(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្រ្តាលី នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បានជួបជជែកគ្នាតាមទូរស័ព្ទដោយពិភាក្សាលើការងារសំខាន់ៗមួយចំនួន។
យោងតាមសេចក្តីជូនព័ត៌មានក្រសួងការបរទេស បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លៀតបញ្ជាក់ជូនលោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីជាថ្មីនូវគោលការណ៍រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅក្នុងទឹកដីកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីពីជំហររបស់កម្ពុជា និងការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីការស្វាគមន៍គ្រប់ប្រទេសមកធ្វើសមយុទ្ធយោធារួមគ្នា ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក នៅមូលដ្ឋានកងទ័ពជើងទឹករាម។
ក្រៅពីបញ្ជាក់នូវជំហរកម្ពុជារឿងមូលដ្ឋានទ័ពបរទេស ដើម្បីឱ្យអូស្ត្រាលីអស់មន្ទិលហើយនោះ ក្នុងជំនួបនេះលោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណអូស្ត្រាលីចំពោះការជួយយកអាសារគ្នាទៅវិញទៅមកដល់ប្រជាជននៃប្រទេសទាំងពីរ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតជាសាកលកូវីដ-១៩។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងប្រមុខការទូតអូស្ត្រាលី បានពិភាក្សាគ្នាអំពីការប្រតិបត្តិពហុភាគីនិយម ដើម្បីបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
ឆ្លើយតបទៅនឹងចំណាប់អារម្មណ៍របស់លោកស្រី ម៉ារីស ផេន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យកិច្ចការនារី, លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងគម្រោងរៀបចំព្រឹត្តិការណ៍ជាច្រើន កម្ពុជាមានគោលបំណងរៀបចំព្រឹត្តិការណ៍មួយស្តីពីស្រ្តី នៅក្នុងសន្តិភាព និងសន្តិសុខ ជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលអាចធ្វើទៅបានក្នុងការលើកកម្ពស់អំណាចរបស់ស្រ្តី។
លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ម៉ារីស ផេន បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់មួយចំនួនទាក់ទងនឹងបញ្ហាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ផងដែរ៕