(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋម ន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ មិនរាថយចំពោះប្រតិបត្តិការការងារមនុស្សធម៌របស់ខ្លួនជាដាច់ខាត បើទោះមានកងទ័ពមួកខៀវកម្ពុជា ១០នាក់ឆ្លង ក្នុងនោះមានម្នាក់បានស្លាប់ដោយសារវីរុសកូវីដ១៩ នៅក្នុងតំបន់បេសកកម្មក្រោមឆត្រ UN ក្នុងប្រទេសម៉ាលីក៏ដោយ ។
ការលើកឡើងបែបននេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងត្រូវជួយជ្រោមជ្រែងជួយអ្នកដទៃ គឺច្បាស់ណាស់វានៅមានការលំបាក ក៏ប៉ុន្តែ អ្នកដែលទៅក៏លំបាកម្យ៉ាង នៅក្នុងនេះ គឺយើងខិតខំមើលថែគ្នាឱ្យមានភាពកក់ក្តៅបំផុត ហើយក៏មានភាពសោកស្តាយណាស់ក្នុងប្រតិបត្តិការ ដែលគ្រោះមហន្តរាយដោយសារការរាតត្បាតជំងឺកូវីដ១៩ ធ្វើឱ្យយុទ្ធមិត្តរបស់យើងបាត់បង់ជីវិតនៅក្នុងប្រតិបត្តិការ ក្នុងស្មារតីរួមចំណែកស្វែករកសន្តិភាព ដល់ស្រុកទេសទាំងនោះ ក៏យើងនៅបន្តប្តូរផ្តាច់នៅជាមួយគ្នា អនុវត្តតាមអ្វីដែលជាការចាត់ចែងគិតគូររបស់អង្គការសហប្រជាជាតិ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា បើទោះបីជាមានការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជា នៅតាមបណ្តាប្រទេសដែលកំពុងតែជួបវិបត្តិសង្គ្រាមស៊ីវិល មានយឺតយ៉ាវដោយសារតែជំងឺកូវីដ ១៩ក្តី ក៏ដំណើរការផ្លាស់ប្តូរកងទ័ពមួកខៀវថ្មី នៅយតែបន្តធ្វើដដែល ប៉ុន្តែ សភាពការណ៍ទាំងនេះ គឺប្រែប្រួលទៅតាមកាលៈទេសៈជាក់លាក់ណាមួយជាដើម។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាសុខទុក្ខរបស់កងទ័ពមួកខៀវកម្ពុជា ដូច្នេះ សូមក្រុមគ្រួសារសាច់ញាត្តិរបស់កងទ័ពកម្ពុជា ដែលកំពុងតែបំពេញប្រតិបត្តិការមនុស្សធម៌ នៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិ នៅតំបន់ផ្ទុះវីរុសកូវីដ១៩ សូមតាំងអារម្មណ៍ឱ្យរឹងមាំ និងជឿជាក់លើរាជរដ្ឋាភិបាល និងអង្គការសហប្រជាតិ ព្រោះតំបន់ទាំងអស់នោះ គឺមានមន្ទីរពេទ្យគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែងណាមួយដែលកើតឡើងដោយយថាហេតុ។
គួរជម្រាបថា គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ មានកងទ័ពមួកខៀវកម្ពុជាចំនួន ១០នាក់ ក្នុងនោះមានស្ត្រីចំនួន ២នាក់ បានឆ្លងវីរុសកូវីដ១៩ ហើយក្នុងចំណោមនោះ មានម្នាក់បានស្លាប់ គឺឧត្តមសេនីយ៍ទោ ស សាវី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
ដោយឡែកទាហានមួកខៀវកម្ពុជា សល់៩នាក់ មាន២នាក់ បានជាសះស្បើយ, ៥នាក់ មានសុខភាពធម្មតា និងមនុស្ស២នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកម្រិត៣ សេនេហ្កាល់ នៅតំបន់បាម៉ាកូ។
កម្ពុជាមានកងទ័ពមួកខៀវចំនួនជិត ៣០០នាក់ បាននិងកំពុងឈរជើងនៅក្នុងតំបន់ចំនួន៦ កន្លែងផ្សេងៗគ្នា នៅសាធារណរដ្ឋម៉ាលី ក្នុងនោះរួមមាន៖ តំបន់ទុមប៊ុកទូ, តំបន់ម៉ប់ទី, តំបន់ហ្គ្រាវ, តំបន់ទេសាលី, តំបន់គីដាល់, និងតំបន់ជីវិនទុស។
បច្ចុប្បន្ននេះ កងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងធំៗ សរុប ៧៨៧នាក់ ក្នុងនោះមាននារីចំនួន ៧៦នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៦រួមមាន៖ លីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី, សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងយ៉េមែន៕