(ភ្នំពេញ)៖ នៅវេលាម៉ោង០៩:០០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន អំពីការរួមកម្លាំងគ្នា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចិន ។
នៅក្នុងកិច្ចសន្ទនានេះ រដ្ឋមន្ត្រីក្រសួងការពារប្រទេសទាំងពីរកម្ពុជា-ចិន បានធ្វើការផ្លាស់ប្តូរយោបល់ដូចតទៅ៖
១៖ ចំពោះលោក នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ
នៅពេលប្រទេសចិនឆ្លងកាត់ការលំបាកជាងគេបំផុត ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រដល់ភាគីចិន ព្រមទាំងសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើទស្សនកិច្ចមកកាន់ប្រទេសចិន ផ្តល់ការគាំទ្រយ៉ាងពេញទំហឹងមកដល់ភាគីចិន ។ ខ្ញុំបាទក៏បានផ្ញើលិខិតសាររំលែកទុក្ខរបស់ខ្ញុំជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ។ ក្រសួងការពារជាតិក៏បានជួយផ្តល់សម្ភារៈមួយចំនួននៅពេលប្រទេសចិនជួបប្រទះនឹងជំងឺកូវីដ ១៩ បានបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាតែងតែជួយមិត្តពេលមិត្តមានទុក្ខ រួមសុខទុក្ខគ្នាមិនចោលគ្នាក្នុងគ្រាមានអាសន្ន។
ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជំងឺកូវីដ ១៩នៅប្រទេសកម្ពុជា យើងបានសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះបញ្ហានេះ ខ្ញុំសូមសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនាមជាមិត្តដែកថែប ភាគីចិនសូមគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កងទ័ពចិន បានបញ្ជូនក្រុមគ្រូពេទ្យមកកាន់ប្រទេសកម្ពុជា នេះគឺជាលើកទីមួយ ដែលក្រុមគ្រូពេទ្យចិនបញ្ជូនក្រុមគ្រូពេទ្យទៅក្រៅប្រទេស បន្ទាប់ពីទទួលបានស្ថានភាពធូរស្រាលនៅប្រទេសរបស់ខ្លួន ។ នេះបានបង្ហាញឲ្យឃើញថា ភាគីចិននឹងខិតខំប្រឹងប្រែងជួយដល់ភាគីកម្ពុជាឲ្យអស់ពីលទ្ធភាព ។
២៖ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់
សូមអរគុណចំពោះលោក នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានការផ្តួចផ្តើមសន្ទនាតាមទូរស័ព្ទជាមួយខ្ញុំ ក្រោមប្រធានបទ “រួបរួមកម្លាំងគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩” ស្របពេលដែលបណ្តាប្រទេសនៅលើសកលលោកទាំងមូល កំពុងតែជួបប្រទះនូវបញ្ហាប្រឈមស្រួចស្រាលជំងឺកូវីដ-១៩ ។
ខ្ញុំសូមសម្តែងការកោតសរសើរចំពោះប្រទេសចិនទាំងមូល ដែលបានជម្នះវិបត្តិ គ្រប់គ្រងវិបត្តិ និងចាត់វិធានការ ដ៏តឹងរឹងនានាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការធ្វើពលិកម្មខ្លួនឯងដ៏ធំធេង និងការរួមកម្លាំងជាធ្លុងមួយរបស់បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនចិនទាំងមូល ក្នុងការទប់ស្កាត់ការរីករាលដាល និងការព្យាបាលអ្នកជំងឺ ទទួលជោគជ័យពេញលេញក្នុងភារកិច្ចសង្គ្រោះអ្នកជំងឺ ពិសេសសម្រេចបានតាមគោលដៅ វាយប្រយុទ្ធ យកជ័យជម្នះ និងកំពុងផ្លាស់ប្តូរទៅរកទិសដៅវិជ្ជមាន ជីវភាពប្រជាជនចិនកំពុងវិលត្រឡប់ទៅរកសភាពធម្មតាវិញព្រមទាំងបានយកចិត្តទុកដាក់រួមគ្នាក្នុងការស្រាវជ្រាវ រិះរកវ៉ាក់សាំងមេរោគកូវីដ-១៩ បង្កើនការព្យាបាលអ្នកជំងឺ ការពារអាយុជីវិត និងសុខភាពមនុស្សទូទាំងសកលលោកទៀតផង ។
