀល ក្នុងនោះ វេរប្រគេនចំនួន ៥លានរៀល សម្រាប់គាំទ្រការផ្សព្វផ្សាយព្រះធម៌ នៃស្ថានីយវិទ្យុគល់ទទឹង, ៥លានរៀល សម្រាប់ចង្ហាន់ព្រះសង្ឃ និង ៥លានរៀលទៀត សម្រាប់មន្ទីរសម្រាកព្យាបាល ព្រះសង្ឃវត្តគល់ទទឹង និងថវិកា ១លានរៀល សម្រាប់គ្រូបង្រៀន ព្រះសង្ឃ។

សូមបញ្ជាក់ថា ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃប្រសូត ត្រាស់ដឹង ចូលបរិនិព្វាន របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ អភិលក្ខិតសម័យទាំងបីនេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែវិសាខ តែមួយខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

សម្រាប់ថ្ងៃនេះដែរក៏ជាថ្ងៃដែលអង្គការសហប្រជាជាតិ បានកំណត់យកជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃ១៥ ធ្នូ ១៩៩៩ ដោយទទួលស្គាល់ជាសាកល អំពីការរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងពិភពលោក ជាងពីរពាន់ប្រាំរយឆ្នាំមកនេះ ហើយនិងកំពុងបន្តឥទ្ធិពលរបស់ខ្លួនក្នុងការលើកស្ទួយចិត្តវិញ្ញាណ របស់មនុស្សជាតិតទៅទៀត។

អត្ថន័យដែលប្រជាពុទ្ធបរិស័ទ គប្បីយល់ឱ្យកាន់តែបានច្បាស់ថែមទៀតអំពីសារៈសំខាន់នៃថ្ងៃទាំងបី របស់ព្រះសមណគោត្តម គឺថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាន ដើម្បីជាប្រយោជន៍សម្រាប់យកមកប្រណិប័តន៍ និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។

១៖ ថ្ងៃប្រសូត៖ កើតមកជាមនុស្ស ត្រូវតាំងចិត្តធ្វើអ្វីមួយបង្កើតអ្វីថ្មីមួយក្នុងជីវិតឱ្យទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់ អប់រំខ្លួន តាមជំហានទាំង៧ គឺជាផ្លូវឆ្ពោះទៅរកជោគជ័យក្នុងជីវិតជាផ្លូវមធ្យម តាមអរិយសច្ច៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើង និងបានសម្រេចរួចមកហើយ។

២៖ ថ្ងៃត្រាស់ដឹង៖ កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឱ្យការសម្រេចបាននោះ ទៅជាប្រយោជន៍ដល់ខ្លួន និងមនុស្សជាតិ ហើយ ចែកចាយការសម្រេច ព្រមទាំងវិធីដែលនាំឲ្យសម្រេចគោលដៅនោះដល់មនុស្សជាតិទូទៅ។

៣៖ ថ្ងៃបរិនិព្វាន៖ សេចក្តីស្លាប់ គឺជាធម្មជាតិរបស់មនុស្ស-សត្វ។ ក្នុងឋានៈជាមនុស្ស មុននឹងស្លាប់ គប្បីមានមរតកណាមួយ ដែលមនុស្សជំនាន់ក្រោយ អាចយកទៅប្រើជាប្រយោជន៍ សម្រាប់កសាងខ្លួន សង្គម និងបរិស្ថានឲ្យស្ថិតស្ថេរយូរអង្វែងតទៅ៕