(ពោធិ៍សាត់)៖ អង្ករ៨តោន និងមី៤០០កេស ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបាននាំយកទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន២ ក្នុងនោះមានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់។

តំបន់ប្រតិបត្តិការសឹករងកំពង់ធំទទួលបានអង្ករ ៣តោន និងមីចំនួន ២០០កេស និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ទទួលបានអង្ករ ៥តោន និងមីចំនួន ២០០កេស។ អំណោយទាំងនេះគឺសម្រាប់អង្គភាពទាំង២ យកទៅប្រើប្រាស់ និងផ្គត់ផ្គង់សម្រាប់ការងារសមាគមអតីតយុទ្ធជន។

ក្នុងនាមតំបន់ប្រតិបត្តិការសឹករងខេត្តទាំងពីរ លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងអតីតយុទ្ធជនទាំងអស់ បានគោរពថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅ និងដោះស្រាយការលំបាកចំពោះមុខរបស់យោធិន ក៏ដូចជាអតីតយុទ្ធជនជាបន្តបន្ទាប់៕