(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក កើត រិទ្ធ រដ្ឋមន្រ្តីថ្មីនៃក្រសួងយុត្តិធម៌ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួសលោក អង្គ វង្សវឌ្ឍានា។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ជាស្វ័យប្រវត្តិ។ នេះបើតាម មាត្រា៤ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ សមាជិកស្ថាប័ននេះមានចំនួន១១រូប ដែលក្នុងនោះមាន៣រូប ត្រូវតែក្លាយទៅជាសមាជិកស្វ័យប្រវត្តិ ក្នុងនោះរួមមានដូចជា៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ប្រធានតុលាការកំពូល, អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ដោយឡែកសមាជិកផ្សេងទៀត ត្រូវធ្វើឡើងតាមការជ្រើសតាំង៤រូប និងតាមរយៈការបោះឆ្នោត៤រូប។
សូមបញ្ជាក់ថា លោក កើត រិទ្ធ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍនា ដែលត្រូវបានដំឡើងឋានៈជា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។ លោក កើត រិទ្ធ ត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
លោក កើត រិទ្ធ បានក្លាយជារដ្ឋមន្ត្រីវ័យក្មេងមួយរូបទៀត បន្ទាប់ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្រាប់រាជរដ្ឋាភិបាលកម្ពុជា៕