(ត្បូងឃ្មុំ)៖ ឆៀកចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្តរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដែលមានទីតាំងនៅខាងក្រោយរបងសាលាខេត្តត្បូងឃ្មុំ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

គិតត្រឹមថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២០ រយ:ពេល៦ថ្ងៃកន្លងទៅ ម្ចាស់យានយន្ត បាននាំយករថយន្តតូចធំគ្រប់ប្រភេទរាប់រយគ្រឿង សម្រុកមកបន្តកន្ទុយគ្នាតាំងពីព្រឹកព្រលឹម រហូតដល់យប់ ដើម្បីធ្វើការឆៀក តែក្នុងនោះមានចំនួន៦៥៦គ្រឿងប៉ុណ្ណោះ គឺក្នុងមួយថ្ងៃជាង១០០គ្រឿង ដែលបានឆៀករួចរាល់ ខណៈនៅថ្ងៃទី៣១នេះ ឆៀកចល័តបានបន្តទៅខេត្តកំពង់ធំ តាមការកំណត់របស់ក្រសួងសាធារណៈការ។

បើតាមលោក ពាង វិចិត្រ អនុប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ទទួលបន្ទុកដឹកនាំឆៀកចល័តបានឲ្យដឹងថា មកដល់ល្ងាចថ្ងៃទី៣០ ខែឧសភា មានយានយន្តតូចធំ ដែលបានត្រួតពិនិត្យបច្ចេកទេស (ឆៀក) រួចចំនួនជាង៦៥៦គ្រឿង។ ក្នុងនោះមានប្រភេទរថយន្តដូចជា៖

* រថយន្ត ទេសចរណ៍ចំនួន ៣៧៥គ្រឿង
* រថយន្ត ដឹក អ្នកដំណើរតូចចំនួន ៦៣គ្រឿង
* រថយន្ត ដឹកអ្នកដំណើរធំចំនួន ០២គ្រឿង
* រថយន្ត ដឹកទំនិញធុនតូចចំនួន ៥២គ្រឿង
* រថយន្ត ដឹកទំនិញធុនធំចំនួន ១៥៤គ្រឿង
* រថយន្ត ក្បាលសណ្តោងចំនួន ០៧គ្រឿង
* សឺមីរ៉ឺម៉ក់ចំនួន ០៤គ្រឿង

លោក ពាង វិចិត្រ បញ្ជាក់ទៀតថា ចំពោះម្ចាស់យានយន្តចាស់ ត្រូវយកមកជាប់ជាមួយនូវរថយន្ត ដែលត្រូវត្រួតពិនិត្យ និងវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចាស់ និងច្បាប់ថតចម្លង (COPY)ប័ណ្ណសំគាល់យានយន្ត (កាតគ្រី) មួយសន្លឹក និងចំពោះយានយន្តថ្មីត្រូវ ថតចម្លង (COPY) សន្លឹកពន្ធនាំចូលមួយសន្លឹក និងថតចម្លង (COPY) អត្តសញ្ញាណប័ណ្ណចំនួនមួយសន្លឹក ហើយមួយវិញទៀតចំពោះការត្រួតពិនិត្យនេះ គឺពិនិត្យទៅលើប្រព័ន្ធភ្លើងបំភ្លឺផ្លូវ ចង្កូត ប្រព័ន្ធហ្វ្រាំង សំបកកង់ កំរិតល្បឿន ជាដើម-ល-។

លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា ការត្រួតពិនិត្យយានយន្តនេះ ជាការសម្រួលដល់ប្រជាពលរដ្ឋ លើការត្រួតពិនិត្យដែលកាលពីមុន គឺម្ចាស់យានយន្តត្រូវទៅធ្វើការត្រួតពិនិត្យ នៅឯខេត្តដទៃដែលនៅជិតគ្នា តែពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់ម៉ាស៊ីនចល័តធ្វើការត្រួតពិនិត្យ ដើម្បីកាត់បន្ថយការចំណាយថវិកា និងពេលវេលា ដែលពិតជាផ្តល់លក្ខណៈងាយស្រួល ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តទាំងអស់គ្រប់ប្រភេទ ពិសេសនៅក្នុងខេត្តត្បូងឃ្មុំនេះតែម្តង៕