(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ការបំផុសឱ្យប្រជាពលរដ្ឋកុំសងបំណុលគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងមិនអាចទៅរួចឡើយ ទោះជានៅកន្លែងណាក៏ដោយ។
ថ្លែងក្នុងពិធីប្រកាសតែងតាំងអភិបាលថ្មីខេត្តកែប នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គេបានបំផុសអំពីបញ្ហាបំណុល ការជំពាក់បំណុល រហូតដល់ទាមទារថាមិនឱ្យសង ដែលនេះជាការឃោសនាដែលមិនអាចធ្វើទៅបានទេ ព្រោះកាលណាជំពាក់គេត្រូវតែសង គ្រាន់តែថាពន្យារពេលយ៉ាងណា ដើម្បីឱ្យគ្នាមានលទ្ធភាពអញ្ចឹងទេ ប៉ុន្តែបើថាជំពាក់ហើយមិនសង អាហ្នឹងទៅមិនរួចទេ នៅកន្លែងណាក៏ទៅមិនរួចដែរ»។
ចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតជួបការលំបាក ដោយសារថមថយចំណូលនោះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ សិក្សាលទ្ធភាពដើម្បីសម្រួលដល់អ្នកជំពាក់បំណុលក្នុងកម្រិតណាមួយ។ បន្ទាប់ពីមានការអំពាវនាវនេះ មានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន បានដាក់ចេញនូវវិធានការដោយខ្លះមិនផាកពិន័យលើការបង់ប្រាក់យឺតយ៉ាវ ខ្លះទៀតអនុញ្ញាតឱ្យពន្យារពេលបង់ប្រាក់ដើមផងដែរ។
ទោះជាយ៉ាងនេះក្តី ក្រុមប្រឆាំងក្រៅច្បាប់បានឆ្លៀតយកឱកាសនេះ ញុះញង់ឱ្យប្រជាពលរដ្ឋបង្កភាពអនាធិបតេយ្យ។ រយៈពេលច្រើនថ្ងៃមកហើយ លោក សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ បានញុះញង់ឱ្យប្រជាពលរដ្ឋដែលមានបំណុល ឈប់សងប្រាក់ទៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតទៅទៀត ក្រោមមូលហេតុថា ពលរដ្ឋបាត់បង់ចំណូល។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានញុះញង់នោះ សម្តេចក្រឡាហោម ស ខេង បានជំរុញឱ្យមន្រ្តីត្រូវធ្វើការតាមដានជាប្រចាំនូវព័ត៌មានមិនពិត ជាលក្ខណៈញុះញង់ ហើយធ្វើការបកស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់។ សម្តេចបានបន្តថា បើមិនដូច្នោះទេ ព័ត៌មានទាំងនោះអាចធ្វើឱ្យមានការយល់ច្រឡំ ហើយប៉ះពាល់ដល់ស្ថិរភាពនយោបាយ៕