៣៖ ចំពោះនាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ
ខ្ញុំសូមអរគុណដល់សម្តេចពិជ័យសេនា ចំពោះការវាយតម្លៃខ្ពស់ដល់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍មួយចំនួនក្នុងការទទួលជ័យជម្នះនេះ ដោយសាររដ្ឋាភិបាល និងប្រជាជនចិនបានចាប់ដៃគ្នា ដើម្បីចាត់វិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ក្រោមបទបញ្ជារបស់លោកប្រធានាធិបតី ស៊ី ជីនពីង កងទ័ពចិនក៏បានធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំង និងយកជ័យជម្នះលើជំងឺនេះ។ ខ្ញុំសូមជម្រាបជូនថា តាមរយៈការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនចិន ការទប់ស្កាត់ បង្ការ ការពារ ទីក្រុងវូហាន ខេត្តហឺប៉ី ព្រមទាំងការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ ១៩នៅទូទាំងប្រទេស ទទួលបានជោគជ័យ។
សព្វថ្ងៃនេះ ស្ថានភាពជំងឺកូវីដ ១៩ ស្ថិតនៅក្រោមការគ្រប់គ្រងបានយ៉ាងល្អ រដ្ឋាភិបាល និងប្រជាជនចិន កំពុងឈានទៅរកស្ថានភាពល្អប្រសើរឡើងវិញ។ ចំពោះការទទួលជ័យជម្នះលើជំងឺកូវីដ ១៩នេះ គឺដោយសារ ទី១.ការដឹកនាំដ៏ត្រឹមត្រូវរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ទី២.ប្រទេសសង្គមនិយម មានន័យថា អាចប្រមូលកម្លាំងបានទូទាំងប្រទេស ទី៣.ប្រជាជនចិនទាំងមូលបានរួមគ្នាប្រយុទ្ធប្រឆាំងជំងឺនេះ ទី៤.ភាគីចិនមានសមត្ថភាពទទួលខុសត្រូវខ្ពស់ក្នុងការកសាងសហគមន៍ឡើងវិញ មានន័យថា ភាគីចិនបានសហការជាមួយបណ្តាប្រទេសនានានៅទូទាំងសកលលោក ដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩។
បច្ចុប្បន្ន នៅទូទាំងសកលលោកក៏នៅតែមានករណីផ្ទុះឡើងជំងឺកូវីដ ១៩ ជាពិសេសការឆ្លងមនុស្សមកពីក្រៅប្រទេស ដូចនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកប្រធានាធិបតី ស៊ី ជីនពីង រដ្ឋាភិបាល និងប្រជាជនចិន នឹងទទួលបានជោគជ័យទាំងស្រុង។ មនុស្សជាតិរស់នៅក្នុងសហគមន៍តែមួយ ចំពោះមុខគួរតែរួមដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ ១៩។ ប្រទេសចិនក៏បានចាត់វិធានការណ៍ផ្សេងៗ ដូចជា រាយការណ៍ភ្លាមៗនៅពេលសង្កេតឃើញមានរោគសញ្ញាជំងឺកូវីដ ១៩ និងចាត់វិធានការណ៍ដើម្បីព្យាបាល។ ទាំងអស់នេះ សុទ្ធតែជាបទពិសោធន៍ដ៏ល្អរបស់ភាគីចិនក្នុងការប្រយុទ្ធប្រឆាំងជំងឺ កូវីដ ១៩។
ព្រមជាមួយគ្នានេះ ភាគីចិនក៏បានជូនដំណឹងទៅបណ្តាប្រទេសនីមួយៗ ចែករំលែកបទពិសោធន៍ និងផ្តល់ជំនួយជូនសហគមន៍អន្តរជាតិ។ ប្រទេសចិន បានចំណាយពលកម្ម កិច្ចខិតខំប្រឹងប្រែងជាច្រើនជូនប្រទេសទូទាំងសកលលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ ក៏ប៉ុន្តែសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួន មានគោលគំនិតអាក្រក់ដោយទម្លាក់កំហុសមកលើភាគីចិន ជាអ្នកបង្កើតជំងឺកូវីដ ១៩ បង្ខូចកិត្តិយសភាគីចិន។ ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការលាបព័ណ៌ទាំងអស់នោះ។ មកទល់បច្ចុប្បន្ននេះ គ្មានភស្តុតាងណាដែលបញ្ជាក់បានថា វីរុសនេះមកពីប្រទេសចិនឡើយ អង្គការសុខភាពពិភពលោក និងអ្នកជំនាញតាមប្រទេសមួយចំនួន មានយោបល់ថា វីរុសនេះមកពីធម្មជាតិ ។
