(ភ្នំពេញ)៖ ក្រុមហ៊ុនសិង្ហបុរី Swan & Maclaren និង SCA អបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បីរួមបញ្ចូលនូវជំនាញឯកទេសរបស់ក្រុមហ៊ុនទាំងពីរសំដៅពង្រីកបន្ថែមនូវវត្តមាន និងសេវាកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។

 SCA ចូលរួមនៅក្នុងបណ្តាញរបស់ Swan & Maclaren ដើម្បីឱ្យមានការរីកចម្រើននៅក្នុងតំបន់អាស៊ី ។ ការសហការក្នុងភាពជាដៃគូនឹងអនុញ្ញាតឱ្យ SCA ក្លាយជាមជ្ឈមណ្ឌលផ្តល់ដំណោះស្រាយច្រកចេញចូលតែមួយដើម្បីនាំយកស្តង់ដារសិង្ហបុរីមកកាន់ទីផ្សារកម្ពុជាលើដំណោះស្រាយសិក្សាគម្រោងប្លង់ និងផ្នែកគ្រប់គ្រង។ Swan & Maclaren ផ្តល់ជូននូវសេវាកម្មពិសេសនៅក្នុងការសិក្សាគម្រោងប្លង់ និងស្ថាបត្យកម្ម រួមជាមួយនឹងសេវាកម្មពិសេសៗរបស់ SCA សម្រាប់ផ្នែកខាងក្នុងអគារ និងឋបនកម្មសំណង់។ សេវាកម្មរួមមាន៖ ការសិក្សាគម្រោងប្លង់មេ ប្លង់ស្ថាបត្យកម្ម ប្លង់រចនាខាងក្នុងអគារ ប្លង់ទេសភាព ការសាងសង់សំណង់ និងឋបនកម្ម (គ្រឿងឈើ គ្រឿងសង្ហារិម ការបំពាក់ភ្លើងបំភ្លឺ គ្រឿងបរិក្ខារ និងសម្ភារបន្ទាប់បន្សំ) ។

យោងតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបានឯកភាពគ្នា ក្រុមហ៊ុន Swan & Maclaren និង SCA នឹងរួមបញ្ចូលគ្នាជាលក្ខណៈយុទ្ធសាស្ត្រនូវជំនាញឯកទេស និងការប្រតិបត្តិល្អបំផុតរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការនាំយកស្តង់ដារសិង្ហបុរី នៃការសិក្សាគម្រោងប្លង់និងឧត្តមភាព នៃការសាងសង់សំណង់ជូនដល់ប្រជាជនកម្ពុជា។

ការអនុវត្តរាប់ចាប់ពីការសិក្សាគម្រោងប្លង់ រហូតដល់ការបញ្ចប់គម្រោងជាស្ថាពរនឹងត្រូវ ធ្វើឡើងដោយប្រកាន់ខ្ជាប់ជានិច្ច នូវក្រមប្រតិបត្តិរបស់សិង្ហបុរី។

វត្តមានរបស់ SCA នៅក្នុងប្រទេសកម្ពុជារួមជាមួយបទពិសោធន៍ គម្រោងនៅកម្ពុជាជាង ៧ ឆ្នាំរបស់ Swan & Maclaren នាំមកនូវអភិក្រមនិងសេវាកម្ម ដែលបំពេញឱ្យគ្នាទៅវិញទៅមករវាងក្រុមហ៊ុនទាំងពីរ នៅក្នុងការអភិវឌ្ឍថ្នាក់តំបន់ និងអន្តរជាតិដែលផ្តោតការយកចិត្តទុកដាក់ទៅលើអតិថិជន នៅក្នុងទីផ្សារកម្ពុជា។ ការសហការក្នុងភាពជាដៃគូ ដែលនឹងមានប្រសិទ្ធភាពអនុវត្តភ្លាមៗ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនទាំងពីរ មានជំហរកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា។

