(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បង្ហាញប្រតិកម្មយ៉ាងខ្លាំងក្លា និងមិនអាចទទួលយកបាននោះឡើយ ចំពោះការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដែលចង់ឱ្យមានការផ្សឹកព្រះសង្ឃព្រះជន្នក្រោម ៥៦វស្សា ដើម្បីយកកម្លាំងពលកម្មទៅបម្រើវិស័យសំណង់កំពុងខ្វះខាត។ គណៈសង្ឃនាយក បានចាត់ទុកការលើកឡើងនេះ «ជាគំនិតខ្វះវិចារណញ្ញាណ»។
លោក ខាន់ សុវណ្ណ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនៅលើ Facebook របស់ខ្លួនឈ្មោះថា «សុវណ្ណ ខាន់ អពប» បានសរសេរថា «កម្ពុជាកំពុងខ្វះខាតកម្លាំង ពលកម្មក្នុងវិស័យសំណង់ និងត្រូវការកម្មករ ជំនាញ និងគ្មានជំនាញជាច្រើនម៉ឺននាក់ដើម្បីបង្គ្រប់ទីផ្សារ។ ១៖ ចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោម អាយុ៥៦ឆ្នាំចោលឲ្យអស់។ ២៖ ចាត់ការតម្លើងប្រាក់ឈ្នួលរបស់កម្មករសំណង់នោះឲ្យបានស្មើតម្លៃពលកម្មរបស់ប្រទេសថៃ។ តើអាចទៅរួចដែរទេ?»
នៅក្នុងសេចក្តីថ្លែងការណ៍ប្រតិកម្មការលើកឡើងរបស់លោក ខាន់ សុវណ្ណ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ គណៈសង្ឃនាយក បានគូសបញ្ជាក់ថា សំណេរ និងការលើកឡើងនេះ គណៈសង្ឃនាយកនៃកម្ពុជាសូមបដិសេធយ៉ាងដាច់ អហង្ការចំពោះគំនិតយោបល់នេះ ហើយពុំអាចទទួលយកបានជាដាច់ខាត។
ក្នុងសេចក្តីថ្លែងការណ៍នេះ គណៈសង្ឃនាយកយល់ឃើញថា គំនិតយោបល់របស់លោក ខាន់ សុវណ្ណ បានបង្កប់នូវអត្ថន័យខ្លឹមសារ និងការឆ្លុះបញ្ចាំងដូចខាងក្រោម៖
១៖ ភាពអសីលធម៌ គំនិតលាមក និងភាពយង់ឃ្នងសាហាវឃោរឃៅព្រៃផ្សៃបំផុត
២៖ ការប្រមាថមាក់ងាយមកលើព្រះសង្ឃពុទ្ធសាសនាគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស
៣៖ ការបង្វែរគំនិតមហាជនឱ្យដើរជាន់ដានប្រវត្តិសាស្ត្រ ល្វីងជូរចត់(បីឆ្នាំប្រាំបីខែម្ដែថ្ងៃ) ជារបប ខ្មៅងងឹតទមិឡឥតសាសនាដែលពិភពលោក និងមនុស្សជាតិស្អប់ខ្ពើមជាទីបំផុត
៤៖ រំលោភក្រមព្រហ្មទណ្ឌកម្ពុជាត្រង់មាត្រា៥១៦ ពីបទប្រមាថកាត់តឿនចំពោះព្រះសង្ឃ និងជា ការប៉ះពាល់ស្មារតីមាត្រា៤៣ នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាចែងថា ពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលរដ្ឋ មានកាតព្វកិច្ចការពារមិនឱ្យបុគ្គលណារំលោភបំពានបានឡើយ
៥៖ ជាការរំលោភសិទ្ធិមនុស្សជាសកលដែលចែងអំពីសិទ្ធិជំនឿ និងការរស់រានមានជីវិតប្រកប ដោយសេចក្ដីថ្លៃថ្នូរក្នុងភេទជាបព្វជិតក្ដី និងជីវភាពជាគ្រហស្ថក្ដី