ភាគីចិននឹងបន្តសហការជាមួយភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ ប្រសិនបើកងទ័ពកម្ពុជាមានសំណូមពរលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ខ្ញុំនឹងបន្តផ្តល់ជាជំនួយឲ្យអស់ពីលទ្ធភាព។ ជាមួយគ្នានេះ សម្តេចពិជ័យសេនាបានស្នើសុំជួយសម្ភារៈពេទ្យដល់កងកម្លាំងមួកខៀវកម្ពុជានៅប្រទេសស៊ូដង់ខាងត្បូង លីបង់ និងម៉ាលី ចំពោះបញ្ហានេះ ខ្ញុំនឹងជួយគាំទ្រកំពុងសម្របសម្រួលដោះស្រាយអនុវត្ត ។
៤៖ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់
អរគុណចំពោះលោក នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ ដែលបានបង្ហាញពីចក្ខុវិស័យនៃវិធានការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ជាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចិន ។ ជាការពិត ទោះបីនៅ៤សប្តាហ៍ចុងក្រោយនេះ ស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសចិន និងកម្ពុជាមានភាពធូរស្រាលក៏ពិតមែន ប៉ុន្តែប្រទេសមួយចំនួននៅលើសកលលោកបាននិងកំពុងមានការព្រួយបារម្ភ និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងៗ ដោយសារការរាលដាលដល់ មនុស្សរាប់លាននាក់នៅលើសកលលោក។ ការណ៍នេះបានធ្វើឲ្យការប្រយុទ្ធនឹងជំងឺកូវីដ- ១៩ ក្លាយជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយក្នុងនោះសាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសឈានមុខមួយក្នុងការការពារ ទប់ស្កាត់ និងព្យាបាលយ៉ាងមានប្រសិទ្ធភាព ។ ជាក់ស្តែង រហូតមកដល់ពេលនេះ គ្រូពេទ្យជំនាញរួមទាំងសម្ភារៈរបស់សាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុងប្រតិបត្តិការជួយប្រទេសជាច្រើននៅលើសកលលោក រួមមានទាំងប្រទេស កម្ពុជាផងដែរ ឲ្យគេចផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ។
ខ្ញុំសូមសម្តែងការកោតសរសើរ អរគុណ និងគាំទ្រចំពោះសកម្មភាពមិត្តចិន ដែលបានបោះដៃជួយដល់ប្រទេសជាច្រើននៅលើសកលលោក តាមការបញ្ជូនក្រុមគ្រូពេទ្យ សម្ភារៈពេទ្យ និងថ្នាំ ចែករំលែកមេរៀន បទពិសោធន៍ ទាំងផ្នែកយោធា និងស៊ីវិល ដែលនេះជាការបង្ហាញពីស្មារតីសាមគ្គីភាពជាធ្លុងមួយ ការទទួលខុសត្រូវជាលក្ខណៈអន្តរជាតិពិតៗ ដើម្បីទប់ស្កាត់ និងយកជ័យជម្នះលើជំងឺមួយនេះ ។
ក្នុងនាមក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយឥតសំណងជាសម្ភារៈ បរិក្ខារសុខាភិបាល រួមជាមួយគ្រូពេទ្យឯកទេស៤រូប ជួយដល់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានយ៉ាងទាន់ពេលវេលាចំនួន៣លើក និងបានជួយអន្តរាគមន៍ផ្តល់កិច្ចសហប្រតិបត្តិការការពារ ទប់ស្កាត់ និងព្យាបាល ដល់កម្លាំងមួកខៀវកម្ពុជាដែលកំពុងមានវត្តមានបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងម៉ាលី បានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។ សកម្មភាពទាំងនេះ បានបង្ហាញពីស្មារតីជាភាតរភាពដ៏ស្មោះត្រង់ និងជាមិត្តដែកថែប ដែលមិនអាចបំបែកបាន។
