(កំពង់ស្ពឺ)៖ តាមរយៈការចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជនបទគ្រប់ទីកន្លែង លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ តែងបានផ្តាំផ្ញើរ និងដាស់តឿនបងប្អូនប្រជាកសិករឱ្យនាំដាំដុះបន្លែបង្កា ចញ្ចឹមសត្វដើម្បីធានាបានការរស់នៅប្រចាំថ្ងៃ ក្នុងនោះដែរធ្វើការដាំដុះ ចញ្ចឹមសត្វទៅតាមបច្ចេកទេសកសិកម្មទើបទទួលផលបានល្អ។

ការជំរុញបែបនេះ របស់លោកភិបាលខេត្ត បានធ្វើឡើងនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកលោកដឹកនាំក្រុមការងារ ចុះសិក្សាស្វែងយល់ពីរបរកសិកម្ម របស់កសិករ នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានបន្តថា បើទោះបីបងប្អូនដាំដុះជាលក្ខណៈគ្រួសារក៏ដោយ តែបងប្អូនត្រូវយកបច្ចេកទេសកសិកម្មខ្លះៗមកអនុវត្ត និងកុំប្រើសារធាតុគីមីឱ្យសោះ ធ្វើឱ្យប៉ះពាល់ដល់សុខភាពយើង។

លោកអភិបាលខេត្ត បានសូមថ្លែងនូវការកោតសរសើរ ចំពោះពុក ម៉ែ មីង បងប្អូន ប្រជាពលរដ្ឋ អ្នកស្រុកគងពិសី ដែលបានខិតខំដាំដុះបន្លែបង្ការ ឡើងត្នោត ដើម្បីផ្គត់ផ្គង់ជីវភាព បន្ថែមទៅលើការធ្វើស្រែ ឬធ្វើជាកម្មករ កម្មការិនីរោងចក្រ សហគ្រាសតូចធំឱ្យរិតតែប្រសើរពីមួយថ្ងៃ ទៅមួយថ្ងៃក្រោមម្លប់នៃសន្តិភាព។

សូមបញ្ជាក់ថា លោក វ៉ី សំណាង រៀងរាល់ថ្ងៃឈប់សម្រាក ឬហៅថាចុងសប្តាហ៍ លោកតែងដឹកនាំក្រុមការងារ មន្ទីរពាក់ព័ន្ធ មន្ត្រីរាជការក្រោមឱវាទ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជួបការលំបាក និងមើលការដាំដុះដំណាំកសិកម្ម ជាពិសេសផ្តល់ដំបូន្មានបច្ចេកទេស ផ្នែកកសិកម្ម និងពូជដំណាំ ពូជសត្វដែលតម្រូវការចាំបាច់របស់កសិករប្រចាំថ្ងៃ៕