៦៖ គំនិតខ្វះការគិតគូរវែងឆ្ងាយ ខ្វះពិសោធន៍ ខ្វះចំណេះដឹងប្រវត្តិសាស្ត្រ គ្មានសុចរិតភាព គ្មាន ភាពយុត្តិធម៌ និងគ្មានសេចក្ដីថ្លៃថ្នូរក្នុងការប្រើប្រាស់សំណេរ និងការបញ្ចេញមតិ។
៧៖ បង្កើតនូវភាពឈឺចាប់ និងការចងកម្មពៀរវេរាដល់យុវសង្ឃ និងពុទ្ធបរិស័ទ។
ក្នុងសេចក្តីថ្លែងការណ៍នេះ គណៈសង្ឃនាយកបានលើកឡើងយោងតាមប្រវត្តិសាស្ត្រកម្ពុជា គណៈសង្ឃនាយកសូមបញ្ជាក់ជូនថាព្រះសង្ឃពុទ្ធសាសនាកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម និងខ្លាំងក្លាទាំងសម្ភារៈទាំងស្មារតីក្នុងវិស័យសង្គមកិច្ច មនុស្សធម៌ និង វិស័យអប់រំ ពោលគឺបានជួយអប់រំកូនខ្មែរឱ្យចេះស្គាល់អំពើល្អ អំពើអាក្រក់ បុណ្យ បាប គុណទោស ខុសត្រូវ លះបង់អកុសល បំពេញសេចក្ដីល្អ ឱ្យមានសីលធម៌ សុជីវធម៌ និងឱ្យចេះគោរពមាតាបិតា ចាស់ទុំព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង ថែមទាំងបានធ្វើជាស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទ ក្នុងនាមជាសម្មតិ សង្ឃ បានរៀបចំអប់រំបន្ទំចិត្តប្រកបដោយសីល សមាធិ បញ្ញា រួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ពុទ្ធសាសនា ជាមត៌កជាតិ ព្រលឹងជាតិ និងអត្តសញ្ញាណជាតិខ្មែរ។
គណៈសង្ឃនាយក បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍នោះ ទោះបីជាក្នុងបច្ចុប្បន្នកាលក៏ដូចជាក្នុងអតីតកាល ភាពខុសឆ្គងរបស់អ្នកបួសមួយចំនួនតូចពិតជាមានខ្លះ ប៉ុន្តែពុំមែនទាំងអស់នោះឡើយ។ ផ្ទុយទៅវិញ គណៈសង្ឃនាយកកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការចាត់វិធានការ ដោះស្រាយប្រកបដោយតម្លាភាពមិនឱ្យបុគ្គលប្រព្រឹត្តខុសវិន័យបន្តភាពជាសង្ឃតទៅទៀតនោះទេ។
គណៈសង្ឃនាយក បានស្នើលោក ខាន់ សុវណ្ណ ក្រឡេកមើលប្រវត្តិសាស្ត្រខ្មែរឱ្យបានស៊ីជម្រៅវែងឆ្ងាយដែលកម្ពុជាបានឆ្លងកាត់ ហើយមើលឱ្យឃើញទាំងអ្វីដែលល្អ ទាំងអ្វីដែលអាក្រក់ ទាំងអ្វីដែលខាត ទាំងអ្វីដែលចំណេញសម្រាប់វប្បធម៌ សាសនា និងប្រពៃណី ទំនៀម ទម្លាប់។ ជាពិសេសគួរមើលឃើញចំណុចល្អវិជ្ជមានរបស់ព្រះសង្ឃគ្រប់ជំនាន់ចំពោះសង្គមខ្មែរផង សូមកុំមើលតែចំណុចណាដែលអាក្រក់ៗអវិជ្ជមានបន្តិចបន្តួចរបស់ព្រះសង្ឃតែម្យ៉ាងប៉ុណ្ណោះ សូមមើលព្រៃទាំង មូលកុំមើលឈើមួយដើម។
ក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា ក្នុងសង្គមកម្ពុជាទាមទារឱ្យកង់ពុទ្ធចក្រត្រូវដើរទន្ទឹមនឹងអាណាចក្រ ព្រោះពុទ្ធចក្រជាប្រភពនៃសីលធម៌សង្គមខ្មែរ អាណាចក្រជាអ្នកបង្កើតនូវសម្ភារៈសេដ្ឋកិច្ចសង្គម ដូច្នេះកង់ទាំង ពីរត្រូវបំពេញឱ្យគ្នាទៅវិញទៅមក។ វិទ្យាសាស្ត្រពុំអាចខ្វះសីលធម៌បានឡើយ ហើយសីលធម៌ក៏ពុំអាចខ្វះ វិទ្យាសាស្ត្រនោះដែរ។