ជាក់ស្តែង ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រយោធានៃកងទ័ពរំដោះប្រជាជនចិន ដែលមានសមត្ថភាពប្រកបដោយវិជ្ជាជីវៈ បានបំពេញបេសកកម្មរបស់ខ្លួន សម្រេចជោគជ័យគួរកត់សម្គាល់ ដូចជា ជួយបង្ហាត់បង្រៀនគ្រូពេទ្យបង្គោលនៃកងយោធពលខេមរភូមិន្ទ ក្នុងការបង្ការ ទប់ស្កាត់ និងការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា និងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យព្រះកេតុមាលា និងស្ថាប័នពាក់ព័ន្ធក្រសួងការពារជាតិ ចុះទៅបំពេញបេសកកម្មនៅយោធភូមិភាគទី៤ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងកំពុងបំពេញបេសកកម្មនៅយោធភូមិភាគទី៥ ខេត្តបាត់ដំបង ។
ជាលទ្ធផល ក្រុមគ្រូពេទ្យឯកទេសចិន បានជួយបង្ហាត់បង្រៀនក្រុមគ្រូពេទ្យបង្គោលកងយោធពលខេមរភូមិន្ទ ដើម្បីទប់ស្កាត់ បង្ការ ការពារជំងឺកូវីដ-១៩ តម្លើងមន្ទីរពិសោធន៍អាស៊ីតនុយក្លេអ៊ិច និងប្រព័ន្ធភាពស៊ាំ“Nucleic Acids and Immune Detection” ព្រមទាំងបានបង្កើតបន្ទប់ពិគ្រោះជំងឺបណ្តោះអាសន្ន និងបន្ទប់សម្រាកដាច់ដោយឡែកតាម ស្តង់ដាបច្ចេកទេស ។
ក្រុមគ្រូពេទ្យឯកទេសចិន ក៏បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំតាមស្ថាប័នពាក់ព័ន្ធ ដើម្បីរិះរកនូវនីតិវិធីសម្រេចឲ្យបានការទប់ស្កាត់ បង្ការ ការពារ និងធ្វើការត្រួតពិនិត្យនៃជំងឺរាតត្បាត និងបានបង្កើតមជ្ឈមណ្ឌលកណ្តាល សម្រាប់បង្ការ ត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យ ដែលមានស្ថានភាពធ្ងន់ធ្ងរឲ្យផ្លាស់ប្តូរទៅជាស្ថានភាពធម្មតា ដោយមានការចូលរួមពីក្រុមបច្ចេកទេស សហការជាមួយស្ថាប័ននៅថ្នាក់មូលដ្ឋាន ។ ប្រជុំពិភាក្សាជាមួយនាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិ បង្កើតប្រព័ន្ធគ្រប់គ្រងការបង្ការ ទប់ស្កាត់ ការពារ ត្រួតពិនិត្យជំងឺរាតត្បាតក្នុងជួរកងទ័ព“គ្រប់គ្រងទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រ” និងបានបង្កើនការណែនាំ និងត្រួតពិនិត្យបន្ត លើការឆ្លងមេរោគនៅតាមមន្ទីរពេទ្យយោធា ដើម្បីធានាមិនឲ្យមានការចម្លងមេរោគដល់បុគ្គលិកពេទ្យយោធាឡើយ ។
តាមរយៈការបង្ហាត់បង្រៀន ការផ្តល់បទពិសោធន៍ ការជួយឧបត្ថម្ភឧបករណ៍ សម្ភារៈពេទ្យ និងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ពីសំណាក់ក្រុមគ្រូពេទ្យឯកទេសចិន បានធ្វើឲ្យក្រុមគ្រូពេទ្យបង្គោលនៃកងយោធពលខេមរភូមិន្ទ ពង្រឹងសមត្ថភាពផ្នែកសុខាភិបាល កាន់តែប្រសើរឡើងមួយកម្រិតថែមទៀត ព្រមទាំងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់គ្រូពេទ្យ យោធិន និងគ្រួសារយោធិនតាមកងឯកភាព ឲ្យយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ជាមួយគ្នានេះ ខ្ញុំមានការសោកស្តាយចំពោះអ្នកវិភាគនយោបាយ អ្នកសារព័ត៌មានបរទេស ជាពិសេសប្រទេសលោកខាងលិចមួយចំនួន ដែលបានលើកឡើងខុសពីការពិត ក្នុងការចោទប្រកាន់ប្រទេសចិន ជាប្រទេសមួយបានបង្កើតឲ្យមានជំងឺកូវីដ-១៩ឆ្លងរាលដាលពាសពេញសកលលោក ។ ជាការពិត ប្រទេសចិនជាប្រទេសទីមួយរកឃើញជំងឺកូវីដ-១៩ ហើយបានសហការជាមួយអង្គការសុខភាពពិភពលោក ដើម្បីស្វែងរកវិធីបង្ការ ការពារ ទប់ស្កាត់ ព្យាបាលជំងឺកូវីដ-១៩ និងបានធ្វើការផ្សព្វផ្សាយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវបំផុតនេះ ។ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់ប្រទេសជាច្រើននៅលើសកលលោក តាមរយៈបញ្ជូនក្រុមគ្រូពេទ្យ សម្ភារៈពេទ្យ និងថ្នាំ ចែករំលែកមេរៀន បទពិសោធន៍ ទាំងផ្នែកយោធា និងស៊ីវិល ដែលជាការបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវជាអន្តរជាតិពិតៗ ដើម្បីរួមគ្នាទប់ស្កាត់ និងយកជ័យជម្នះលើជំងឺមួយនេះ ។ កម្ពុជាសូមប្រឆាំងដាច់ខាតចំពោះនយោបាយទម្លាក់កំហុស ការរើសអើងជាតិសាសន៍ ការចោទប្រកាន់ និងការស្តីបន្ទោសខុសពីការពិត ពីព្រោះនេះគឺជាពេលវេលាដែលចាំបាច់បំផុត ដែលទាមទារឲ្យសហគមន៍អន្តរជាតិរួមដៃគ្នាដាក់ចេញនូវវិធានការណ៍ សហការគ្នាក្នុងវិស័យសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ រួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ។
ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គការសុខភាពពិភពលោក ដែលបានផ្តល់ការគាំទ្រចំពោះវិធានការ និងចំណាត់ការរបស់រដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈបរិច្ចាគថវិកា“វប្បធម៌ចែករំលែក”ចូលក្នុងមូលនិធិរបស់អង្គការសុខភាពពិភពលោក ។ កម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក គឺជាជំហរដ៏ត្រឹមត្រូវ និងយុត្តិធម៌ ។
៥៖ ចំពោះលោក នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ
ខ្ញុំសូមអរគុណចំពោះសម្តេចពិជ័យសេនា ដែលបានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកភាគីចិនក្នុង ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កន្លងទៅនេះ។ ខ្ញុំឯកភាព និងកោតសរសើរចំពោះភាគីកម្ពុជា ក្នុងការប្រកាសគោលជំហរប្រឆាំងដាច់ខាតចំពោះនយោបាយតូបនីយកម្ម និងការលាបពណ៌របស់ពលរដ្ឋអាមេរិក ។ ស្ថានការណ៍នេះ បានធ្វើឲ្យក្រុមគ្រូពេទ្យភាគីចិនបានចូលរួមពលិកម្មនៅប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណសម្តេច និងភាគីកម្ពុជាទទួលគាំទ្រនិងការយកចិត្តទុកដាក់ ការណែនាំផ្ទាល់ដល់ក្រុមគ្រូពេទ្យចិន ។ ភាគីចិននឹងបន្តផ្តល់ជំនួយដល់អង្គការសហប្រជាជាតិ និងបន្តខិតខំប្រឹងប្រែងចូលរួមវិភាគទានរបស់ខ្លួនឯង។ ខ្ញុំបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការផ្តល់ជំនួយជួយដល់ភាគីកម្ពុជា។ ជាបន្ត ខ្ញុំសូមជម្រាបជូនពីដំណើរការនៃការចូលរួមសហប្រតិបត្តិការទ្វេភាគី មកទល់សព្វថ្ងៃនេះ ទំនាក់ទំនងចិន-កម្ពុជា ស្ថិតក្នុងដំណាក់កាលល្អជាងគេក្នុងប្រវត្តិសាស្ត្រ កងទ័ពប្រទេសទាំងពីរគួរតែអនុវត្តយ៉ាងពេញលេញនូវការប្រុងប្រៀប ការផ្លាស់មុខមាត់នៃប្រទេសទាំងពីរបានឯកភាពគ្នា ត្រូវចេញគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ យើងគួរតែរួមគ្នាសហប្រតិបត្តិការលើគ្រប់វិស័យ។ ចំពោះកិច្ចសហប្រតិបត្តិការវិស័យយោធា ខ្ញុំមានសំណើមួយចំនួន ៖