លោក Darryl Ong ជានាយកក្រុមហ៊ុន SCA បានមានប្រសាសន៍ថា «ជាមួយនឹងការដាក់បញ្ចូលបន្ថែមនូវ Swan & Maclaren នោះថាមពលនិងសេវាកម្មរបស់ SCA បានកើនឡើងទ្វេដងភ្លាមៗ។ សម័យកាលនៃការរីកចម្រើនតាមបែបធម្មតា គឺកន្លងហួសទៅហើយដោយ SCA ទាញយកប្រយោជន៍ពីថាមពលនៃភាពជាដៃគូជាយុទ្ធសាស្ត្រ។ ភាពជាដៃគូជាយុទ្ធសាស្ត្រផ្តល់ប្រយោជន៍ដល់មនុស្សគ្រប់គ្នា - ក្រុមហ៊ុនអាជីវកម្ម និយោជិត និងអតិថិជន។ ក្រុមហ៊ុនអាជីវកម្ម អាចពង្រីកការផ្សព្វផ្សាយទៅដល់ទីផ្សារគោលដៅរបស់ពួកគេ និងជំរុញការយល់ដឹងអំពីម៉ាក។ អតិថិជនទទួលបានអត្ថប្រយោជន៍ពីភាពខ្លាំង និងការផ្តល់ជូនដែលអង្គភាពនីមួយៗ នាំមកជាមួយហើយនិយោជិត នឹងអាចពង្រីកសមត្ថភាពអភិវឌ្ឍន៍របស់ពួកគេ ដោយការទាញយកប្រយោជន៍ ពីការឆ្លងកាត់នូវទស្សនវិស័យ និងជំនាញឯកទេសខាងឧស្សាហកម្មថ្មីៗ។ លើសពីនេះទៀតទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងអាជីវកម្មដែលបំពេញឱ្យគ្នាទៅវិញទៅមក នឹងពង្រឹងកិច្ចសហការឱ្យកាន់តែរឹងមាំ និងយូរអង្វែងដែលអនុញ្ញាតឱ្យ ក្រុមហ៊ុនផ្តល់ជូននូវដំណោះស្រាយ ដែលផ្តល់ថាមពលដល់អតិថិជនរបស់ពួកគេ ឱ្យទទួលបានជោគជ័យ។ Swan & Maclaren ពិតជាមានភាពស័ក្តិសមបំផុត!»

លោក Ryan Chin ជានាយកនៅ SCA បានមានប្រសាសន៍ថា «នៅពេលដែលអតិថិជនរបស់យើង បន្តជំរុញឱ្យមានដែនកំណត់នៃការសិក្សាគម្រោងប្លង់នោះភាពសម្បូរបែប នៃការផ្តល់ជូនរបស់ SCA អនុញ្ញាតឱ្យយើងពង្រីកបន្ថែម នូវសមត្ថភាពក៏ដូចជាទំនាក់ទំនង។ ដោយការធ្វើដំណើរជាមួយ Swan & Maclaren យើងមានក្តីរំភើបចំពោះ សេវាកម្មជាច្រើនដែលយើងអាចផ្តល់ជូនអតិថិជនរបស់យើងប្រកបដោយទំនុកចិត្ត»

លោក Matthew Hon នាយកក្រុមហ៊ុន Swan & Maclaren បានថ្លែងថា «Swan & Maclaren មានការរំភើបយ៉ាងខ្លាំងចំពោះកិច្ចសហការនេះ ហើយនេះនឹងពង្រឹងយ៉ាងខ្លាំង នូវគោលការណ៍ដ៏ល្បីល្បាញ គឺការប្រមូលផ្តុំគ្នាជាការចាប់ផ្តើមរួមរស់ជាមួយគ្នា ជាវឌ្ឍនភាពនិងធ្វើការរួមគ្នាជាជោគជ័យ ។ ដោយការប្រតិបត្តិបែបនេះ យើងអាចឈានដល់កម្រិតសេវាកម្មកាន់តែខ្ពស់ និងផ្តល់ដល់អតិថិជនទាំងអស់របស់យើង»

