(ព្រះវិហារ)៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ទៅតាមពាក្យបណ្តឹងស្ត្រីជាប្រពន្ធ ពីបទប៉ុនប៉ងចាប់រំលោភកូនស្រីចុងរបស់ខ្លួន ដែលជាអនិតិជន។

វរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ពេត សេន ភេទប្រុស អាយុ៧៥ឆ្នាំ មុខរបរកសិករ ចំណែកក្មេងស្រីរងគ្រោះជាកូនចុង មានឈ្មោះ គ.ស.ខ ភេទស្រីអាយុ១១ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកអធិការបានបញ្ជាក់រៀបរាប់ថា កាលពីម៉ោង០៦៖១៥នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ម្តាយក្មេងស្រីរងគ្រោះបានចេញក្រៅ ដើម្បីទៅទិញម្ហូប គាប់ជួនគាត់ភ្លេចយកលុយទៅក៏ត្រឡប់មកវិញ ស្រាប់តែឃើញប្តីរបស់គាត់កំពុងធ្វើសកម្មភាពរំលោភលើកូនរបស់គាត់ៗ ក៏ស្រែកសួរថាធ្វើអី ពេលនោះប្តីនិយាយថា ប្រលែងលេងជាមួយកូន។

ដោយអត់ទ្រាំនឹងទង្វើថោកទាបរបស់ប្តីមិនបាន ស្ត្រីជាម្តាយក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទឹកក្រហម ឲ្យចាប់ខ្លួនប្តីរបស់ខ្លួន។

បច្ចុប្បន្នជនសង្សយ័ត្រូវបាន សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បញ្ចូនខ្លួនមកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