ទី១៖ ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពនៃប្រទេសទាំងពីរ គួរតែប្តេជ្ញាចិត្តរួមគ្នា និងប្រុងប្រយ័ត្ន...ជាដើម ខ្ញុំនឹងបន្តទាក់ទងគ្នាជិតស្និតជាមួយសម្តេច ។
ទី២៖ ប្រសិនបើអនុវត្តបាននៅក្នុងឆ្នាំនេះ ខ្ញុំសូមស្នើរៀបចំកិច្ចប្រជុំត្រៀមគណៈកម្មការយោធារវាងចិន-កម្ពុជា ភាគីចិនសុខចិត្តត្រៀមជូនភាគីកម្ពុជា សង្ឃឹមថាភាគីកម្ពុជានឹងធ្វើការសិក្សា និងឆ្លើយតបមកកាន់ភាគីចិនវិញ ។
ទី៣៖ ភាគីកម្ពុជាគួរយកជំងឺកូវីដ១៩ ជាឱកាសដ៏ល្អមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល លើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទី២។ អម្បាញ់មិញសម្តេចបានលើកឡើងអំពីការច្នៃវ៉ាក់សាំងវេជ្ជសាស្ត្រនៅប្រទេសចិនបានដំណើរការដោយរលូនជាបន្ត ថ្ងៃខាងមុខប្រទេសចិននឹងបន្តយកចិត្តទុកដាក់លើចំណុចនេះ ប្រសិនបើមានលទ្ធផលជាក់ស្តែងចំពោះវិស័យវ៉ាក់សាំងនេះ ខ្ញុំនឹងជម្រាបជូនដំណឹងភ្លាមៗ ។
ទី៤៖ ចំពោះភាគីចិនបានយកគម្រោងមួយចំនួនដាក់ក្នុងគម្រោងវិស័យកងទ័ពក្នុងឆ្នាំនេះ ឧទាហរណ៍គម្រោងព័ត៌មានវិទ្យាអគារក្រសួងការពារជាតិ សម្រាប់ប្រកួតប្រជែងស្ដង់ដារស្ថាប័នអាស៊ាន សម្ភារៈកងទ័ពជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថ ភាគីចិននឹងរង់ចាំស្ថានការណ៍ជំងឺឆ្លងកូវីដ-១៩ធូរស្រាលបន្តិច ភាគីចិននឹងបញ្ជូនអ្នកជំនាញការមកប្រទេសកម្ពុជាដើម្បីចូលរួមអនុវត្ត ។
ទី៥៖ បើសិនជាស្ថានការណ៍ជំងឺកូវីដ១៩នៅបន្តធ្វើបាប យើងឯកភាពស្នើក្នុងឆ្នាំនេះ ដើម្បីជម្រុញកាត់ចេញការប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិចិន-អាស៊ាន ហើយសុំរួបរួមរវាងចិន-ប្រទេសអាស៊ីអាគ្នេយ៍ ខ្ញុំសង្ឃឹមថាសម្តេចនឹងគាំទ្រ និងសង្ឃឹមថា សម្តេចនឹងសម្រុះសម្រួលការងារដល់រូបខ្ញុំក្នុងស្ថានភាពនេះ ។
៦៖ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់
ខ្ញុំសូមគាំទ្រចំពោះប្រសាសន៍របស់លោក នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ។ នាពេលកន្លងមក ទោះបីបណ្តាប្រទេសនៅលើសកលលោក បានដាក់វិធានការរឹតបន្តឹងការធ្វើដំណើរបណ្តោះអាសន្ន ការបិទប្រទេស ដោយសារប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលជំងឺកូវីដ-១៩ដ៏ធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែកងទ័ពប្រទេសយើងទាំងពីរកម្ពុជា-ចិននៅតែជម្នះគ្រប់ឧបសគ្គបានរួមចិត្តតែមួយ កៀកស្មារគ្នា និងធ្វើការជាមួយគ្នាគ្រប់ការលំបាក រៀបចំសមយុទ្ធនាគមាស២០២០លើកទី៤ ក្រោមប្រធានបទ “រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌” សម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក និងបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធានៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរទៀតផង ។
