(សៀមរាប)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចេះម្ចាស់ការដោយខ្លួនឯង ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តសៀមរាប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន។ លោក ប៉ាន សូរស័ក្តិ បានជំរុញឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។

បន្ថែមពីលើនោះត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវាកម្ម ឱ្យកាន់តែសកម្មថែមទៀត ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋកំឡុងពេលការរាត្បាតនៃជំងឺកូវីដ១៩នេះ និងត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលមានថ្មីៗ ដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្ម ជាពិសេស ការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ដែលច្បាប់នេះទើបតែដាក់ឱ្យប្រើប្រាស់ និងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មកំពុងរៀបចំនីតិវិធីសម្រាប់គ្រប់គ្រងការងារនេះ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្តទៀតថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.បខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដី ចុះពង្រឹងការអនុវត្តបទបញ្ញត្តិនានា ទាក់ទងនឹងការលើកផ្លាកយីហោភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងកំសាន្ត និងទីតាំងផេ្សងៗទៀតដែលមានលក្ខណៈមិនសមស្របតាមលក្ខណៈបចេ្ចកទេស។ល និងត្រូវសហការណ៍ជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពី ការកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កុំចាំតែក្រុមការងារពង្រឹងមន្ទីរថ្នាក់ជាតិចុះមកធ្វើ គឺត្រូវចេះម្ចាស់ការដោយខ្លួនឯង។ ម្យ៉ាងទៀតត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង៕