គណៈសង្ឃនាយកបានសម្តែងការសោកស្ដាយជាទីបំផុត ហើយថ្កោលទោសចំពោះសំណេរ និងការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដោយចាត់ទុកថា ជាការ ខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យ ប្រកបដោយភាពអគតិ និងទុទិដ្ឋិនិយម ដើរថយក្រោយ គំនិតផ្ទុយពី វឌ្ឍនភាពសង្គម សាសនា និងវប្បធម៌។
គណៈសង្ឃនាយក ក៏បានសូមមហាជនខ្មែរគ្រប់រូបកុំដើរតាមនិងអនុវត្តនូវគំនិតយោបល់ របស់បុគ្គលខាងលើ ព្រោះជាហេតុនាំឱ្យជួបវិនាសកម្មហិនហោចខ្លោចផ្សារ ដល់សង្គមកម្ពុជាសាជាថ្មីម្ដងទៀត។ ផ្ទុយមកវិញ សូមមហាជនខ្មែរគ្រប់រូបមានការរួបរួមសាមគ្គីគ្នារក្សាការពារសន្តិភាព និងតម្លៃពុទ្ធ សាសនា ព្រមទាំងព្រះសង្ឃដោយជ្រកក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងចូលរួមគាំទ្រ យ៉ាងពេញទំហឹងនូវការរីកចម្រើនរុងរឿងលើគ្រប់វិស័យនៃសង្គមកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
សូមបញ្ជាក់ថា សម្រាប់កម្ពុជាមានតែនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពតមួយប៉ុណ្ណោះ ដែលបានលុបបំបាត់រាល់ជំនឿសាសនា និងបង្ខំព្រះសង្ឃឱ្យលាចាកសិក្ខាបទ។ ចាប់តាំងពីរបបប្រល័យពូជសាសន៍ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ជំនឿ និងសាសនាត្រូវបានលើកតម្កើងឡើងវិញ។
រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងធ្លាប់មានអតីតភាពជាក្មេងវត្តរស់ដោយបាយបាត្រផងនោះ បានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងជ្រោងទង់ព្រះពុទ្ធសាសនា និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យរីកចម្រើនឡើង។ សម្តេចតេជោ ធ្លាប់បានគូសបញ្ជាក់ផងដែរថា ពុទ្ធចក្រ និងអាណាចក្រ ជាខ្សែចំណងមួយដែលមិនខ្វះគ្នាបាននោះឡើយ។
ការលើកឡើងរបស់លោក ខាន់ សុវណ្ណ បាននាំឱ្យព្រះសង្ឃ និងប្រជាពុទ្ធបរិស័យដែលគោរព និងមានជំនឿមុតមាំចំពោះព្រះពុទ្ធសាសនា កំណត់ក្នុងរដ្ឋធម្មនុញ្ញជាសាសនារបស់ជាតិនោះ បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងក្លាផងដែរ។
ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ដែលបានប្រតិកម្មចាត់ទុកការលើកឡើងរបស់លោក ខាន់ សុវណ្ណ នាំដល់ការជាន់ឈ្លីតម្លៃនៃព្រះពុទ្ធសាសនា ដែលត្រូវបានការពារដោយច្បាប់នៅកម្ពុជា៕
ខាងក្រោមជាសេចក្តីថ្លែងការណ៍ របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា៖