(ភ្នំពេញ)៖ ចំនួនអ្នកទៅប្រលងយកប័ណ្ណបើកបរមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវជាមួយការផាកពិន័យខ្ពស់។
យោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា នៅមុនពេលរាជរដ្ឋាភិបាលដាក់ចេញវិធានការរឹតបន្តឹងការអនុវត្តន៍ច្បាប់នេះ ចំនួនអ្នកទៅប្រលងយកប័ណ្ណបើកបរមានចំនួនតិចតួចប៉ុណ្ណោះ ពោលមួយថ្ងៃមានតែជាង ១០០នាក់ ឬទៅ៣០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែក្រោយពេលការដាក់ចេញវិធានការនេះ អ្នកទៅប្រលងប័ណ្ណបើកបរមានចំនួនច្រើនក្នុងនោះថ្ងៃខ្លះមានរហូតដល់ជាង ១ពាន់នាក់ក៏មាន។
របាយការណ៍បានបង្ហាញថា ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកទៅប្រលងយកប័ណ្ណបើកបរមានរហូតដល់ ៤,០៣៧នាក់។ ក្នុងនោះអ្នកប្រលងយកប័ណ្ណបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់៤ មានប្រមាណ ៤៩០នាក់ រថយន្តធុនស្រាលមានប្រមាណ ២,៨៩០នាក់។
ក្រៅពីអ្នកទៅប្រលងយកប័ណ្ណបើកបរថ្មី អ្នកទៅប្តូរប័ណ្ណបើកបរក៏មានច្រើនផងដែរ។ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី០៦ ខែឧសភា អ្នកទៅប្តូរប័ណ្ណបើកបរមានចំនួន ៩,៦០៦នាក់។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានវាយតម្លៃថា កំណើននៃការទៅប្រលងយកប័ណ្ណបើកបរមានហេតុផលពីរ។ ហេតុផលទី១ គឺការយល់ដឹង និងជាស្មារតីចូលរួមក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋ និងហេតុផលទី២ អាចមកពីប្រជាពលរដ្ឋបារម្ភពីការផាកពិន័យរបស់កម្លាំងនគរបាលចរាចរណ៍ ក្រោយពេលរាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្តន៍វិធានការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍។
បើទោះបីក្នុងមូលហេតុណាមួយក៏ដោយចុះ តែសម្រាប់លោក ហ៊ាង សុទ្ធាយុត្តិ បានសម្តែងការរីករាយ និងពេញចិត្តចំពោះកំណើនប្រជាពលរដ្ឋទៅធ្វើប័ណ្ណបើកបរនេះ។
អ្នកនាំពាក្យវ័យក្មេងនៅក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានគូសបញ្ជាក់ថា ការទៅប្រលងយកប័ណ្ណបើកបរពីសំណាក់អ្នកបញ្ជាយានយន្ត មិនត្រឹមតែជាការល្បងសមត្ថភាពនៃការកាន់ដៃចង្កូតរបស់អ្នកបើកបរនោះទេ តែក៏ជាពេលវេលាស្ទង់ពីសមត្ថភាពចំណេះដឹងលើទ្រឹស្តី និងការយល់ដឹងពីច្បាប់ចរាចរណ៍របស់អ្នកបញ្ជាយានយន្តផងដែរ។
លោក ហ៊ាង សុទ្ធាយុត្តិ បានលើកឡើងថា ពេលប្រលងមានកម្រងសំណួរស្តីពីទ្រឹស្តី និងច្បាប់ចរាចរណ៍ផ្លូវគោករហូតដល់ទៅជាង ៣០០សំណួរ ត្រូវបានយកមកក្រឡុកយកជាង ៤០សំណួរ ឱ្យអ្នកប្រលងប័ណ្ណឆ្លើយតាមឧបករណ៍អេឡិចត្រូនិកដោយភាពសុក្រឹតត្រឹមត្រូវ ដោយមិនមានការស៊ីសំណូក ឬសម្របសម្រួលក្នុងការប្រលងនេះឡើយ។
សូមបញ្ជាក់ថា បន្ទាប់ពីឃើញការកើនឡើងយ៉ាងច្រើននៃអត្រាគ្រោះថ្នាក់ចរាចរណ៍ និងបានផ្តាច់ផ្តិលជីវិតប្រជាពលរដ្ឋខ្មែរមានកំណើនច្រើនក្នុងឆ្នាំ២០១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកឆ្នាំ២០២០ ជាឆ្នាំប្រកាសអាសន្ន និងជាឆ្នាំអនុវត្តន៍តឹងរឹងលើច្បាប់ចរាចរណ៍ផ្លូវគោក។ មិនត្រឹមតែរឹតបន្តឹងលើការអនុវត្តន៍ច្បាប់ប៉ុណ្ណោះទេ រាជរដ្ឋាភិបាលក៏បានសម្រេចកែប្រែអនុក្រឹត្យផាកពិន័យអ្នកល្មើសច្បាប់ធ្ងន់ធ្ងរថែមទៀតផងទាំងការដាក់ទោសទណ្ឌ និងការផាកពិន័យជាថវិកា។
វិធានការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ បានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ។ រយៈពេល៦ថ្ងៃនៃការអនុវត្តន៍វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ កម្លាំងនគរបាលចរាចរណ៍ ផាកពិន័យយានយន្ត ១២,៧៣២គ្រឿង ក្នុងនោះម៉ូតូ ៩,៩១៥គ្រឿង និងរថយន្ត ២,៨១៧គ្រឿង។
ការប្រព្រឹត្តខុសក្នុងពេលបើកបរនេះ សម្រាប់ម៉ូតូ ត្រូវបានសម្គាល់ថា ភាគច្រើន គឺអត់មួកសុវត្ថិភាព បំពានស្លាកសញ្ញា និងអត់ផ្លាកលេខ។ ដោយឡែករថយន្តវិញ ពាក់ព័ន្ធនឹងការល្មើសល្បឿន អត់ពាក់ខ្សែក្រវាត់ គ្មានប័ណ្ណបើកបរ និងបើកបរប្រើប្រាស់ទូរស័ព្ទ។
ការអនុវត្តន៍ការរឹតបន្តឹងលើការអនុវត្តន៍ច្បាប់ចរាចរណ៍រយៈពេល៦ថ្ងៃកន្លងទៅនេះ បើទោះបីមានការប្រទាំងប្រទឹសមួយ និងមានការមិនសប្បាយចិត្តមួយចំនួនពីអ្នកបញ្ជាយានយន្តយ៉ាងណាក្តី តែក៏មានការគាំទ្រច្រើនផងដែរ។ គាំទ្រដោយគេបានមើលឃើញថា ការចាប់ផ្តើមរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍នេះ ធ្វើឱ្យអ្នកបញ្ជាយានយន្តជាច្រើនចាប់ផ្តើមភ្ញាក់រលឹកខ្ពស់ក្នុងការគោរពច្បាប់ចរាចរណ៍ និងមានស្មារតីខ្ពស់ពេលកាន់ចង្កូតយានយន្តផងដែរ។
ក្នុងរយៈប៉ុន្មានថ្ងៃមកនេះ មិនត្រឹមតែការប្រលងយកប័ណ្ណបើកបរនោះទេដែលមានកំណើននោះ សូម្បីតែការយកយានយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសក៏មានចំនួនច្រើនមិនធ្លាប់មានផងដែរ៕