(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យលេខ ៣៩។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) កន្លងទៅការរឹតបណ្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានដំណើរការយ៉ាងល្អប្រសើរ និងទទួលលទ្ធផលដូចខាងក្រោម៖

១៖ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន៣២,៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧%។

២៖ បើប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% (៣៤២/៥០៤នាក់)។ ប៉ុន្តែបើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២០ នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៨លើក ស្មើ១១% (២១៨/២៤៦លើក) អ្នកស្លាប់ថយចុះ ១៤នាក់ ស្មើ១១% (១១៣/១២៧នាក់) អ្នក របួសថយចុះ២៦នាក់ ស្មើ៧%(៣៤២/៣៦៨នាក់)។

ចំណុចកត់សម្គាល់នោះគឺ អ្នកប្រើប្រាស់ផ្លូវយ៉ាងច្រើន លើសលប់នៅទូទាំងប្រទេស បានចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស បើកបរ ដោយមានការយោគយល់អធ្យាស្រ័យ និងមានសណ្ដាប់ធ្នាប់ល្អ ដែលបានឆ្លុះបញ្ចាំងអំពីចូលរួមលើកកម្ពស់ កិត្តិយស និងភាពថ្លៃថ្នូររបស់សង្គមជាតិ និងជាប្រភពលើកទឹកចិត្តដល់កងកម្លាំងអនុវត្តច្បាប់ឱ្យកាន់តែមាន ស្មារតីខ្ពស់ ក្នុងការបំពេញភារកិច្ចរឹតបណ្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកផងដែរ។

៣៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងអំណរគុណដល់សាធារណជនដ៏ច្រើនលើសលប់ ដែលបានចូលរួមគោរព អនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងគាំទ្រការរឹតបណ្ដឹងការអនុវត្តច្បាប់ និងសូមកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងមន្ត្រីអនុវត្តច្បាប់នៃស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចដ៏ថ្លៃថ្លា ជំរុញការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក និងការបម្រើសេវាសាធារណៈ ប្រកបដោយភាពថ្លៃថ្នូរ ទន់ភ្លន់សុភាពរាបសារ និងម៉ឺងម៉ាត់ ក្នុងស្មារតីទទួល ខុសត្រូវខ្ពស់។

៤៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងអំណរគុណ និងទទួលយកនូវមតិរិះគន់ ក៏ដូចជាសំណូមពរនានា ដើម្បីពិនិត្យឆ្លុះបញ្ចាំង និងកែលម្អទាន់ពេលវេលានូវកង្វះខាតទាំងឡាយ សំដៅធ្វើឱ្យការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកកាន់តែល្អប្រសើរឡើងថែមទៀត។ ចំពោះកំហុសឆ្គងជាលក្ខណៈបុគ្គលរបស់មន្ត្រី នគរបាលចរាចរណ៍ផ្លូវគោកមួយចំនួនតូច ដែលបានអនុវត្តខុសឆ្គងទៅនឹងគោលការណ៍ ខ្វះសីលធម៌ មាន ឥរិយាបថមិនល្អត្រូវបានធ្វើការអប់រំ កែលម្អ និងអនុវត្តវិន័យយ៉ាងម៉ឺងម៉ាត់។ ទន្ទឹមនោះ តាមរយៈនៃការ កែលម្អរាល់កំហុសឆ្គង ដែលបានកើតឡើងកន្លងទៅ និងការបកស្រាយបំភ្លឺអំពីគោលការណ៍ និងគុណប្រយោជន៍ នៃការរឹតបណ្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជូនសាធារណជន ដោយបានលុបបំបាត់នូវការភ័ន្តច្រឡំ ពីសាធារណជន និងប្រជាពលរដ្ឋ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ព្រមទាំងបានបន្សាបនូវឥទ្ធិពលនៃ ការញុះញង់ពីសំណាក់ក្រុមជនអគតិមួយចំនួន ដែលបានប្រឌិតផ្សព្វផ្សាយព័ត៌មាន មិនពិត មានភាពលម្អៀង ក្បត់មនសិកាវិជ្ជាជីវៈ ដើម្បីកេងចំណេញនយោបាយ។

៥៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមជម្រាបជូនដល់សាធារណជនថា កងកម្លាំងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងបន្តធ្វើការរឹតបន្ដឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយភាពម៉ឺងម៉ាត់ និងសីលធម៌វិជ្ជាជីវបន្តទៀត។ ម៉្យាងវិញទៀត បើទោះបីជាក្នុងខែឧសភាកន្លងទៅនេះ ស្ថានភាពចរាចរណ៍មានភាពកាន់តែល្អប្រសើរក្ដី ប៉ុន្តែ ករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមានតែតួលេខគួរឱ្យបារម្ភ ជាពិសេសអត្រាខ្ពស់នៃគ្រោះថ្នាក់ ចំពោះអ្នកជិះម៉ូតូ និងអត្រាខ្ពស់នៃការមិនបានពាក់មួកសុវត្ថិភាព ពេលមានគ្រោះថ្នាក់នៅតែបន្តកើតមាន។

ប្រការទាំងនេះ ទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប បន្តយកពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួន តាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ដូច្នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតែអំពាវនាវយ៉ាងទទូចដល់ សាធារណជន ពិសេសអ្នកប្រើប្រាស់ផ្លូវគ្រប់រូប បន្តចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យ បានព្រមៗគ្នា ដោយត្រូវបំពេញកាតព្វកិច្ចផ្សេងៗ ដែលច្បាប់បានកំណត់ ប្រកបដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីរួមចំណែកលើកស្ទួយកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សង្គមជាតិយើង។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមស្នើដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត បន្តការរឹតបន្តឹង និងការផ្សព្វផ្សាយអប់រំ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព៕