(ភ្នំពេញ)៖ លោកស្រី ឱន វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) នឹងលើកនូវសំណើមួយចំនួន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបើក ឬបន្ដបិទទីតំាងណាខ្លះ ដើម្បីធានាបានថា ការវិលត្រឡប់មកការរស់នៅធម្មតាក្នុងគន្លងថ្មី ក្នុងបរិបទប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នៅកម្ពុជា។
ការថ្លែងបែបនេះ របស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួង លើកទី៤ ដើម្បីពិនិត្យលទ្ធផល នៃការអនុវត្ដការការពារ ការចម្លងវីរុសកូវីដ១៩ និងវិធានការអនុវត្ដបន្ដ ដែលត្រូវបានប្រព្រឹត្ដទៅនៅ ទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។
លោកស្រីអ្នកនាំពាក្យបានថ្លែងបន្ដថា កិច្ចប្រជុំនេះបានលើនូវចំណុចកែតម្រូវ លើការលើកលែង ឬបន្ធូរបន្ថយវិធានការថ្មី ដោយប្រកាន់ភ្ជាប់នូវវិធានការការពារ ការចម្លងនូវវីរុសកូវីដ១៩ ដើម្បីកុំឱ្យមានការផ្ទុះឡើងនូវរលកទី២នៃវីរុសកូវីដ១៩។ ដោយប្រភេទនៃវិធានការអន្ដរាគមន៍នេះ ដោយមិនផ្អែកលើផ្នែកឱសថវិជ្ជានោះទេ (ជាសេវាផ្សេងៗ បិទសាលារៀន ភោជនីយដ្ឋាន ឬបំរាមផ្សេង-ល-)។
ក្នុងនោះ «ប្រភេទវិធានការចំនួន៥ ដែលបានលើកឡើងគឺ ទី១៖សម្រាប់គ្រួសារ បុគ្គល នៅក្នុងសហគមន៍, ២៖កន្លែងធ្វើការ, ទី៣៖សាលារៀន, ៤៖ទីកន្លែង និងព្រឹត្ដិការណ៍នានាៗដូចជា នៅតាមក្លឹបកំសាន្ដ ខារ៉ាអូខេ ឬការជួបជុំគ្នាតាមបែបសាសនា និងកម្មវិធីផ្សេង, ទី៥៖ការធ្វើដំណើរ និងច្រកចេញចូលអន្ដរជាតិ»។
លោកស្រីបន្ដថា «កិច្ចពិភាក្សានេះ គឺលើកយកដោយពិនិត្យលើនូវផលប៉ះពាល់ ផ្នែកសុខភាពសាធារណៈ និងសង្គមយ៉ាងម៉ត់ចត់ ពីព្រោះរាល់ការអនុវត្ដនូវវិធានាការរឹតបន្ដឹង ជាការចូលរួមចំណែកលើវិធានការ ពារការរាតត្បាតនៃលើជំងឺឆ្លងហើយ តែយើងត្រូវតែគិតគូរអំពីផលប៉ះពាល់ និងហានិភ័យផ្សេងៗទៀត ដែលយើងត្រូវប្រកាន់យកនៅពេលខាងមុខ។ ការគិតគូរនេះ ក៏ត្រូវតែមានការសិក្សាឱ្យបានច្បាស់លាស់ និងត្រូវពិនិត្យស្ថានភាព និងលទ្ធភាពនៃការចម្លង នៃវីរុសកូវីដ១៩នៅកម្ពុជា ក្នុងតំបន់ និងលើសកលលោកផងដែរ»។
ក្នុងអង្គប្រជុំមានគំនិតរួមគ្នា ដោយរិះរកនូវដំណោះស្រាយ និងវិធានក្នុងការកែតម្រូវ នូវវិធានការដែលត្រូវដាក់ចេញ ដើម្បីឆ្លើយតបទៅនឹងបរិបទ ដែលយើងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផង និងតម្រូវការជាក់ស្ដែង ដែលប្រជាពលរដ្ឋរស់នៅក្នុងជីវភាពប្រចាំថ្ងៃ ក្នុងគន្លងថ្មី ហើយក្នុងនោះគឺការទទួលខុសត្រូវរួមគ្នា ទៅលើដំណោះស្រាយ ដើម្បីសម្រាលនូវផលប៉ះពាល់សេដ្ឋកិច្ចប្រទេសជាតិ ។ លើសពីនោះ ការបិទនូវទីតាំងណាមួយ ទៅតាមដំណាក់ កាលទេសៈនៃការរាតត្បាតនៃជំងឺ កូវីដ១៩។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា «កិច្ចពិភាក្សានេះ យើងបានដាក់ចេញជារួមហើយ នឹងត្រូវរៀបចំជាជម្រើស សូមការណែនាំពិនិត្យ និងសម្រេចពី ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រសិនបើមានការបើកដំណើរការឡើងវិញ ឬការអនុវត្ដក្នុងការកែតម្រូវវិធានាការណាមួយនោះហើយ យើងនឹងប្រកាសជាផ្លូវការ»។
ទោះបីជាមានការដាក់ចេញ និងកែតម្រូវចំនុចណាមួយក៏ដោយ លោកស្រីបានបន្ដអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដវិធានការអនាម័យ៣ចំណុច ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩រួមមាន៖ ទី១៖ គឺត្រូវអនាម័យដៃស្អាត ទី២៖ ប្រើប្រាស់ម៉ាសនៅពេលចាំបាច់ ឬមានកន្សែង ក្រមា ពេលកណ្តាស់ និងពេលធ្វើដំណើរ និងទី៣៖ គឺត្រូវអនុវត្តនូវគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល៕