(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ថា លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ជនជាតិថៃ ដែលជាសកម្មជនក្រុមអាវក្រហម បានបាត់ដំណឹងឈឹងពីកម្ពុជា តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ក្រោយពេលដែលលោកបានសុំពន្យារពេលទិដ្ឋាការស្នាក់នៅបាន២ឆ្នាំ។
លោក ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច នៅក្នុងប្រព័ន្ធចេញចូលរបស់ភ្ញៀវដែលមកកាន់ប្រទេសកម្ពុជា គឺឈ្មោះ Wanchalearm Satsaksit បានចេញចូលកម្ពុជាច្រើនដង ហើយនៅមុនឆ្នាំ២០១៥ ជននេះបានមកស្នើសុំពន្យារពេលទិដ្ឋាការស្នាក់ដែលមានសុពលភាពត្រឹមឆ្នាំ២០១៧ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៧មក ជននេះបានបាត់ខ្លួនរហូត ដោយមិនដឹងថាបាត់ទៅទីណាទេ។
លោកបញ្ជាក់ថា៖ «បើបុគ្គលនេះរស់នៅក្នុងកម្ពុជា គឺរស់នៅដោយខុសច្បាប់ហើយ ប៉ុន្តែគាត់ទៅណាក៏យើងមិនបានដឹងតាំងពីពេលនោះមក»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យសាក្សី ឬជនទាំងឡាយដែលមានព័ត៌មានអំពីករណីបាត់ខ្លួន លោក Wanchalearm Satsaksit សូមសហការជាមួយសមត្ថកិច្ច ដោយផ្តល់ព័ត៌មានពិតប្រាកដដល់សមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវ។ លោកបញ្ជាក់ថា តាមច្បាប់អន្តោរប្រវេសន៍ជនបរទេសមិនអាចស្នាក់នៅកម្ពុជា ហួសសុពលភាពទេ ប៉ុន្តែជននេះបានបាត់ដំណឹង។
សូមបញ្ជាក់ថា និស្សិតថៃឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែលជាសកម្មជននយោបាយក្រុមអាវក្រហមថៃ ត្រូវបានកាសែតថៃផ្សាយថា ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ គ្រាដែលសកម្មជនក្រុមអាវក្រហមនេះ រត់ពីប្រទេសថៃ មកស្នាក់អាស្រ័យនៅកម្ពុជា កាលពីឆ្នាំ២០១៤។ បុគ្គលរូបនេះ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃ តាំងពីឆ្នាំ២០១៤ មក។
កាលពីម្សិលមិញ សមាជិកក្រុមអាវក្រហមរបស់ថៃមួយក្រុមតូច បានធ្វើការតវ៉ានៅមុខស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក ដោយទាមទារឱ្យមានការស៊ើបអង្កេតលើករណី លោក Wanchalearm Satsaksit ដែលពួកគេចោទថាត្រូវបានចាប់ពង្រត់រាជធានីភ្នំពេញ៕