អំពី Swan & Maclaren

ដោយបានបង្កើតឡើងក្នុងឆ្នាំ១៨៩២ Swan & Maclaren គឺជាក្រុមហ៊ុនស្ថាបត្យកម្មចំណាស់ជាងគេបំផុត នៅក្នុងប្រទេសសិង្ហបុរី។ អស់រយៈពេលជាង ១២៨ ឆ្នាំមកហើយដែលក្រុមហ៊ុននេះ មានការលេចធ្លោ នៅក្នុងកិច្ចប្រតិបត្តិការរហូតបានឈ្នះពានរង្វាន់ស្នាដៃការងារជាច្រើន ដូចជា សណ្ឋាគារ Raffles (សិង្ហបុរី) សណ្ឋាគារ Goodwood Park (សិង្ហបុរី) ធនាគារហុងកុង សៀងហៃ (សិង្ហបុរី) ជាដើម។

បច្ចុប្បន្ន Swan & Maclaren នៅតែបន្តកសាងកេរ្តិ៍ឈ្មោះកាន់តែខ្លាំងឡើងៗនៅទូទាំងតំបន់អាស៊ី លើការរៀបចំប្លង់មេអគារនិងការអភិវឌ្ឍន៍ចម្រុះជាមួយនឹងកំណើនគម្រោងរហូតដល់ឃើញមាន​ Swan & Maclaren នៅក្នុងបណ្តាប្រទេសជាង២០និងបង្កើតការិយាល័យប្រចាំតំបន់ចំនួន៧នៅតំបន់អាស៊ីអាគ្នេយ៍។ គម្រោងដែលគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះរួមមាន៖ គម្រោងពង្រីកផ្នែកវេជ្ជសាស្រ្តរបស់ Raffles (សិង្ហបុរី), GSH ផ្លាហ្សា(សិង្ហបុរី) ផ្សារទំនើបIpoh Parade (ម៉ាឡេស៊ី) មន្ទីរពេទ្យ Raffles ឆុងឈីង (ប្រទេសចិន), Accor Novotel Suites Dalat (វៀតណាម), Euroville ភ្នំពេញ (កម្ពុជា) និងអគារខុនដូ Royal Platinum (កម្ពុជា) ។

ទំហំនៃការអភិវឌ្ឍន៍នេះបានអនុញ្ញាតឱ្យក្រុមហ៊ុន ផ្តល់នូវសេវាកម្មយ៉ាងពេញលេញ ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជននៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ចិន វៀតណាម ថៃ និងកម្ពុជា។

អំពី SCA

SCA គឺជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន Soho Living Group (ប្រហែលនៅឆ្នាំ២០០៩)។ ចាប់តាំងពីពេលនោះមក SCA បានរីកចម្រើនយ៉ាងខ្លាំងពេញមួយឆ្នាំៗ។ ទីស្នាក់ការកណ្តាលរបស់ SCA ស្ថិតនៅប្រទេសសិង្ហបុរីជាមួយនឹងការិយាល័យរណបនៅក្នុងប្រទេសម៉ាឡេស៊ី ថៃ និងកម្ពុជា។

SCA រក្សានូវសេវាកម្មដ៏សម្បូរបែប ជាមួយជំនាញឯកទេសលើស្ថាបត្យកម្មផ្នែកខាងក្នុងអគារការសិក្សាគម្រោងប្លង់ និងសាងសង់សំណង់និងការបំពាក់សម្ភារបរិក្ខារសម្រាប់គម្រោងសាជីវកម្ម បដិសណ្ឋារកិច្ច លំនៅដ្ឋានអាជីវកម្មលក់រាយ និងគម្រោងចម្រុះ។

លើសពីនេះផ្នែកអភិវឌ្ឍន៍អចលនទ្រព្យរបស់ SCA គឺជាសេវាផ្តល់ប្រឹក្សាមួយដែលមានឯកទេសក្នុងការវិនិយោគរួមចម្រុះរវាងម្ចាស់អចលនទ្រព្យ និងវិនិយោគិនក្នុងវិស័យស្ថាបត្យកម្ម។

សម្រាប់ព័ត៌មានបន្ថែមអំពី Swan & Maclaren សូមទំនាក់ទំនង៖
+៦៥ ៦២២២ ៩១១៣ ឬអ៊ីមែល: [email protected]

សម្រាប់ព័ត៌មានបន្ថែមអំពី SCA សូមទំនាក់ទំនង៖
+៨៥៥ (០) ៨៩ ៨៨៨ ៣៩៨ ឬអ៊ីមែល: [email protected]