(ភ្នំពេញ)៖ ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យរំលឹកដល់ថ្ងៃពិសេសទាំង៣របស់ព្រះសម្មាសម្ពុទ្ធ រួមមានថ្ងៃព្រះអង្គប្រសូត ថ្ងៃព្រះអង្គត្រាស់ដឹង និងថ្ងៃដែលព្រះអង្គចូលបរិនិព្វាន។ ដោយព្រឹត្តិការណ៍ទាំង៣នេះ កើតឡើងចំថ្ងៃទី១៥ កើត ខែវិសាខដូចគ្នា។

តាមព្រះតេជគុណ សតិបាលោ សុខ សុផៃ គង់នៅវត្តនោគ្រោធវ័ន ហៅវត្តគល់ទទឹងបានឲ្យដឹងថា ពិធីបុណ្យវិសាខបូជា មិនត្រឹមតែរំលឹកដល់ថ្ងៃពិសេសទាំង៣របស់ព្រះសម្មាសម្ពុទ្ធនោះទេ គឺដើម្បីផ្សព្វផ្សាយដល់មនុស្សជំនាន់ក្រោយបានយល់ដឹកថា ថ្ងៃ១៥កើត ខែវិសាខនេះ គឺជាថ្ងៃពិសេសនៃព្រះពុទ្ធសាសនា។

ពិធីបុណ្យវិសាខបូជា មិនត្រឹមតែជាថ្ងៃបុណ្យរបស់ពុទ្ធសាសនិកប៉ុណ្ណោះទេ តែថែមទាំងជាថ្ងៃបុណ្យសាសនាដ៏ធំមួយរបស់អង្គការសហប្រជាជាតិផងដែរ។ ដោយពិធីបុណ្យវិសាខបូជា ត្រូវបបានអង្គការសហប្រជាជាតិ ប្រកាសទទួលស្គាល់ជាពិធីបុណ្យសាសនាអន្តរជាតិ នៅក្នុងឆ្នាំ១៩៩៩។

ពិធីបុណ្យនេះតែងតែប្រារព្ធឡើងយ៉ាងអធិកធម ពេញមួយថ្ងៃ ដោយពុទ្ធបរិស័ទ ត្រូវមកជួបជុំគ្នានៅវត្តអារាម និង ដើម្បីរាប់បាត្រ សន្សំកុសល និងសមាធិ។ តែដោយសារនៅដើមឆ្នាំ២០២០នេះ ជំងឺរលាកផ្លូវដង្ហើមថ្មីកំពុងតែរាតត្បាតនៅទូទាំងសកលលោក បានធ្វើឲ្យពលរដ្ឋមិនអាចចេញក្រៅ ឬស្ថិតនៅក្នុងទីកន្លែងមានមនុស្សច្រើនបានឡើយ។

អាស្រ័យហេតុនេះហើយ ក្នុងនាមជាពុទ្ធបរិស័ទ តេជគុណ សតិបាលោ សុខ សុផៃ បានណែនាំដល់ពុទ្ធសាសនិកទាំងអស់ នៅផ្ទះរៀបចំអសនៈព្រះពុទ្ធរូប ពេលព្រឹករៀបចំចង្ហាន់ថ្វាយព្រះ និងពេលរសៀល ជួបជុំក្រុមគ្រួសារ ដើម្បីស្ដាប់ ឬអានព្រះធម៌ ដើម្បីរំលឹកនឹកគុណដល់ព្រះសម្មាសម្ពុទ្ធ៕