(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១ករណីទៀត ដែលជាស្ត្រីខ្មែរត្រឡប់មកពីសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែឧសភានេះ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរដែលបានឆ្លងជំងឺកូវីដ១៩ មានអាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរ ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជា តាំងពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។
តាមព័ត៌មានផ្តល់ដោយស្ត្រីរូបនេះ គឺគាត់បានទៅសហរដ្ឋអាមេរិក (ទីក្រុងញូវយ៉ក) តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រួចបានបន្តនៅទីនោះមួយរយៈ ដោយមានការបិទ ជើងហោះហើរធ្វើដំណើរត្រឡប់មកវិញមិនបាន។ ពេលមកដល់កម្ពុជាវិញ គាត់បានធ្វើការរស់នៅដាច់ដោយឡែកដោយខ្លួនឯង (Self quarantine ) ហើយបានទៅពិនិត្យសុខភាព និងធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក ដែលទទួលបានលទ្ធផលអវិជ្ជមាននៅ ពេលនោះ។ គ្រូពេទ្យបានណែនាំឱ្យគាត់បន្តធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អាការៈរបស់គាត់មិនមានភាពធូរស្រាល ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ គាត់ក៏ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាក របស់គាត់ទៅវិភាគសាជាថ្មីម្ដងទៀត ដែលទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា បច្ចុប្បន្នស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប១២៤នាក់ (ស្រី ៣៩នាក់ និងបុរស ៨៥នាក់) ព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២២នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន០២នាក់ (ស្ត្រី០១នាក់ និងបុរស០១នាក់)។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការការពារ ខ្លួនជាចាំបាច់ នៅក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ពី បុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងការពារកុំឱ្យមានរលកទីពីរនៃការចម្លងវីរុសនេះ ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលបានផ្តល់ជាហូរហែររួចមកហើយ៕