មួយវិញទៀត ដោយសារឆ្នាំនេះ គឺជាខួប២០ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា កងទ័ពប្រទេសទាំងពីរ នឹងបន្តអនុវត្តភារកិច្ចទាំងឡាយ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឲ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យថែមទៀត ដោយផ្តោតយកចិត្តទុកដាក់លើវិស័យសំខាន់ៗ ដែលបានឯកភាពគ្នារួចមកហើយ សំដៅពង្រឹងភាពជាដៃគូការពារជាតិរវាងអាស៊ាន និងចិន ធានារក្សាស្ថេរភាព សន្តិសុខ និងសន្តិភាព ក្នុងតំបន់ប្រកបដោយកិច្ចសហប្រតិបត្តិការ តាមរយៈផ្លាស់ប្តូរចែករំលែកបទពិសោធន៍នាយទាហានសេនាធិការ ធ្វើជាសហប្រធានក្រុមការងារជំនាញ ADMM-បូក ស្តីពីសកម្មភាពកំចាត់មីនមនុស្សធម៌ សហប្រធានកិច្ចប្រជុំក្រុមជំនាញរក្សាសន្តិភាពលើក ទី៧ ព្រមទាំងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ។
៧៖ ចំពោះលោក នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនង់ទ្វេភាគី ហើយជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យទាំងពីរ នៃប្រទេសទាំងពីរ ហើយក្នុងកាលៈទេសៈដ៏ពិសេសភាគីទាំងពីរបានសហការយ៉ាងរៀបចំប្រារព្ធរួមគ្នានៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខួប២០ឆ្នាំខ្ញុំក៏យល់ថាវាមានអត្ថន័យដ៏ជ្រាលជ្រៅណាស់ ខ្ញុំសូមការភ្ជាប់ទំនាក់ទំនងតាមទូរស័ព្ទនាថ្ងៃនេះ ក្នុងការផ្លាស់ប្តូរយោបល់គ្នាជាមួយសម្តេច មានចិត្តសប្បាយរីករាយ ភាពស្មោះត្រង់ទទួលបានលទ្ធផលផ្លែផ្កា ហើយខ្ញុំមានក្តីសង្ឃឹមនឹងជួបសម្តេចនាពេលឆាប់ៗខាងមុខនេះ ខ្ញុំក៏សូមជូនពរជូនសម្តេចមានសុខភាពល្អបរិបូរណ៍ទទួលជោគជ័យគ្រប់ភារកិច្ច។
ខ្ញុំសូមអរគុណសម្តេចបានវាយតម្លៃ ចំពោះភាពអំណត់របស់កម្ពុជា ខ្ញុំសូមអរគុណកម្ពុជាចំពោះការផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ភាគីយើងខ្ញុំ។
៨៖ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់
ជាថ្មីម្តងទៀត ក្នុងនាមក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល កងយោធពលខេមរភូមិន្ទ និងប្រជាជនកម្ពុជា បានទាន់ពេលវេលាតាមសំណូមពរចាំបាច់ ដែលជាការលើកកម្ពស់នូវចំណងសាមគ្គីភាពជាបងប្អូន និងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកងទ័ពប្រទេសយើងទាំងពីរកម្ពុជា-ចិន ។
ខ្ញុំសូមជូនពរលោក នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ ឲ្យបានប្រកបដោយសុខភាពបរិបូរណ៍ និងទទួលជោគជ័យគ្រប់ភារកិច្ច ដើម្បីនាំមកនូវសុភមង្គល និងវិបុលភាពថែមទៀតជូនកងទ័ព និងប្រជាជនចិន ក្នុងនាមជាបងប្អូន ជាមិត្តដែកថែប មិត្តអមតៈ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ“ជាមិត្តរួមសុខទុក្ខ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