(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបង្ហើបឱ្យដឹងថា រាជរដ្ឋាភិបាលនឹងបន្តសិក្សា និងអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យទៅជារដ្ឋាភិបាលពិសេស ដែលតម្រូវឱ្យមានរចនាសម្ព័ន្ធដោយឡែក និងមានប្រព័ន្ធគ្រប់គ្រង តាមបច្ចេកទេសព័ត៌មានវិទ្យាទំនើប ដែលអាចរៀបចំជារដ្ឋបាលស្វយ័ត នាពេលអនាគត។
ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបង្ហើបឱ្យដឹងយ៉ាងដូច្នេះថា៖ «ចំពោះរាជធានីភ្នំពេញ យើងនឹងបន្តសិក្សា និងអភិវឌ្ឍរដ្ឋបាលនេះ ឱ្យទៅជារដ្ឋាភិបាលពិសេសមួយ ដែលតម្រូវឱ្យមានរចនាសម្ព័ន្ធដោយឡែក និងមានប្រព័ន្ធគ្រប់គ្រង តាមបច្ចេកទេសព័ត៌មានវិទ្យាទំនើប ដើម្បីធានាដល់ការគ្រប់គ្រងការចាត់ចែង និងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបតម្រូវការប្រជាពលរដ្ឋដែលកំពុងមានការកើនឡើងយ៉ាងខ្លាំង»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តថា កម្មវិធីថ្នាក់ជាតិថ្មីនេះ នឹងផ្ដល់អាទិភាពដល់ការពង្រឹងស្ថាប័នរដ្ឋបាលក្រុងស្រុកខណ្ឌ ដើម្បីធានាការរួមសហការជាមួយរដ្ឋបាលឃុំសង្កាត់ ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានមានសមត្ថភាព និងធនធានសមសម្រប សម្រាប់ផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ កម្មវិធីជាតិនេះ ក៏នឹងសិក្សាជម្រើសនានាដើម្បីកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ដើម្បីបែងចែកឱ្យបានច្បាស់លាស់នូវមុខងារ តួនាទី និងការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រភេទនីមួយៗ ដើម្បីដើរតួនាទីជារដ្ឋបាលថ្នាក់តំបន់មានមុខងារ និងការទទួលខុសត្រូវក្នុងនាមជាតំណាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ សម្រាប់ការសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលមូលដ្ឋាន មុខងារសន្តិសុខសណ្ដាប់ធ្នាប់ សេវាសង្គម និងមុខងារពាក់ព័ន្ធនឹងការវិនិយោគ។
ក្រៅពីរៀបចំរដ្ឋាបាលរាជធានីភ្នំពេញ ហើយក្រសួងមហាផ្ទៃ ក៏នឹងរៀបចំរដ្ឋបាលស្វយ័ត នៅតាមបណ្ដាខេត្ត ដើម្បីពង្រឹងភាពជាម្ចាស់ការនៅថ្នាក់ក្រោមជាតិទៀតផង។ «ក្រសួងនឹងសិក្សា ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ក្នុងការផ្ដល់សេវាមានគុណភាពប្រសិទ្ធភាពតម្លាភាព និងបរិយាប័ន្ន និងអាចរកប្រភពចំណូលនានា ដើម្បីពង្រឹងភាពម្ចាស់នៃការប្រើប្រាស់ ធនធាន ហើយក្រសួងក៏នឹងសិក្សាពីជម្រើសនានា ដើម្បីកំណត់សក្ដានុពលនៃខេត្ត ឬក្រុងមួយចំនួន ដើម្បីអាចរៀបចំជារដ្ឋបាលស្វយ័តនាពេលអនាគត»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចក្រឡាហោកម ស ខេង។
សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហើបថា រាជរដ្ឋាភិបាល នឹងបន្តរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិរយៈពេលវែងមួយទៀត ដែលត្រូវចាប់ផ្ដើមឆ្នាំ២០២១តទៅ ដើម្បីធានាបន្តអនុវត្តកំណែទម្រង់នេះឱ្យកាន់តែស៊ីជម្រៅលើកិច្ចការសំខាន់ៗ ដូចជាការបន្តពង្រឹងរដ្ឋបាលក្រង ស្រុក ខណ្ឌ ដែលកំពុងមានបញ្ហាកង្វះខាតថវិកាអនុវត្តមុខងារ បញ្ហាសមត្ថភាពបុគ្គលិក ប្រព័ន្ធកសាងផែនការ បែបបទនីតិវិធី និងទីកន្លែងផ្ដល់សេវាជូនពលរដ្ឋជាដើម។
សម្ដេចបានបញ្ជាក់បន្ថែមថា នៅរយៈពេលចុងក្រោយនេះ យើងបានសម្រេចកិច្ចការធំៗជាច្រើន ប៉ុន្តែទន្ទឹមនឹងនេះ នៅមានកិច្ចការមួយចំនួនទៀតនៅសេសសលដែលចាំបាច់ត្រូវបន្តរៀបចំនូវកម្មវិធីជាតិសម្រាប់កំណែទម្រង់នេះក្នុងរយៈពេលមួយជាកំណត់ជាបន្ត ដោយសារតែនេះជាកិច្ចការថ្មីថ្មោងក្នុងប្រវត្តិសាស្ត្រនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់យើង ដែលទាមទារការអត់ធ្មត់ និងពិចារណាគ្រប់ជ្រុងជ្រោយ ចៀសវាងកំហុសទាំងឡាយណាប៉ះពាល់ដល់ការបំរើសេវាជូនប្រជាពលរដ្ឋ៕